ខេត្តសៀមរាប ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី កំពុងទទួលបានការជួសជុលដោយអ្នកជំនាញជាស្ដ្រី ហើយមានសភាពដូចប្រាសាទដទៃទៀតដែរ ប្រាសាទបន្ទាយក្ដីរងការខូចខាតដួលរលំ និងទីតាំងខ្លះមានសភាពទ្រុឌទ្រោមខ្លាំង។ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមការជួសជុលខ្លោងទ្វារខាងលិចប្រាសាទដោយក្រុមអ្នកជំនាញជាស្ដ្រី។
បុរាណវិទូ អ្នកស្រី នេត ស៊ីមន នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលកំពុងបំពេញការងារនៅការដ្ឋានខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីឱ្យដឹងថា ស្ថានភាព ជាក់ស្ដែង នៃខ្លោងទ្វារនេះគឺថ្មរំកិលចេញពីទីតាំងដើម រីឯផ្នែកជញ្ជាំងមានភាពរហែកពីខាងក្រោម ទៅលើ។ អ្នកស្រីពន្យល់ពីហានិភ័យនៅការដ្ឋាននោះទៀតថា សភាពថ្មនៅផ្នែកខ្លះស្ទើររបេះធ្លាក់ ដែលអាចមានហានិភ័យខ្ពស់ដល់ទេសចរណ៍ និងទាមទារឱ្យមានការជួសជុលជាបន្ទាន់។
កញ្ញា ហាន សុច្ចរី ស្ថាបត្យករ នៃគម្រោងជួសជុលខាងលើបានសិក្សាលម្អិតលើស្ថានភាពថ្មពុកផុយនៅទីនេះ។ តាមការសិក្សារបស់ស្ថាបត្យកររូបនេះ ការដួលរលំនៃខ្លោងទ្វារនេះមានកត្តាច្រើនដូចជា អាយុកាលនៃថ្ម អាកាសធាតុ និងការបំផ្លាញពីឫសឈើ។ តាមការវាយតម្លៃពីអ្នកជំនាញ ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដីដែលកំពុងស្ថិតក្នុងគម្រោងកំណាយឆ្នាំដំបូង មានស្ថានភាពខូចខាតប្រហាក់ប្រហែល៧០ភាគរយ។
រីឯវិស្វករ កញ្ញា ដយ ពេជ្រជីរ៉ា បានបង្ហើបពីវិធីសាស្ដ្រចំនួន២ដែលក្រុមការងារកំពុងពិចារណា និងរង់ចាំការសម្រេចពីអ្នកជំនាញ ការជាតិ-អន្តរជាតិ។ វិធីទី១-គឺការរើថ្មផ្នែកខ្លះដែលមានហានិភ័យខ្ពស់រៀបចំតម្រៀបឡើងវិញ ទី២-គឺការរើថ្មចោលទាំងស្រុងដើម្បីរៀបចំឡើងវិញ។ ទាក់ទងនឹងប្រវត្តិនៃការជួសជុលវិញ បុរាណវិទូអ្នកស្រី នេត ស៊ីមន លើកឡើងថា ខ្លោងទ្វារខាងលិចនេះមិនធ្លាប់ទទួល ការជួសជុលទេកន្លងមក តែធ្លាប់មានការចុះសម្អាត និងទល់ទ្រដោយប្រើធ្នឹមបេតុង នៅសម័យបារាំងនាឆ្នាំ១៩២០ ហើយក្រោយមកអាជ្ញាធរជាតិអប្សរាជានិច្ចកាលតែងថែទាំ ពង្រឹងទាល់ទ្រ ដើម្បីការពារហានិភ័យផ្សេងៗ។
ចំណុចហានិភ័យដែលមានសភាពថ្មរំកិលញែក ចេញពីគ្នា និងកន្លែងខ្លះរបេះធ្លាក់ផងនោះ ទើបអ្នកជំនាញបង្កើនសមត្ថភាពការងារ និងរំពឹងថាអាចផ្តើមជួសជុលឡើងវិញនៅឆ្នាំក្រោយ បន្ទាប់ពីការងារកំណាយសិក្សាស្រាវជ្រាវ បានបិទបញ្ចប់៕ ដោយ ៖ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ