ខេត្តពោធិ៍សាត់៖ ផ្លូវគ្រួសក្រហមចំនួន៣៨ខ្សែប្រវែង៣៥.៨៨២ម និងលូ៦៣កន្លែង ក្នុងឃុំប្រមោយស្រុកវាលវែង បានធ្វើពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ មិថុនា ឆ្នាំ២០២០ ក្រោមអធិបតី ភាពឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវ។
ពិធីនេះ ប្រារព្ធធ្វើនៅបរិវេណវិទ្យាល័យហ៊ុន សែន ប្រមោយ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការក្នុងស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប១២៦២នាក់។
លោក ហេង សុភាណា អភិបាលស្រុកវាលវែងបានជម្រាបជូនថា ស្រុកវាលវែងមាន០៥ឃុំ មានប្រជាពលរដ្ឋសរុប៣៣.៣៦៩នាក់។ ជាទីប្រជុំជនរបស់ស្រុក មានវិសាលភាពគ្រប់គ្រងរដ្ឋបាលធំទូលាយរហូតដល់ព្រំប្រទល់ស្រុកភ្នំក្រវាញ។ ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ភ្ជាប់ពីផ្លូវជាតិឆ្ពោះទៅកាន់ភូមិឃុំទូទាំងស្រុក ពិសេសភូមិដាច់ស្រយាល ទើបឯកឧត្តម ស៊ុយ សែម និង លោកជំទាវ ជួយកសាងផ្លូវគ្រួសក្រហមជូនគ្រប់ឃុំ សរុបមានចំនួន៥១ខ្សែប្រវែង៨៥.៩២៣ម ក្នុងនោះមានស្ពានបេឡេ០៦កន្លែង ទំនប់បង្ហៀរ០១កន្លែង និងលូ១២៩កន្លែង ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនិងក្រុមការងារចុះមូលដ្ឋាន។ ការសម្ភោធផ្លូវគ្រួសក្រហមចំនួន៣៨ខ្សែក្នុងឃុំប្រមោយនេះ គឺជាលើកចុងក្រោយគេក្នុងចំណោមឃុំទាំង០៥ក្នុងស្រុកវាលវែង។
ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ថា ដោយមានសំណើរពីក្រុមប្រឹក្សាឃុំ ថ្នាក់ដឹកនាំស្រុក និងក្រុមការងារចុះមូលដ្ឋានស្រុកវាលវែង ពិសេសមើលឃើញពីការខ្វះខាតជាក់ស្ដែងផងនោះ ឯកឧត្តមនិងលោកជំទាវបានអំពាវនាវរកថវិការពីសប្បុរសជន និងក្រុមហ៊ុនមួយចំនួន ដើម្បីយកមកធ្វើផ្លូវជូនប្រជាពលរដ្ឋក្នុងឃុំទាំង០៥ក្នុងស្រុកវាលវែង សរុប៥១ខ្សែ ប្រវែង៨៥.៩២៣ម ដោយចំណាយថវិការអស់ជិតមួយលានសែសិបម៉ឺនដុល្លាសហរដ្ឋអាមេរិក ក្នុងនោះថវិការបានមកពីក្រុមហ៊ុននិងសប្បុរសជនចំនួន២៥ម៉ឺនដុល្លា ក្រៅពីនោះគឺជាថវិការរបស់ឯកឧត្តមនិងលោកជំទាវ។ ឯកឧត្តមឲ្យដឹងថា ក្រុមហ៊ុនវារីអគ្គីសនីឫស្សីជ្រុំក្រោមឧបត្ថម្ភ១៨ម៉ឺនដុល្លា, ក្រុមហ៊ុនវារីអគ្គីសនីស្ទឹងពោធិ៍សាត់០៥ម៉ឺនដុល្លា និងក្រុមហ៊ុនជីពម៉ុង ០២ ម៉ឺនដុល្លា។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមបានណែនាំសមាជិកក្រុមការងារគ្រប់ស្រុក ឲ្យខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលតាមលទ្ធភាពដែលយើងអាចធ្វើបាន នូវការខ្វះខាតនិងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់។ គោលនយោបាយគន្លឹះជាយុទ្ធសាស្ត្រ មនុស្ស ទឹក ភ្លើង ផ្លូវ របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមសង្ឃឹមថា ផ្លូវដែលឯកឧត្តមនិងលោកជំទាវធ្វើជូនទាំង០៥ឃុំក្នុងស្រុកវាលវែងនេះ នឹងបានជួយសម្រួលដល់ការធ្វើដំណើរងាយស្រួលជាងមុន ពិសេសដឹកជញ្ជូនកសិផលទៅកាន់ទីផ្សា។ សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋ ជួយជុសជុលថែរក្សាផ្លូវឲ្យនៅល្អជានិច្ចដើម្បីប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះមានជូនផ្លែឈើគណៈអធិបតី ហើយឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានឧបត្ថម្ភសាលាស្រុក០១លានរៀល, កងកម្លាំងទាំង០៣ប្រភេទ០១លានរៀល, ឃុំប្រមោយ៥០រៀល, ពេទ្យ៥០ម៉ឺនរៀល, យុវជនសន្តិភាព៥០ម៉ឺនរៀល, យុវជនកាកបាទក្រហម៥០ម៉ឺនរៀល, យុវជនកាយរិទ្ធិ៥០ម៉ឺនរៀល, គ្រូ៣៩នាក់ម្នាក់ខោអាវមួយកំប្លេ កូតាប០១ សៀវភៅ០៤ក្បាល ប៊ិច០៤ដើម ថវិការ០៥ម៉ឺនរៀល, សិស្ស៦២នាក់ម្នាក់កូតាប០១ សៀវភៅ០៤ក្បាល ប៊ិច០៤ដើម ថវិការ១០.០០០រៀល និងប្រជាពលរដ្ឋចូលរួមទទួលបានក្រមាម្នាក់០១៕
ចែករំលែកព័តមាននេះ