រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញបាននិងកំពុងត្រៀមរៀបចំបញ្ជូនជនជាតិចិន៨នាក់ ភូមាម្នាក់ និងខ្មែរម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជនជាតិចិនចាប់ជនជាតិចិនបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅទុកជម្រិតទារប្រាក់ ។
ជនសង្ស័យទាំង១០នាក់ មាន២នាក់ ជាស្ត្រីខ្មែរម្នាក់ និងស្ត្រីភូមាម្នាក់ រួមមាន ១-ឈ្មោះ ឡូវ ពិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ២-ឈ្មោះ ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ៤-ឈ្មោះ សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ៥-ឈ្មោះ វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ៦-ឈ្មោះ ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន ៧-ឈ្មោះ ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន ៨-ឈ្មោះ ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ៩-ឈ្មោះ ហម ទិបឈី ភេទស្រី អាយុ២៨ ឆ្នាំ ជនជាតិភូមា ១០-ឈ្មោះ ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ។
ទាក់ទិនករណីខាងលើនេះ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថឲ្យដឹងថា កាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានចុះបំបែកសំបុកឆែកឆេរ និងបង្ក្រាបក្រុមជនជនជាតិចិនចាប់ជនជាតិចិនបង្ខាំងទុក នៅក្នុងបន្ទប់ចំនួន៤ ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធា នីភ្នំពេញ ដែលក្នុងនោះសមត្តកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ មានប្រុស៨នាក់ និងស្ត្រី២នាក់ ។
ការចុះបង្ក្រាបករណីខាងលើនោះ គឺសមត្ថកិច្ចធ្វើឡើងតាមពាក្យបណ្ដឹង បងប្រុសជនរងគ្រោះឈ្មោះ XIAO WEN YANG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះម្នាក់មកវិញផងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង១០នាក់ត្រូវបានសមត្ថកិច្ចជំនាញកងរាជអាវុធបាននាំយកទៅសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលនៅទីនោះជនសង្ស័យបានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាពាក់ព័ន្ធ និងការបង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងគោលដៅជម្រិតទារប្រាក់ ស្របទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
ដោយយោងតាមចម្លើយរបស់ជនសង្ស័យ មានភាពស៊ីសង្វាក់ទៅនេងពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១០នាក់ទៅតុលាការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ