ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​យប់​ក្របី​នៅ​គ្រប់​ចំនួន លុះ​ព្រឹក​ឡើង​មេ​ភូមិ​គ្រាន់តែ​បើកទ្វារ​​ក្រោល​ភ្លាម​ភ្ញាក់​តែ​ម្តង

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុងភូមិ ខណៈ​ចោរលួច​ដឹក​ក្របី​អស់​ចំនួន​៣​ក្បាល​ចេញពី​ក្រោល ផ្ទះ​របស់​មេ​ភូមិ ដែល​មិនដឹង​ថា ចោរ​នោះ​លួច​ពី​ពេល​ណា​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៥…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ក្នុងភូមិ ខណៈ​ចោរលួច​ដឹក​ក្របី​អស់​ចំនួន​៣​ក្បាល​ចេញពី​ក្រោល ផ្ទះ​របស់​មេ​ភូមិ ដែល​មិនដឹង​ថា ចោរ​នោះ​លួច​ពី​ពេល​ណា​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ក្របី​ខាងលើ​ឈ្មោះ ណាំង ណឹ​ម ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ មុខងារ​ជា​មេ​ភូមិ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​លោក​មេ​ភូមិ​ដែល​ជា​ម្ចាស់​ក្របី​បាន​រៀបរាប់​ប្រាប់​ថា ជា​រៀងរាល់ថ្ងៃ ឲ្យ​តែ​ម៉ោង​៦ និង​៣០​ល្ងាច​យ៉ាង​យូរ រូប​គាត់​តែងតែ​បញ្ជូន​ក្របី​ដាក់​ទៅ​ក្នុង​ក្រោល ដែល​ខ្លះ​មាន​ចងខ្សែ ខ្លះ​ទៀត​មិន​បាន​ចង​នោះ​ទេ ហើយ​ក្រោល​នោះ គឺ​នៅ​ខាងក្រោយ​ផ្ទះ​របស់​គាត់ ដែល​មាន​ក្របី​សរុប​ទាំងអស់​១៥​ក្បាល ។ ជា​រៀងរាល់ថ្ងៃ ពេល​ព្រឹក​ឡើង​រូប​គាត់​តែងតែ​បញ្ចេញ​ក្របី​ពី​ក្រោល ដើម្បី​ឱ្យ​វា​ដើរ​ស៊ី​ស្មៅ​ជា​តាម​ធម្មតា​។

លោក​មេ​ភូមិ​បន្ត​ថា លុះដល់​ព្រឹក​ឡើង​ថ្ងៃ​កើតហេតុ​នោះ រូប​គាត់​បាន​ទៅ​បើក​ក្រោល ដើម្បី​បញ្ចេញ​វា​ឲ្យ​ដើរ​ស៊ី​ស្មៅ​វិញ ស្រាប់តែ​បាត់​ក្របី​អស់​៣​ក្បាល ក្នុង​នោះ​មាន​មេ​ធំ​២​ក្បាល និង​កូន​តូច​១​ក្បាល ទើប​គាត់​មានការ​ភ្ញាក់​ដឹង​ប្រាកដជា​ចោរលួច​មិន​ខាន ។ ពេល​ឃើញ​ដូច្នេះ​គាត់​ក៏​បាន​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែង​រកមុខ​ចោរ ទើប​ពេល​នោះ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់ និង​ធ្វើ​កំណត់ហេតុ​ទុកជា​ការ​ស្រាវជ្រាវ ។

បើ​តាម​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​ខាងលើ​នេះ ពិតជា​អំពើ​ចោរកម្ម ហើយ​បានជា​មានការ​សន្និដ្ឋាន​បែប​នេះ គឺ​ដោយសារ​តែ​សមត្ថកិច្ច​សំអាង​ទៅ​លើ​ភស្តុ​តាង ជា​ស្នាម​គន្លង​ជើង​ក្របី ដែល​ដេញ​ចេញពី​ក្រោល​ទៅ​ទិស​ខាងកើត រួច​សង្ស័យ​ថា ក្របី​នោះ​ទៅ​ឡើង​ឡាន​ចោរ​ដែល​នៅ​ចាំ​ដឹក​ត្រង់​ចំណុច​ដី​ទូល​ខាងជើង​ផ្លូវជាតិ​លេខ​៦ ចម្ងាយ​៧០​ម៉ែត្រ ពី​ផ្ទះ​ជន​រង​គ្រោះ និង​មាន​ដាន​កង់​រថយន្ត​ចម្ងាយ​ប្រហែល​៧០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក្តី សមត្ថកិច្ច​បាន​និង​កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជនសង្ស័យ​នាំ​មក​ផ្ត​ន្ទ​ទោស​តាម​ផ្លូវច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ