បើអ្នកស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលកំពុងរកការងារ អ្នកត្រូវតែយកចិត្តទុកដាក់លើប្រវត្តិរូបសង្ខេបរបស់អ្នកដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីស្ថាប័នការងារដែលជាគោលដៅរបស់អ្នក ។ វិធីសាស្ត្រមួយក្នុងការធ្វើឲ្យប្រវត្តិរូបអ្នកឈានមុខអ្នកដទៃ គឺការដាក់ជំនាញដែលសំខាន់ៗសម្រាប់សម័យកាលថ្មីនេះ ។
ខាងក្រោម គឺជាមុខជំនាញដែលអ្នកគួរមានក្នុងប្រវត្តិរូបសង្ខេបប្រសិនបើអ្នកចង់បានការងារដែលមានប្រាក់ខែខ្ពស់ បើយោងទៅតាមប្រព័ន្ធសង្គម LinkedIn៖
១. ជំនាញថតវីដេអូ
ជំនាញថតវីដេអូកំពុងតែមានតម្រូវការខ្ពស់ ព្រោះការមើលវីដេអូស្មើនឹង ៨២% នៃសកម្មភាពទាំងអស់ដែលមនុស្សធ្វើលើអ៊ីនធើណេតនៅឆ្នាំ ២០២២ បើយោងទៅតាម Cisco ។
២. ជំនាញផ្នែកលក់
ជំនាញលក់ជួយឲ្យមនុស្សម្នាក់ចេះគ្រប់គ្រងក្រុមការងារ និងមានសមត្ថភាពក្នុងការសហការជាមួយអ្នកដទៃដែលមានមុខតំណែងខុសគ្នាបានល្អ ខណៈដែលអាចលក់ផលិតផល និងសេវាកម្មក្រុមហ៊ុនបានដោយមានប្រសិទ្ធិភាព ។
៣. ជំនាញវិភាគអាជីវកម្ម
ជំនាញនេះបានចាប់ផ្តើមមានសារៈសំខាន់ខ្លាំងកាលពីឆ្នាំមុនព្រោះវាជួយទប់ស្កាត់គម្រោងមួយពីការរបរាជ័យដោយព្យាយាមរកលក្ខខណ្ឌ និងចំណុចដែលចាំបាច់ពីភាគីចូលរួមទាំងអស់ដើម្បីធ្វើឲ្យគម្រោងជោគជ័យ ។
៤. UX Design
ជំនាញនេះជួយដល់ស្ថាប័នការងារឲ្យទទួលបានមនុស្សដែលមានជំនាញបង្កើតផលិតផល និងសេវាកម្មដែលផ្តោតសំខាន់ខ្លាំងទៅលើអតិថិជន ។ ជាលទ្ធផល ផលិតផលថ្មីនឹងមានភាពទាក់ទាញខ្លាំងសម្រាប់អតិថិជន ។
៥. ជំនាញវិភាគទីផ្សារ
ការវិភាគទីផ្សារប្រើទស្សនៈរបស់អតិថិជន និងឧបករណ៍សម្រាប់វិភាគដើម្បីយល់ដឹងបន្ថែមពីតម្រូវការរបស់អតិថិជន ព្រមទាំងផ្តល់នូវដំណោះស្រាយដែលផ្គត់ផ្គង់តាមតម្រូវការរបស់អតិថិជនផងដែរ ៕
ចែករំលែកព័តមាននេះ