រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា មិនត្រូវទុកឲ្យពលរដ្ឋណាស្លាប់ដោយមិនបានដោះស្រាយនោះទេ មិនថា ជំងឺកូវីដ១៩ក៏ដោយ ។ ការបញ្ជាក់របស់សម្តេចតេជោ ខណៈដែល សម្តេចអរគុណសប្បុរសជន និងមន្ត្រីរាជការដែលបានបរិច្ចាគថវិកា និងប្រាក់ខែចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ (Covid-19) ។
សម្តេចបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៦ មេសាយ៉ាង ដូច្នេះក្នុងការរៃអង្គាសមូលនិធិសម្រាប់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ -១៩ បើយោងតាមការការអំពាវានាវកន្លងទៅនេះ គឺគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីឌ-១៩ បានទទួលថវិកាប្រមាណជាង១០លានដុល្លារហើយ ដែលបានមកពីសប្បុរសជនចូលរួមបរិច្ចាគផង និងបូករួមទាំងថវិកាបៀវត្សរ៍ដែលចូលរួមដោយមន្ត្រីរាជការយើងផង ។
ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «កម្ពុជាពេលនេះ គឺកំពុងបញ្ចេញកម្លាំងខិតខំធ្វើការងារ ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើង ។ កុំទុកអោយប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយយើងមិនបានដឹងហើយមិនបានដោះស្រាយ ។ មិនមែនគ្រាន់តែបញ្ហាកូវីដ-១៩ទេ ក៏ប៉ុន្តែយើងត្រូវពិនិត្យមើលប្រជាពលរដ្ឋយើងដែលខ្វះខាតស្បៀង គឺត្រូវផ្តល់ស្បៀងអាហារអោយពួកគាត់បានជាបន្ទាន់ឆាប់បំផុត ។ កុំអោយពួកគាត់ខ្វះស្បៀងអាហារអោយសោះ ក្នុងពេលដែលសភាពការណ៍មានការប្រែប្រួលពីក្រៅប្រទេស និងពីក្នុងប្រទេស គឺត្រូវគ្រប់គ្រងអ្វីៗដែលមានក្នុងប្រទេសរបស់យើង ហើយត្រូវចាត់ចែងនូវធនធានទាំងអស់ដែលមានក្នុងប្រទេសរបស់យើងសម្រាប់ជួយនឹងបម្រើប្រជាពលរដ្ឋរបស់យើងអោយបានទាន់ពេល» ៕
ចែករំលែកព័តមាននេះ