សហរដ្ឋអាមេរិក ៖ មេបញ្ជាការនៃនាវាផ្ទុកយន្តហោះអាមេរិក១គ្រឿង កំពុងតែប្រឈមមុខនឹងការឆ្លងវីរុស COVID-19 ក្នុងនាវារបស់ខ្លួន រួចនាថ្ងៃទី៣១ ខែមីនា ជួបប្រទះនឹងការបដិសេធរបស់មន្ទីរប៉ង់តាហ្គោន ពេលលោកស្នើការអនុញ្ញាតឲ្យជម្លៀសក្រុមនាវិកនៃនាវានោះចេញ ។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោកMARK ESPER ពេលសូរពីលទ្ធភាពនៃការជម្លៀសកងនាវិកចេញ បានឆ្លើយតាមទូរទស្សន៍CBSថា ខ្ញុំយល់ថា យើងនៅមិនទាន់ដល់ដំណាក់កាលធ្វើបែបនេះនៅឡើយ។ នាវាផ្ទុកយន្តហោះនោះបច្ចុប្បន្ន កំពុងស្ថិតនៅកំពង់ផែកោះហ្គាមក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
ក្នុងលិខិតមួយមាន៤ទំព័ររបស់លោក ផ្ញើជូនទីបញ្ជាការដ្ឋានកងទ័ពជើងទឹកអាមេរិក មេបញ្ញាការនាវាផ្ទុកយន្តហោះ USS THEODORE ROOSEVELTលោកBRETT CROZIER ទទួលស្គាល់ថា ការដកចេញកងនាវិកភាគច្រើននៃនាវាផ្ទុកយន្តហោះនុយក្លេអ៊ែរអាមេរិកនោះដែលកំពុងដាក់ពង្រាយ ហើយដាក់ឲ្យនៅដាច់ពីគេរយៈពេល២សប្ដាហ៍ អាចជាវិធានការវិសាមញ្ញមួយ។ ប៉ុន្តែប្រមុខមន្ទីរប៉ង់តាហ្គោនហាក់ពុំយល់ស្របតាមយោបល់នោះឡើយ ។ ប្រមុខមន្ទីរប៉ង់តាហ្គោនថ្លែងថា យើងបានបញ្ជូន កម្លាំងពេទ្យបន្ថែម ព្រមទាំងជំនួយដល់នាវាផ្ទុកយន្តហោះនៅកោះហ្គាមនេះរួចហើយ ។
ក្នុងលិខិតរបស់ខ្លូនមេបញ្ជាការនាវាផ្ទុកយន្តហោះនេះនិយាយថា បានរកឃើញអ្នកឆ្លងវីរុសដំបូង៣នាក់ក្នុងនាវានេះកាលពីសប្ដាហ៍មុន ។ វីរុសបន្តឆ្លងរាលដាលរួចនាវិកប្រមាណជា១០០នាក់ហើយពេលនេះ ធ្វើតេស្តឃើញលទ្ធផលវិជ្ជមាននៃវីរុស។
យោងតាមការរាប់របស់សាកលវិទ្យាល៍យចនហុបគីនថា ជាមួយមនុស្សស្លាប់ជាង៣.៨៥០នាក់ដែលកើនលើសចិន សហរដ្ឋអាមេរិកមានអ្នកស្លាប់ថ្មីដល់ទៅ៨៥០ ចាប់ពីយប់ថ្ងៃទី៣០មីនាមក។ ជាមួយការស្លាប់កាន់តែច្រើនបែបនេះ តុល្យការប្រចាំថ្ងៃនៃចំនួនអ្នកស្លាប់ពេលនេះ ជិតតាមទាន់អ៊ីតាលីនិងអេស្ប៉ាញហើយ។
សេតវិមានបានព្យាករណ៍ថាជំងឺនោះ អាចបណ្ដាលឲ្យមនុស្សស្លាប់រវាងពី១០០.០០០ទៅ២៤០.០០០នាក់នៅសហរដ្ឋអាមេរិក៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ