ខេត្តកោះកុង ៖ អ្នកផ្ទុកមេរោគ Covid-19 ជនជាតិខ្មែរឥស្លាមម្នាក់ ដែលត្រូវបានមន្ទីរពេទ្យខេត្តកោះកុង បានរកឃើញ និងយកមកឱ្យទទួលការព្យាបាល ដោយដាច់ដោយឡែកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ កន្លងមក ត្រូវបានអនុញ្ញាតិឱ្យចេញពីមន្ទីរពេទ្យវិលត្រឡប់ទៅផ្ទះវិញហើយ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ បន្ទាប់ពីទទួលសេវាព្យាបាលអស់រយៈពេល១២ថ្ងៃ ហើយឆ្លងកាត់ការត្រួតពិនិត្យរកមេរោគ ដោយក្រសួងសុខាភិបាល ចំនួន៣លើកចុងក្រោយ ហើយលែងមានមេរោគ ។
លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ដែលបានអញ្ជើញចូលរួម និងចុះសួរសុខទុក្ខផ្ទាល់បានសំដែងការអបអរសាទរដល់បុរសជនជាតិខ្មែរឥស្លាមម្នាក់អាយុ៥៧ឆ្នាំនោះ ដែលមានទីលំនៅឯខេត្តកំពត ហើយចុះមកផ្សព្វផ្សាយកិច្ចការសាសនា នៅខេត្តកោះកុង ។
លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការថែទាំការព្យាបាល ជាកត្តាចាំបាច់មួយ ប៉ុន្តែអ្វីដែលជាបញ្ហាអាទិភាពបំផុត គឺវិធានការការចម្លងថ្មីពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងការអប់រំការពារការចម្លង ព្រោះមេរោគកូវីដ១៩នេះ ឆ្លងតាមផ្លូវដង្ហើម ហើយមានប្រភេទ (Serotype) ផ្សេងៗគ្នា និងកំរិតជាតិពុលរបស់វាក៏ខុសគ្នាដែរ។
ជាមួយគ្នានេះផងដែរ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យជាប្រចាំ ព្រមទាំងគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដោយឡែកព័ត៌មានពាក់ព័ន្ធ និងជំងឺ Covid-19 ត្រូវតាមដានតាមរយៈក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ