រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានចូលមកស្រុកកំណើតវិញ ក្នុងរង្វង់ប្រមាណ១ម៉ឺន៥ពាន់នាក់ ។ ការប្រកាសរបស់សម្តេច ស ខេង នេះ បន្ទាប់ពីប្រទេសថៃបានសម្រេចបិទច្រកព្រំដែនមួយចំនួនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទើបធ្វើឲ្យពលរដ្ឋករខ្មែរធ្វើការនៅថៃ បានសម្រុកចាកចេញមកស្រុកកំណើតវិញ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេច ស ខេង បានបដិសេធសម្លេងថា សម្តេចឲ្យការបិទផ្សារដែលធ្វើឲ្យទំនិញឡើងថ្លៃ ជាការមិនពិត ។ សម្តេចបានលើកឡើងថា សម្តេចបានធ្វើអំពាវនាវដល់មន្ត្រីផ្ទៃក្នុងក្រសួងមហាផ្ទៃថា ជំងឺដែលឆ្លងនោះ ដោយសារអ្នកខ្លះទៅផ្សារ ហើយទិញរបស់ដោយប្រគល់លុយទើបធ្វើឲ្យមានការឆ្លងក៏មាន ។
សម្តេចបញ្ជាក់ថា ៖«មនុស្សភាគច្រើនទៅផ្សារ ហើយកាន់លុយទិញទៅវិញទៅមកដែលអាចធ្វើឲ្យឆ្លងផងដែរ ។ ខ្ញុំនិយាយក្នុងន័យអីចឹងទេ មិនមែនអំពាវនាវដល់ប្រជាពលរដ្ឋថា មានការបិទផ្សារនោះទេ» ។ ជាមួយគ្នានោះដែរ សម្តេចស ខេង ក៏បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរដែលមកធ្វើការនៅប្រទេសថៃ ហើយបានមកស្រុកវិញរយៈពេលមកនេះមានរង្វង់ប្រមាណ១ ម៉ឺន៥ពាន់នាក់ ។
សម្តេចក៏បានលើកឡើងថា ចំពោះការវិលត្រឡប់របស់បងប្អូនពលករខ្មែរមកពីប្រទេសថៃនេះមិនបានធ្វើការត្រួតពិនិត្យសុខភាពអស់ទេ អីញ្ចឹងសម្តេចបានធ្វើសំណើរទៅសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋបាលនៅតាមមូលដ្ឋានទៅជួបពលករទាំងនោះនៅផ្ទះពីស្ថានភាពរបស់គាត់ ។ ក្នុងករណីដែលមានករណីឆ្លងជំងឺកូវីដ១៩នេះ អាចនឹងបិទធ្វើដំណើរនៅក្នុងភូមិ ឬកន្លះភូមិអីចឹងព្រោះថា នៅកម្ពុជាមិនដូចជាប្រទេសគេនោះទេ ។
យ៉ាងណាក្តីសម្តេច ស ខេង ក៏បានលើកឡើងថានៅកម្ពុជាមិនទាន់ឈានដល់ធ្វើការបង្ខាំងមនុស្សមិនឲ្យចេញពីផ្ទះដូចប្រទេសអីតាលី ឬប្រទេសផ្សេងនោះទេ គឺធ្វើការអំពាវនាវសិន ។ ប៉ុន្តែបើនៅប្រទេសផ្សេងបើមិនស្តាប់នឹងមានការផាកពិន័យហើយអាចជាប់គុកទៀត ។ សម្តេចបញ្ជាក់ថា ៖« អាឡូវយើងយកវិធានការពប្រៀបដូចជា ការឃោសនា បោះឆ្នោតអីញ្ចឹង គឺចាក់មេក្រូ ប្រកាសតាមភូមិ រហូដល់ប្រជាពលរដ្ឋយល់ ហើយធ្វើការដូរទីតាំងផ្សេង រហូតដល់ប្រជាពលរដ្ឋយល់» ៕
ចែករំលែកព័តមាននេះ