ខេត្តប៉ៃលិន ៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានស្នើសុំឱ្យមន្ត្រីសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវតែប្រែក្លាយពីចៅហ្វាយទៅជាអ្នកបម្រើស្មោះស្ម័គ្រជូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវការស្រឡាញ់រាប់អានពីសំណាក់ពួកគាត់ផងដែរ ។
លោកអភិបាលខេត្តបានលើកឡើងបែបនេះកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅ សាលប្រជុំសាលាខេត្ត ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
លោកអភិបាលខេត្តបន្តទៀតថា ជាពិសេស សូមយកឱកាសនេះទាញយកនូវចំណាប់អារម្មណ៍ដល់ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និងចៅក្រមផងដែរ ព្រោះតុលាការ ជាអង្គភាពមួយឯករាជ្យ សូមឱ្យធ្វើការកាត់ទោសតាមសេចក្តីយុត្តិធម៌ ។ ប៉ុន្តែនៅពេលខ្លះ ក៏មានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋមួយចំនួនដែរ ដោយពួកគាត់លើកឡើងថា មានការអយុត្តិធម៌ចំពោះខ្លួន ។
លោកអភិបាលខេត្តបញ្ជាក់ថា ទោះបីជាតុលាការស្ថិតក្នុងការឯករាជ្យក៏ដោយ តែយើងទាំងអស់គ្នា គឺស្ថិតនៅក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ ត្រូវតែរួមសហការគ្នាធ្វើកិច្ចការឱ្យបានល្អ និងគោរពច្បាប់រដ្ឋធម្មនុញ្ញ ។ លើសពីនេះ បើគ្មានសន្តិភាព គ្មានគណបក្សប្រជាជនឈរកាន់តំណែងទេ យើងទាំងអស់គ្នា ក៏មិនអាចឈរនៅទីនេះ ទាំងតុលាការ ក៏មិនអាចឈរកាត់ក្តីបានដែរ ដូច្នេះហើយ ទើបយើងត្រូវការសន្តិភាព ត្រូវការគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបន្តទៀត ។ យើងត្រូវតែទទួលខុសត្រូវរវាងការងារបក្ស និងការងារជូនប្រជាពលរដ្ឋ ដោយទទួលខុសត្រូវទាំងផ្នែកបក្ស ផ្នែកក្នុងស្ថាប័នរបស់ខ្លួន ។ ម្យ៉ាងវិញទៀត ត្រូវឱ្យខាងតុលាការ សហការជាមួយនឹងរដ្ឋបាលខេត្តប៉ៃលិន សុំឱ្យកែលម្អគ្នាទៅវិញទៅមក ។
លោកអភិបាលបានបញ្ជាក់ថា ស្ថាប័នតុលាការឯករាជ្យបានតែនៅពេលកាន់សំណុំរឿងកិច្ចការរបស់ខ្លួនប៉ុណ្ណោះ តែត្រូវស្ថិតនៅក្រោមដំបូលរបស់រាជរដ្ឋាភិបាលតែមួយ ។ ដូច្នេះសូមឱ្យព្រះរាជអាជ្ញាធរអមសាលាដំបូងខេត្ត ដែលទើបនឹងប្តូរមកថ្មី ត្រូវតែយកចិត្តទុកដាក់ សាមគ្គីផ្ទៃក្នុង សហការជាមួយរដ្ឋបាលខេត្ត ដោយស្មោះត្រង់ ចាត់វិធានការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនឱ្យទទួលជោគជ័យផងដែរ ។ អ្វីដែលសំខាន់នៅថ្ងៃខាងមុខ គឺខាងខេត្តត្រូវចាត់ឱ្យខាងមន្ទីរមុខងារសាធារណ: ចុះត្រួតពិនិត្យមន្ត្រីតុលាការ ក្របខណ្ឌខ្លះ បែរជាអត់មានការងារធ្វើ តែមន្ត្រីក្រៅក្របខណ្ឌ បែរជាធ្វើការជំនួស ដូច្នេះសូមឱ្យត្រួតពិនិត្យឡើងវិញ ក៏ត្រូវឱ្យពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ និងទប់ស្កាត់ទំនិញគេចពន្ធនៅតាមច្រករបៀងឱ្យបានដាច់ខាត ត្រូវគោរពឱ្យបាន ខ្ជាប់ខ្ជួនទៅតាមគោលការណ៍ច្បាប់ជាធរមាន ។
លោក តូច សុភក្តី អតីតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលកាន់តំណែងនៅក្នុងខេត្តប៉ៃលិន អស់រយ:ពេល៣ឆ្នាំ ហើយត្រូវបានប្តូរទៅកាន់ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកសូមថ្លែងអំណរគុណដល់ប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង និង ក្រុមការងារមន្ត្រីសាលាដំបូង ដែលបានរាប់អាន និងស្រឡាញ់ដល់លោកដូចជាបងប្អូន ក្នុងការធ្វើកិច្ចការជាមួយគ្នាយ៉ាងរលូន ។ លោកបន្តទៀតថា លោកក៏សូមអរគុណដល់អាជ្ញាធរខេត្តប៉ៃលិន មន្ត្រីសមត្ថកិច្ចនគរបាល ដែលបានផ្តល់កិច្ចសហការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើការជាមួយគ្នានៅក្នុងខេត្តប៉ៃលិន ។
លោក គង់ ចាន់ខេមរិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលទើបនឹងប្រកាសតែងតាំងឱ្យកាន់តំណែងព្រះរាជអាជ្ញាខេត្តប៉ៃលិន បានឱ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងធ្វើកិច្ចការងារឱ្យបានល្អប្រសើរ ។ លោកបន្តទៀតថា នឹងត្រៀមលក្ខណ:ជានិច្ច ហើយសង្ឃឹមថានឹងទទួលបាននូវបទពិសោធន៍ល្អៗ ពំណាក់អស់លោក លោកស្រី នៅតាមមន្ទីរនានាក្នុងខេត្ត ។ លោកក៏ប្តេជ្ញាចិត្ត គោរពច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអនុវត្តយុត្តិសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ។ គោរពក្រមសីលធម៌វិជ្ជាជីវ និងបទបញ្ជាផ្ទៃក្នុង និងពង្រឹងផ្ទៃក្នុងឱ្យបានល្អ ដោយសហការជាមួយនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៅគ្រប់មន្ទីរទាំងអស់ ដោយធ្វើការជាមួយគ្នាយ៉ាងរលូន ។
សូមបញ្ជាក់ថា ការប្រកាសនាពេលនេះ គឺត្រូវប្តូរលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ឱ្យទៅធ្វើជាព្រះរាជអាជ្ញាខេត្តឧត្តរមានជ័យ ហើយលោក គង់ ចាន់ខេមរិន ប្តូរពីព្រះរាជអាជ្ញាខេត្តស្វាយរៀង មកធ្វើជាព្រះរាជអាជ្ញាខេត្តប៉ៃលិន ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ