នៅពេលដែលការព្រួយបារម្ភកាន់តែកើនឡើងជុំវិញ ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី អាជ្ញាធររុស្ស៊ីបានចាប់ខ្លួនមនុស្សម្នាក់ពីបទធ្វើត្រាប់តាមរោគសញ្ញានៃវីរុស ហើយដួលលើរថភ្លើងក្រោមដីជាការលេងសើច ។
វីដេអូដែលបានចែករំលែកតាមអ៊ីនធើណេត បង្ហាញយុវជនម្នាក់ពាក់ម៉ាស់នៅលើរថភ្លើងក្រោមដីក្រុងមូស្គូ ហើយធ្វើជាដួល និងប្រកាច់ ខណៈមិត្ដភក្ដិរបស់គាត់ស្រែកទៅកាន់អ្នកដំណើរថា គាត់មានមេរោគឆ្លង ។ អ្នកដំណើរផ្សេងទៀតភ័យស្លន់ស្លោ ហើយផ្លាស់ទីឆ្ងាយពីបុរសនោះ ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីរាយការណ៍ថា ជនសង្ស័យមានឈ្មោះ ខារ៉ូម៉ាទូឡូ ហ្សូបូរ៉ូវ (Karomatullo Dzhaborov) ត្រូវបានប៉ូលីសឃុំខ្លួននៅថ្ងៃទី៨ ខែកុម្ភៈ ពីបទសង្ស័យថាជាជនអគតិនិយម។ បទឧក្រិដ្ឋនេះត្រូវអនុវត្តទោសជាប់ពន្ធនាគារអតិបរមា ៥ឆ្នាំ នៅប្រទេសរុស្ស៊ី ។
វីដេអូនេះត្រូវបានគេបង្ហោះនៅលើគណនីបណ្តាញសង្គមដែលមានឈ្មោះថា kara.prank កាលពីថ្ងៃទី២ ខែកុម្ភៈ។ ចាប់តាំងពីពេលនោះមកវាត្រូវបានគេដកចេញមិនឱ្យមាននៅលើ YouTube និង Instagram ប៉ុន្តែនៅតែអាចត្រូវបានគេមើលនៅលើ Telegram ។
ក្រសួងមហាផ្ទៃរុស្ស៊ីបាននិយាយថាប៉ូលីសក៏បានកំណត់អត្តសញ្ញាណបក្ខពួករបស់គាត់ពីរនាក់ ហើយបានដាក់ពួកគេនៅក្រោមបទបញ្ជាមិនឱ្យចាកចេញពីរដ្ឋធានីរុស្ស៊ី។ តុលាការ Cheryomushkinsky របស់ទីក្រុងមូស្គូបានបញ្ជាឱ្យលោក Dzhaborov ជាពលរដ្ឋនៃប្រទេសតាហ្ស៊ីគីស្ថាន ត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំខ្លួនបណ្តោះអាសន្នរហូតដល់ថ្ងៃទី៨ ខែមីនា។
ប្រទេសរុស្ស៊ីបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ករណីឆ្លងវីរុសនេះចំនួន ២ករណី ត្រូវបានគេរកឃើញនៅចុងបូព៌ាប្រទេសរុស្ស៊ីកាលពីថ្ងៃទី៣១ ខែមករា។ ករណីទាំងពីរនេះពាក់ព័ន្ធនឹងពលរដ្ឋចិន ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ៕
ចែករំលែកព័តមាននេះ