ភាពតានតឹងក្នុងអារម្មណ៍ ក្តីទុក្ខព្រួយនិងការអស់កម្លាំងអាចធ្វើឱ្យស្បែកស្រអាប់និងមើលទៅចាស់ជាងវ័យ ។ ដើម្បីធ្វើឱ្យភាពភ្លឺថ្លារបស់ស្បែកត្រឡប់មកវិញ ចូរអនុវត្តនូវវិធីសាស្ត្រ៤ចំណុចដូចខាងក្រោម ៖
១- ទទួលទានផ្លែឈើនិងបន្លែស្រស់ឱ្យបានច្រើន ៖
រាល់អាហារដែលទទួលទានប្រចាំថ្ងៃគឺសុទ្ធតែមានឥទ្ធិពលលើស្បែក ។ ការទទួលទានបន្លែផ្លែឈើស្រស់ៗនឹងជួយឱ្យស្បែកមានជីវិតរស់រវើកនិងស្រស់បំព្រង ។ ចំណែកឯអាហារដែលសម្បូរដោយប្រូតេអុីននិងវីតាមីននឹងជួយរក្សាស្បែកឱ្យភ្លឺថ្លា ។
២- ប្រើគ្រឿងសម្អាងធម្មជាតិផ្សំដោយខ្លួនឯង ៖
ជំនួសឱ្យការប្រើប្រាស់ផលិតផលថែរក្សាសម្រស់ផលិតពីសារធាតុគីមី គេអាចប្រើផលិតផលធម្មជាតិដើម្បីសម្អាតស្បែកមុខ ។ គេអាចធ្វើល្បាយលាបមុខដោយលាយចូលគ្នានូវ ត្រសក់ ទឹកត្រសក់ស្រូវ និងទឹកក្រូចឆ្មារ២-៣ដំណក់ ខណៈបំបាត់ស្នាមជាំដោយប្រើចំណិតចេកទុំបិទពីលើ ។ ដោយឡែក ប៉េងប៉ោះអាចប្រើទប់ស្កាត់មុនលើស្បែក ។ ចូរលាយបញ្ចូលគ្នានូវទឹកប៉េងប៉ោះចំណុះ៣ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេនិងក្រែមទឹកដោះគោ២ស្លាបព្រាកាហ្វេ ។ ចូរលាបលើស្បែកក្នុងរូបភាពជារង្វង់ ។
៣-ចូរលាងសម្អាតស្បែកដោយទឹកត្រជាក់ ៖
ជានិច្ចកាល ចូរប្រើប្រាស់ទឹកត្រជាក់លាងជម្រះស្បែក (ជាពិសេសស្បែកមុខ)ខណៈទឹកក្តៅអាចធ្វើឱ្យស្បែកស្ងួត ។
៤- ហាត់ប្រាណឱ្យបានទៀងទាត់ ៖
ការបែកញើសពេញខ្លួនមិនត្រឹមតែផ្តល់ផលល្អដល់រាងកាយប៉ុណ្ណោះទេ ប៉ុនែ្តថែមទាំងផ្តល់ផលល្អដល់ស្បែកផងដែរ ។ ចូរចាប់យកប្រភេទលំហាត់ប្រាណណាមួយដែលអ្នកពេញចិត្តហើយរាងកាយអំណោយផល ។ ដោយឡែក ចំពោះការធ្វើលំហាត់ប្រាណបែបសមាធិក៏អាចជួយឱ្យស្បែកភ្លឺថ្លាបានផងដែរ ខណៈលំហាត់ប្រាណប្រភេទនេះបានជំរុញដល់ការចរាចរឈាមក្នុងរាងកាយ ៕
ចែករំលែកព័តមាននេះ