យោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសចិនថា ជនជាតិចិន២៩០នាក់ថែមទៀត ដែលរងការប៉ះពាល់ដោយសារការបះបោរប្រឆាំងចិននៅវៀតណាមបានមកដល់ព្រលានយន្តហោះក្រុងចេងឌូ ភាគនិរតីចិន កាលពីរសៀលថ្ងៃទី១៨ ឧសភា ។
មនុស្សទាំងនោះត្រូវបានធ្វើមាតុភូមិនិវត្តន៍តាមយន្តហោះ២គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន SOUTHERN AIRLINES ដែលជួលដោយរដ្ឋាភិបាលចិន ។ ក្នុងចំណោមជនជាតិចិនទាំងនោះ១៣៥នាក់ជាអ្នករបួសដោយសារអំពើហិង្សានាពេលថ្មីៗនេះ ប្រឆាំងបណ្តាសហគ្រាសចិននិងពលរដ្ឋចិនដែលមានវត្តមាននៅវៀតណាមក្នុងនោះរួមមានបុគ្គលិកនៃក្រុមហ៊ុនស្លដែកចិន CHINA METALL-URGICAL GROUP CORPORATION ផង ។
ជនជាតិចិន២នាក់បានត្រូវស្លាប់ ហើយជាង១០០នាក់ទៀតត្រូវរបួសក្នុងការបះបោរប្រឆាំងចិនដែលផ្ទុះឡើងនៅវៀតណាមកាលពីសប្តាហ៍មុន ។ក្រសួងការបរទេសចិនគូសបញ្ជាក់ កាលពីព្រឹកថ្ងៃទី១៨ ឧសភា ថា ជនជាតិចិនជាង៣.០០០នាក់ ត្រូវបានជម្លៀសចេញពីវៀតណាម កាលពីរសៀលថ្ងៃទី១៧ ឧសភា តាមនាវានិងតាមយន្តហោះ ។ក្រសួងដឹកជញ្ជូនចិនគូសបញ្ជាក់ថា ចិនបញ្ជូននាវា៥គ្រឿងទៅកាន់វៀតណាម នាថ្ងៃទី១៨ ឧសភា ដើម្បីជម្លៀសជនជាតិខ្លួន ។ នាវាដំបូងគេបានចាកចេញនាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៨ ឧសភា ពីកំពង់ផែហៃគូ ទីប្រជុំជនខេត្តហៃណាន់ ។ នាវានោះត្រូវទៅដល់វៀតណាមក្រោយធ្វើដំណើរអស់រយៈពេលពី១៧ទៅ១៨ម៉ោង ។ នាវាជួយសង្គ្រោះមួយគ្រឿងក៏ត្រូវបានបញ្ជូនទៅកាន់ដែនទឹកទាក់ទិនដើម្បីជួយទ្រទ្រង់ក្នុងករណីជួបហេតុការណ៍បន្ទាន់ ចំណែកនាវាសង្គ្រោះមួយទៀតព្រមទាំងឧទ្ធម្ភាគចក្រ១គ្រឿងត្រៀមចាកចេញបន្ត ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិនលោកហុងឡី អះអាងកាលពីថ្ងៃទិ១៨ ឧសភា ថា ប្រទេសចិននឹងផ្អាកគម្រោងផ្លាស់ប្តូរទ្វេភាគីមួយផ្នែកជាមួយវៀតណាមជាការឆ្លើយតបចំពោះអំពើហិង្សាបង្ហូរឈាមប្រឆាំងជនជាតិខ្លួននៅវៀតណាម ។យោងតាមលោកហុងឡីថា ចិនបានបង្កើនកម្រិតប្រកាសអាសន្នសន្តិសុខសម្រាប់បណ្តាអ្នកទេសចរចិននៅវៀតណាមដោយស្នើដល់ពលរដ្ឋខ្លួនកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសនោះ ។
អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា អំពើហិង្សាយា៉ងធ្ងន់ធ្ងរប្រឆាំងបណ្តាសហគ្រាសបរទេសនៅវៀតណាម ចាប់តាំងពីថ្ងៃទី១៣ ឧសភា មក បណ្តាលឱ្យមនុស្សជាច្រើននាក់ត្រូវរបួស ហើយក៏ញាំុងឱ្យបណ្តាពលរដ្ឋចិនរងការបាត់បង់សម្ភារយា៉ងច្រើនផងដែរ ដែលជាការបំផ្លាញបរិយាកាស និងលក្ខខណ្ឌសម្រាប់ការទាក់ទងគ្នា និងកិច្ចសហប្រតិបត្តិការ ។ លោកបន្តថាចិនមានបំណងចាត់វិធានការនានាថែមទៀតយោងទៅតាមការវិវត្តន៍នៃសភាពការណ៍ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ