រាជធានីភ្នំពេញ ៖ មិនខុសពីការគ្រោងទុក កីឡាករកម្ពុជា វ៉ន វីវ៉ា ពិតជាអាចដណ្តើមបានជោគជ័យគួរជាទីមោទនៈក្នុងការប្រកួតនៅលើសង្វៀនទូរទស្សន៍បាយ័ន ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាននោះមែន កាលពីរសៀលថ្ងៃសៅរ៍ ទី១០ ឧសភា ។ អ្វីដែលសំខាន់ គឺកីឡាករថៃ ដែលត្រូវគេអះអាងថា គ្រោងមកសងសឹកឱ្យជនជាតិខ្លួនដែលបានសន្លប់ក្រោមដៃ វ៉ន វីវ៉ា កាលពីចុងខែមេសានោះ ក៏មកទទួលលទ្ធផលសន្លប់ដូចគ្នា ។
ក្នុងការប្រកួតរវាងកីឡាករវ៉ន វីវ៉ា មកពីក្លិបព្រះខ័នរាជ និងកីឡាករ Lamphum Sor Kamsing នៅលើសង្វៀនរោងសៀកនោះ គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលកីឡាករកម្ពុជាបង្គោលក្រហមបានបង្ហាញថ្វីដៃភ្លាមៗធ្វើឱ្យកីឡាករថៃ ដែលមានបំណងចង់បានជ័យជម្នះប្រែក្លាយជាទ័លស្នៀតតាំងពីដើមទីចាប់ផ្តើម ។
ក្នុងការប្រកួតលើកនេះ វ៉ន វីវ៉ា ធ្វើឱ្យអ្នកទស្សនាស្រែកហ៊ោកញ្ជ្រៀវតែម្តង ពិសេសគ្រប់ពេលដែលគេអាចប្រើកែងវាយត្រូវកីឡាករថៃពេញទំហឹង ដែលមានន័យថា ក្បាច់គុន និងបច្ចេកទេសក្នុងការប្រកួតរបស់ វ៉ន វីវ៉ា នៅតែខ្លាំង ហើយមិនធ្លាក់ក្រេឌីតទាល់តែសោះ។ បើធៀបនឹងការប្រកួតរបស់កីឡាករកម្ពុជា៣រូបផ្សេងទៀត គេឃើញយ៉ាងច្បាស់ថា កីឡាកររូបនេះខ្លាំងក្លាជាងគេ និងពិបាកឱ្យគូប្រកួត ពិសេសគឺកីឡាករថៃវាយសម្រុកចូលបាន ។ តាំងពីទឹកទី១ កីឡាករវ៉ន វីវ៉ា មិនទុកកណ្តាប់ដៃដូចជាម៉ាត់ កែង និងទាត់ឆ្វេងស្តាំជាដើមឱ្យទំនេរនោះឡើយ ដោយបានបញ្ចេញឡើងអស់ពីសមត្ថភាពទៅលើកីឡាករថៃ Lamphum Sor Kamsing បើទោះជាមើលឃើញយ៉ាងច្បាស់ថា បើគ្រាន់តែវាយបែបបណ្តែតៗ ក៏ស៊ីផុយកីឡាករថៃរូបនេះដែរ ។
ចំណុចខ្លាំងរបស់ វ៉ន វីវ៉ា គឺវាយខ្លាំងដោយមិនទុកមុខឱ្យគូប្រកួត ហើយបើជាកីឡាករសាសន៍គេផង ពិតជាទក់សាច់បែកឈាមមិនខានទេ គ្រប់ពេលដែលត្រូវប៉ះគេ ។ អ្វីដែលគួរឱ្យកោតសរសើរបំផុត គឺវ៉ន វីវ៉ា មិនដែលលក់ខ្លួននៅលើរេញប្រដាល់ដែលរុញឱ្យការប្រកួតកន្លងមករបស់គេរមែងទទួលជោគជ័យនៅពាក់កណ្តាលទី ។ ភាពអស្ចារ្យនេះ គឺបណ្តាលមកពីគេជាកីឡាករមិនធ្លាប់លក់ឧត្តមគតិទាល់តែសោះ ចាប់តាំងពីមានឈ្មោះល្បីល្បាញនៅលើរេញប្រដាល់ ។ មកដល់បច្ចុប្បន្នមិនទាន់មានកីឡាករកម្ពុជាណាម្នាក់ដណ្តើមបានតំណែងជាកីឡាករគំរូនៅក្នុងពិភពប្រដាល់ឡើយ ពាក់ព័ន្ធនឹងបញ្ហាមិនលក់ឧត្តមគតិនៅលើរេញ បើទោះជាអ្នកជះប្រាក់ខ្លះហ៊ានចំណាយខ្ទង់ពាន់ដុល្លារឱ្យគេលក់ឧត្តមគតិនោះក៏ដោយ ។ នេះជាមោទនភាពមួយដែល វ៉ន វីវ៉ា សម្រេចបាន ហើយធ្វើឱ្យអ្នកគាំទ្រភាគច្រើននៅទូទាំងកម្ពុជាកោតសរសើរ។ បុ៉ន្តែកីឡាកររូបនេះនៅតែជំពប់នូវរឿងដំឡើងឫកដាក់អ្នកកាសែត ក្នុងពេលអ្នកកាសែតខ្លះសុំសម្ភាសន៍ និងសុំថតរូបជាលក្ខណៈបើកចំហនោះដដែល បើយោងតាមការវាយតម្លៃភាគច្រើនពីក្រុមអ្នកសារព័ត៌មាននៅកម្ពុជា ។ ជាក់ស្តែង ក្រោយមានការរិះគន់ គេឃើញកីឡាកររូបនេះ និងនារីជាទីស្រឡាញ់របស់ខ្លួនបានព្រួតគ្នាសរសេរនៅលើ Facebook មិនទទួលស្គាល់ចំណុចអវិជ្ជមានរបស់ខ្លួនទៀតផង ។ អ្វីដែលគេសោកស្តាយ គឺពាក្យសម្តីរបស់ វ៉ន វីវ៉ា បានប្រើពាក្យមកកាន់អ្នកសរសេរហើយភ្ជាប់ឃ្លាថា «… ចង់យ៉ាងម៉េច ?» ដែលមិនខុសពីប្រកាសសង្គ្រាមជាមួយអ្នកកាសែត ហើយមិនទទួលស្គាល់ចំណុចខ្វះខាតរបស់ខ្លួនដើម្បីកែកុន។ ក្នុងនោះក្រុមអ្នកគាំទ្ររបស់គេខ្លះ ក៏បានប្រើពាក្យវាយបកមកកាន់អ្នកកាសែតទាំងទទឹងទិស ក្នុងន័យរុញទូកបណ្តោយទឹកផងដែរ ដែលហាក់់មិនជួយផ្តល់យោបល់ឱ្យមនុស្សដែលខ្លួនគាំទ្រ ធ្វើយ៉ាងណាគេចឱ្យផុតពីការរិះគន់ទាំងនោះសោះ ។ អ្នកឃើញការវាយបករបស់ វ៉ន វីវ៉ា និងនារីជាទីស្រឡាញ់ ព្រមទាំងអ្នកគាំទ្រពីរបីនាក់បានហៅទង្វើនោះថា មិនទទួលស្គាល់ការពិត និងគ្មានចេតនាផ្លាស់ប្តូរចំណុចខ្វះខាតខ្លួនឯង។ ពួកគេទំនងជាភ្លេចហើយថា កីឡាករល្បី គឺជាមនុស្សរបស់មហាជន ដែលក្រៅពីភាពខ្លាំង ក៏ត្រូវមានអត្តចរិតរួសរាយរាក់ទាក់ ពាក្យសម្តីសមរម្យ និងផ្តល់ការសហការប្រកបដោយភាពថ្លៃថ្នូរបន្ថែមទៀតចំពោះមនុស្សនៅជុំវិញខ្លួន ពិសេសគឺអ្នកកាសែតដែលជាកញ្ចក់ឆ្លុះ ។ បើលុបបាននូវភាពចម្រូងចម្រាសជាមួយក្រុមអ្នកកាសែត វ៉ន វីវ៉ា នឹងក្លាយជាកីឡាករតែម្នាក់គត់ ដែលពោរពេញដោយមោទនភាពនាំមុខគេនៅកម្ពុជា ។ ម្យ៉ាងអ្នកកាសែតមិនដែលចង់សរសេរអាក្រក់ពីកីឡាករក្នុងបំណងចង់បានអ្វីនោះទេ ក្រៅពីពញាក់អារម្មណ៍ពួកគេឱ្យផ្លាស់ប្តូរទម្លាប់ ដើម្បីក្លាយខ្លួនជាមនុស្សដែលពោរពេញដោយកិត្តិយស ក្រោយមានឈ្មោះបោះសំឡេងជាកីឡាករល្បី ។ អ្នកកាសែតមានតែស្ថិតនៅពីក្រោយខ្នងទៅវិញទេ នៅពេលកីឡាករមានបញ្ហា និងខ្វះជំនួយណាមួយក្រោយពេលបាត់បង់សមត្ថភាពប្រកួត ។ ជាមួយនឹងការលើកឡើងនេះ គេកំពុងចាំមើលថា កីឡាករវ៉ន វីវ៉ា និងអ្នកគាំទ្រខ្លះនឹងផ្លាស់ប្តូរឥរិយាបថដើម្បីកែកុនចំណុចខ្វះខាតខ្លួនឯង ឬបន្តសង្គ្រាមពាក្យសម្តីទាំងទទឹងទិសបន្តទៀតជាមួយក្រុមអ្នកកាសែត ដែលជាអ្នកនាំពាក្យ និងជាកញ្ចក់ឆ្លុះនូវចំណុចដែលខ្លួនឯងមើលមិនដឹង ? ទោះបីយ៉ាងណា ក្នុងព្រឹត្តិការណ៍ប្រកួតកាលពីថ្ងៃសៅរ៍ ទី១០ ឧសភា វ៉ន វីវ៉ា បានផ្លាស់ប្តូរដោយឱ្យកាមេរ៉ាអ្នកកាសែតបានថតដោយស្រួលផងដែរ ខុសប្លែកពីពេលមុនៗ ៕
ចែករំលែកព័តមាននេះ