ខេត្តកណ្តាល ៖ ផ្តើមចេញពីការទំនាក់ទំនងគ្នាតាមទូរស័ព្ទ រហូតដល់បានណាត់ជួបពេញចិត្តពេញថ្លើមគ្នា ខណៈដែលខាងស្រីមានអាយុត្រឹម១៩ឆ្នាំប៉ុណ្ណោះ បានបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ ហើយសម្រេចចិត្តចាកចេញពីផ្ទះ ដែលមានជីវភាពមធ្យម ទៅរស់នៅជាមួយខាងប្រុសនៅផ្ទះជួលយ៉ាងលំបាកយ៉ាងណាក៏ដោយ ។
ប្រភពបានឱ្យដឹងថា យុវជនជាសង្សារឈ្មោះអ៊ី ណាក់ អាយុ២០ឆ្នាំ ជាកម្មករហាងនំប៉័ង មានស្រុកកំណើតនៅភូមិបាក់ដា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ចំណែកនារីខាងលើឈ្មោះមរកត អាយុ១៩ឆ្នាំ ដោយពួកគេទាំង២នាក់ខ្លាចម្តាយខាងស្រីតាមរកឃើញ ក៏បានមកជួលផ្ទះនៅម្តុំបឹងត្របែក ។
ប្រភពបានបន្តថា កាលពីរសៀលថ្ងៃទី១៨ មីនា ២០១៤ ត្រូវម្តាយរបស់នារីខាងលើបានរកឃើញ ក៏នាំពួកគេមកប៉ុស្តិ៍នគរបាលក្រុងតាខ្មៅ ដើម្បីធ្វើកិច្ចសន្យាកុំឱ្យទាក់ទងគ្នាទៀត ។ តែទោះជាម្តាយនារីនោះអង្វរ.កនាងឱ្យចែកផ្លូវគ្នាយ៉ាងណាក៏ដោយ និងឱ្យវិលត្រឡប់ទៅផ្ទះ ដើម្បីចូលរៀនវិញក៏ដោយ ក៏ពួកគេមិនព្រមដែរ ព្រមទាំងបានយំយ៉ាងក្តុកក្តួលបំផុតនៅចំពោះមុខសមត្ថកិច្ថ ព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ។
គួរបញ្ជាក់ថា កន្លងមកម្តាយខាងស្រីបានព្យាយាមបំបែកពួកគេមិនឱ្យជួបគ្នា និងបានចោទប្រកាន់យុវជននោះថា ជាមនុស្សគ្មានការងារធ្វើ និងប្រើប្រាស់ថ្នាំញៀនទៀត គាត់មិនពេញចិត្តឱ្យនៅជាមួយគ្នាទេ និងព្យាយាមមិនឱ្យពួកគេជួបគ្នាទៀតផង ។ លុះដល់រយៈពេលជាង២ខែក្រោយនេះ ពួកគេទាំង២នាក់បានសម្រេចចិត្តរត់ទៅនៅបន្ទប់ជួលនៅម្តុំបឹងត្របែក ដោយចំណាយថ្លៃបន្ទប់មួយខែ២៥ដុល្លារ ហើយដោយសារតែប្រាក់ខែធ្វើជាកម្មករនៅហាងនំប៉័ងបានត្រឹមតែ៣០ម៉ឺនរៀលប៉ុណ្ណោះ នារីជាសង្សារសុខចិត្តធ្វើការនៅហាងខារ៉ាអូខេនៅរាជធានីភ្នំពេញ គឺធ្វើជានារីបម្រើទឹកកបានប្រាប់ខែ១០០ដុល្លារ ។
ចែករំលែកព័តមាននេះ