ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ បានចាប់ក្មេងស្រីជាអនីតិជនរំលោភតែមិនបានសម្រេច ដោយសារក្មេងស្រីរើបម្រះ ហើយបុរសនោះស្រវឹងស្រាផង ។ ករណីរំលោភសេពសន្ថវៈនេះ បានកើតទ្បើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ មីនា នៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ។
លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ ឱ្យដឹងថា បុរសម្នាក់នោះឈ្មោះ ជា អេង អាយុ៥៨ឆ្នាំ ឯក្មេងស្រីអាយុ១៣ឆ្នាំ រស់នៅក្នុងឃុំជាមួយគ្នា ។ តាមការស៊ើបអង្កេតឱ្យដឹងថា នៅថ្ងៃនោះបុរសឈ្មោះ ជា អេង ស្រវឹងស្រា ហើយបានប្រើល្បិចឱ្យក្មេងស្រីទៅយកថ្នាំនៅឯខ្ទមចាំចម្ការមកឱ្យម្តាយនាងលេប ។ ពេលទៅដល់ស្រាប់តែបុរសនោះ ចាប់រំលោភតែម្តង តែមិនបានសម្រេចទេ ដោយសារនាងរើបម្រះគួបផ្សំនឹងគាត់ស្រវឹងផង ។ នៅចំពោះមុខសមត្ថកិច្ចបុរសឈ្មោះ ជា អេង សារភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីខាងលើ រំលោភមែនតែមិនបានសម្រេចទេ ។ នៅថ្ងៃនោះ គាត់កំពុងអង្គុយដាំបាយម្នាក់ឯងនៅខ្ទមចាំចម្ការដំទ្បូង ខណៈនោះក្មេងស្រីក៏ដើរចូលមកសុំថ្នាំយកទៅឱ្យម្តាយលេប ។ ដោយសារទីនោះស្ងាត់ពុំមានមនុស្សចេញចូលគួបផ្សំនឹងស្រវឹងស្រាផងនោះ ធ្វើឱ្យគាត់មានអារម្មណ៍ចង់រួមភេទ ក៏ចាប់នាងរំលោភតែម្តង ប៉ុន្តែមិនបានសម្រេចទេ ។ បន្ទាប់មក គាត់ក៏ទៅធ្វើការងារធម្មតា ឯនាងក៏ទៅផ្ទះបាត់ទៅ លុះមួយសន្ទុះក្រោយមកស្រាប់តែនគរបាលប៉ុស្តិ៍មកហៅសួរនាំនិងឃាត់ខ្លួនតែម្តង ។
ជនឈ្មោះ ជា អេង ត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី១៤ មីនា ដើម្បីចាត់ការទៅតាមនីតិវិធី ។ គួរបញ្ជាក់ថា ករណីនេះកើតទ្បើងចំថ្ងៃប្រកាសលោក វង សាវ៉េត ជាអធិការនគរបាលស្រុកភ្នំក្រវាញតែម្តង ៕
ចែករំលែកព័តមាននេះ