ទីក្រុងតូក្យូ, ប្រទេសជប៉ុន ៖ ក្រុមហ៊ុនកាមេរ៉ា Canon ដែលជាក្រុមហ៊ុននាំមុខគេក្នុងផ្នែកបច្ចេកវិទ្យាលើវិស័យរូបភាព នៅលើពិភពលោក បានប្រជុំ និងបង្ហាញពីបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនដែលទើបតែនឹងសម្រេចបានការផលិត ព្រមទាំងប្រកាសពីការទទួលជោគជ័យនូវសែស្រឡាយ EOS ពីរបន្ថែមទៀត គឺ EOS 1200D ជាមួយនឹង EF-S 18-55mm IS ll lens និង Macro Ring Lite MR-14EX ll ។
កិច្ចប្រជុំក៏ដូចជាការបង្ហាញនេះ បានធ្វើឡើងនៅការិយាល័យធំរបស់ក្រុមហ៊ុន Canon ស្ថិតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១២ កុម្ភៈ ២០១៤ ដោយមានប្រធានប្រតិបត្តិផ្នែកទីផ្សារ មកពីបណ្តាប្រទេសផ្សេងៗ ដូចជា សាំងហ្គាពួរ បង់ក្លាដេស ឥណ្ឌូណេស៊ី កម្ពុជា មីយ៉ាន់ម៉ា នេប៉ាល់ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននៅទីក្រុងតូក្យូផ្ទាល់ជាច្រើនរូបទៀត ។ មិនតែប៉ុណ្ណោះ ក៏មានអ្នកសារព័ត៌មានមកពីបណ្តាប្រទេសទាំង៦ ខាងលើចូលរួមផងដែរ ។
លោក Masaya Maeda អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Canon Inc បានឱ្យដឹងថា សព្វថ្ងៃនេះ ក្រុមហ៊ុន Canon បានខិតខំពង្រឹង និងកែច្នៃបង្កើតបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីតម្រូវការអ្នកប្រើប្រាស់ ក៏ដូចជាធ្វើឱ្យទាន់សម័យនូវបច្ចេកវិទ្យា ។ ហើយចំពោះទីផ្សារកាមេរ៉ា Canon យើងឃើញថា មានការរីកលូតលាស់ និងកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ នេះដោយសារតែផលិតផលរបស់យើងមានគុណភាពល្អ ដែលអ្នកប្រើប្រាស់អាចទទួលយកបាន ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយើងក៏បានខិតខំប្រឹងប្រែងធ្វើឱ្យបច្ចេកវិទ្យា កាមេរ៉ា ជំនាន់ក្រោយៗនេះ កាន់តែមានភាពទំនើបដែលមិនធ្វើឱ្យអ្នកប្រើប្រាស់ ជាពិសេសអ្នកស្រឡាញ់ការថតរូបខកចិត្តនោះឡើយ ។
ចែករំលែកព័តមាននេះ