ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាបងថ្លៃផឹកស្រាស្រវឹងលបលួចចូលទៅដេកជាមួយប្អូនថ្លៃស្រី ត្រូវម្តាយក្មេកទាន់ចោទប្រកាន់ចាប់កូនស្រីរបស់គាត់រំលោកសេពសន្ថវៈ ប្តឹងសមត្ថកិច្ចនគរបាលស្រុកថ្មពួក ឲ្យចាប់ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៦ មករា ២០១៤ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរងទទួលបន្ទុកការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ សៅ រិទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៤ មករា បានលបលួចឡើងទៅលើផ្ទះម្តាយក្មេក រួចចូលក្នុងបន្ទប់ប្អូនថ្លៃស្រីឈ្មោះ ក.ស អាយុ ១៤ឆ្នាំ រំលោភសេពសន្ថវៈបានសម្រេចម្តង ត្រូវស្ត្រីជាម្តាយក្មេកភ្ញាក់ទាន់ ក៏ហៅអ្នកជិតខាងឲ្យជួយចាប់ និងដឹងឮ រួចប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន។
លោកស្នងការរងបន្តថា តាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះបានប្រាប់ថា ឈ្មោះ សៅ រិទ្ធី ជាបងថ្លៃ បានចាប់បង្ខំនាងរួមរ័ក្សអស់រយៈពេល ១ឆ្នាំ មកហើយ ពេលរួមរ័ក្សម្តងៗ តែងតែគំរាមនាងមិនឲ្យនិយាយប្រាប់នរណា បើមិនដូច្នោះទេគាត់នឹងសម្លាប់នាងចោល រួមទាំងឪពុកម្តាយផងដែរ ទើបរយៈកាលកន្លងមកនាងមិនដែលហ៊ាននិយាយទេ ព្រោះឈ្មៅ រិទ្ធី នេះ ធ្លាប់ដេញកាប់ម្តាយរបស់គាត់។
នៅយប់ថ្ងៃកើតហេតុវេលាម៉ោង ១០យប់ នាងបានដេកលង់លក់ដោយមិនដឹងខ្លួន ពេលដឹងខ្លួនស្រាប់តែឃើញបុរសជាបងថ្លៃនៅដេកលើគ្រែជាមួយនាង និងបានរួមរ័ក្សជាមួយនាងបានសម្រេច ត្រូវម្តាយនាងភ្ញាក់ទាន់ ក៏ស្រែកឆោឡោផ្អើលអ្នកជិតខាងចាប់ប្រគល់ជូនសមត្ថកិច្ច។ បើតាមសម្ដីរបស់ជនជាប់ចោទ បានឲ្យដឹងថា រូបគេ និងប្អូនថ្លៃស្រី នៅយប់កើតហេតុពិតជារួមរ័ក្សបានសម្រេចម្តងមែន ហើយរូបគេ និងនាង បានមានទំនាក់ទំនងធ្លាប់រួមរ័ក្សគ្នាដោយលួចលាក់អស់រយៈ ១ឆ្នាំ មកហើយ។
លោកស្នងការរង បានបញ្ជាក់ថា ទោះជាយ៉ាងណាជនជាប់ចោទត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមផ្លូវច្បាប់ផងដែរ ព្រោះជនរងគ្រោះ គឺជាអនីតីជន៕
ចែករំលែកព័តមាននេះ