ខេត្តព្រៃវែង ៖ ឈើប្រណីតរាប់រយគីឡូក្រាម ដែលបង្កប់នៅក្នុងរថយន្តដ៏ទំនើបមួយគ្រឿង ត្រូវបានកម្លាំងមន្ត្រីគយចល័តប្រចាំការ ផ្លូវជាតិលេខ១និង២១ សហការជាមួយកម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស និងអាវុធហត្ថខេត្តព្រៃវែង ធ្វើការស្ទាក់ចាប់បាន នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចទួលរំពាក់ ក្នុងឃុំរំចេក ស្រុកព្រះស្តេច កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៦ ធ្នូ ២០១៣ ។
សកម្មភាពចុះបង្ក្រាបបទល្មើសឈើប្រណីតខុសច្បាប់នេះ ធ្វើឡើងតាមការចង្អុលបង្ហាញ ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បង្ការនិងបង្ក្រាបបទល្មើសគយ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ព្រាប គារ៉ាត ប្រធានគយចល័តប្រចាំការនៅផ្លូវជាតិលេខ១និងលេខ២១ ។ មុននឹងឈានដល់ការចុះបង្ក្រាបនេះ គីដោយសារមានការរាយការណ៍ពីបណ្តាញ យ៉ាងច្បាស់លាស់ អំពីសកម្មភាពរបស់ក្រុមឈ្មួញ ដែលរកស៊ីឈើប្រណីតខុសច្បាប់នេះ ។
លោក ព្រាប គារ៉ាត បានឱ្យដឹងថា ឈើប្រណីតដែលស្ទាក់ចាប់បាននេះ ជាប្រភេទឈើគ្រញូង និងឈើធ្នង់ មានទម្ងន់ រហូតដល់ទៅ៨១៤គីឡូក្រាម ដែលក្នុងនោះឈើមួយចំនួន ត្រូវបានកែច្នៃជាផលិតផលសម្រេចរួចហើយ និងមួយចំនួនទៀត នៅមិនទាន់បានកែច្នៃនៅឡើយ ហើយត្រូវបានគេវេចខ្ចប់ នៅក្នុងកេសក្រដាសបិទជិត ដឹកតាមរថយន្តម៉ាកធុនដ្រា មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2V-8686 ។
បើតាមការឆ្លើយបំភ្លឺរបស់កម្មករដែលឃាតខ្លួនបានជាមួយរថយន្តនេះ បានឱ្យដឹងថា ពួកគេដឹកឈើប្រណីតទាំងនេះ ចេញមកពីខេត្តបាត់ដំបង ដោយឆ្លងកាត់ច្រកព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ដើម្បីនាំចេញ ទៅប្រទេសវៀតណាម ៕
ចែករំលែកព័តមាននេះ