រាជធានីភ្នំពេញ ៖ នៅដើមឆ្នាំ២០១៤ខាងមុខនេះ តារាចម្រៀង តារាសម្តែង និងតារាបង្ហាញម៉ូដល្បីឈ្មោះមួយចំនួននាំគ្នាចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ដើម្បីបម្រើអារម្មណ៍បងប្អូនខ្មែរយើងរស់នៅទីនោះ ។ ការចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីនេះ គឺហាក់ប្លែកបន្តិច ដោយសារតែទៅជាក្រុមច្រើននាក់ មានលោកយ៉ែម សំអូន និងភរិយាអ្នកនាងយ៉ាន លីនដា កញ្ញាទឹម រដ្ឋា កញ្ញាទឹម វត្តី លោកបឺរី នាងគង់ ច័ន្ទស្រីមុំ និងកញ្ញាមានសូនីតា ។
សម្រាប់ការទៅសម្តែងនៅលើទឹកដីអូស្ត្រាលីនេះ តាមការឱ្យដឹងពីអ្នករៀបចំកម្មវិធីឱ្យដឹងថា ជាការសម្តែងមួយមានលក្ខណៈ
ពិសេសជាងលើកណាទាំងអស់ ពីព្រោះមិនត្រឹមតែដាក់បញ្ចូលការច្រៀងរាំប៉ុណ្ណោះទេ ថែមទាំងតម្រូវឱ្យក្រុមសិល្បករទាំងនោះ ដើរបង្ហាញម៉ូដសម្លៀកបំពាក់ក្រណាត់ប៉ាក់របស់ខ្មែរចែកជូនដល់បងប្អូនខ្មែរនៅទីនោះទស្សនា ។ មិនថាតែជនជាតិខ្មែរយើងទេ សំខាន់ចែករំលែកដល់ជនបរទេសផងដែរ ដើម្បីឈ្វេងយល់ពីការច្នៃម៉ូដរបស់កូនខ្មែរ ដែលសព្វថ្ងៃកំពុងតែទទួលបានការពេញនិយម ។
ពេល ថ្មីៗនេះ តារាសម្តែង និងតារាបង្ហាញម៉ូដល្បីឈ្មោះនាងទឹម រដ្ឋា ឱ្យដឹងថា ក្រុមរបស់នាងទៅសម្តែងលើកនេះ ពិតជាមានសមាជិកច្រើនមែន ។ នេះជាលើកទី១ហើយ ដែលនាំគ្នាទៅសម្តែងនៅបរទេសជាក្រុមច្រើននាក់បែបនេះ ។ បើសុទ្ធតែជាអ្នកល្បីបែបនេះ ពិតជាមានកម្មវិធីប្លែកមិនខាន ព្រោះមិនទាន់ទៅសម្តែងផង នាងឮថា មានរៀបចំការសម្តែង ពិសេសៗនៅទីនោះ ។ អ្វីដែលនាងរំភើបចិត្តនោះ គឺការសម្តែងបែបបង្ហាញម៉ូដ ដែលមិនរំលេចស្នាដៃសម្លៀកបំពាក់បរទេសទេ ពោលជាស្នាដៃរបស់កូនខ្មែរជូនបរទេសមើលកម្សាន្ត ទើបនាងសម្រេចចិត្តចេញទៅសម្តែងនៅទីនោះម្តងទៀត ។
ចំណែកលោកយ៉ែម សំអូន ដែលជាអ្នករួមដំណើរ និងមានផែនការច្រើននៅទីនោះ ព្រោះតែជាកន្លែងភរិយារស់នៅបានថ្លែងថា លោកសប្បាយចិត្ត ដែលបាននាំក្រុមបង្ហាញម៉ូដលំដាប់ប្រទេសចាកចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីម្តងទៀត ក្នុងរូបភាពធំដុំជាងមុន មានតារាល្បីឈ្មោះច្រើនចូលរួម ។ លោកសង្ឈឹមថា ក្រុមរបស់លោក នឹងមានអ្នកឱ្យតម្លៃច្រើន ពិសេសការបង្ហាញម៉ូដសម្លៀកបំពាក់ក្រណាត់ហូលផាមួងរបស់ខ្មែរយើង ៕
ចែករំលែកព័តមាននេះ