ខេត្ដតាកែវ ៖ ការចរចាគ្នារវាងតំណាងកម្មករ-កម្មការិនីនិងថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យ ដែលមានទីតាំងស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង កាលពីថ្ងៃទី១៤ ធ្នូ កន្លងទៅ ហាក់ពុំទទួលបានលទ្ធផលវិជ្ជមានណាមួយនោះទេ ខណៈដែលពួកគេបាននាំគ្នាបិទផ្លូវជាតិលេខ២ ធ្វើឱ្យកកស្ទះចរាចរណ៍ តែក្រោមការសម្របសម្រួលពីអាជ្ញាធរស្រុក-ខេត្ដ ទើបនៅម៉ោង១និង២០នាទីរសៀលថ្ងៃដដែល កម្មករ-កម្មការិនីរោងចក្របានឯកភាពបើកផ្លូវឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ បន្ទាប់ពីបិទផ្លូវជាតិលេខ២អស់រយៈពេលប្រមាណ៥ម៉ោង ។
ប្រភពព័ត៌មានពីតំណាងកម្មករ-កម្មការិនីបានរៀបរាប់ថា មានកម្មករជាង៣០០នាក់បានចោទថៅកែរោងចក្រថា បានរំលោភសិទ្ធិការងាររបស់កម្មករ-កម្មការិនីដោយគេចង់ដក ឬដេញចេញស្រេចតែអំពើចិត្ដ ហើយបានកេងប្រវ័ញ្ចញើសឈាមកម្លាំងពលកម្មរបស់កម្មការ-កម្មារិនី ទើបនៅថ្ងៃទី១៤ ធ្នូ បាននាំគ្នាធ្វើកូដកម្មអត់ចូលធ្វើការ និងបិទផ្លូវជាតិលេខ២ ដើម្បីស្វែងរកដំណោះស្រាយ ។ តំណាងកម្មករ-កម្មការិនីឱ្យដឹងទៀតថា ចំពោះលក្ខខណ្ឌការងារដែលពួកគេបានទាមទារឱ្យថៅកែរោងចក្រអនុវត្ដនោះមានចំនួន១៤ចំណុចគឺ ៖
១-សុំឱ្យក្រុមហ៊ុនផ្ដល់លុយបាយថ្ងៃត្រង់ចំនួន១០ដុល្លារក្នុងមួយខែ
២-កុំឱ្យក្រុមហ៊ុនកាត់លុយធ្វើដំណើរនៅពេលកម្មករសុំច្បាប់
៣-កុំឱ្យក្រុមហ៊ុនកាត់លុយព្រីមសមាមាត្រ
៤-សូមឱ្យក្រុមហ៊ុនបើកលុយថ្លៃបាយក្នុង១អាទិត្យម្ដង
៥-នៅពេលកម្មករធ្វើការបាន៣ខែ ខាងក្រុមហ៊ុនបន្ដកិច្ចសន្យាពេញសិទ្ធិក្នុងការងារ ។
៦-ក្រុមហ៊ុនត្រូវបើកប្រាក់ខែឱ្យអស់នៅម៉ោង៤ល្ងាច ព្រោះកន្លងមកបើកលុយឱ្យកម្មករយឺតយ៉ាវណាស់
៧-ក្រុមហ៊ុនត្រូវដំឡើងប្រាក់ខែធ្វើដំណើរ៣ដុល្លារបន្ថែមទៀត
៨-សូមក្រុមហ៊ុនបញ្ចុះចំនួនដែលក្រុមហ៊ុនបានកំណត់រួចមក
៩-ពេលកម្មករ-កម្មការិនីអូសកាតហើយ មិនជាប់ សូមក្រុមហ៊ុនមេត្ដាជួយសម្រួលនិងធ្វើតារាងវត្ដមានតាមក្រុមហ៊ុនទាំងអស់
១០-សូមឱ្យក្រុមហ៊ុនមានបន្ទប់សម្រាកព្យាបាលឱ្យបានត្រឹមត្រូវ ហើយមានគ្រូពេទ្យនៅប្រចាំក្នុងរោងចក្រ
១១-សូមឱ្យក្រុមហ៊ុនមានគ្រូពេទ្យប្រចាំការក្នុង១ថ្ងៃ២ម៉ោង
១២-សូមក្រុមហ៊ុនជួយសម្រួលដល់ការសុំច្បាប់នៅពេលមានធុរៈផ្សេងៗរបស់កម្មករ-កម្មការិនី និងមិនត្រូវកាត់លុយឡើយ
១៣-ពេលកម្មករ-កម្មការិនីមានជំងឺនិងមានសំបុត្រពេទ្យ ក្រុមហ៊ុនមិនត្រូវរើសអើងទេ
១៤-នៅពេលកម្មករ-កម្មការិនីធ្វើកូដកម្មខាងរោងចក្រមិនត្រូវកាត់លុយអ្វីទាំងអស់ ។ បើសិនលក្ខខណ្ឌងាយៗទាំងអស់នេះខាងរោងចក្រមិនទទួលយកទេនោះ យើងនឹងបន្ដធ្វើកូដកម្មអត់ចូលធ្វើការនិងបិទផ្លូវជាតិលេខ២បន្ដទៀតនៅថ្ងៃទី១៦ ធ្នូ ។
លោក ញ៉ែម ស្រស់ អភិបាលស្រុកសំរោងបានឱ្យដឹងតាមទូរស័ព្ទថា បន្ទាប់ពីខាងកម្មករ-កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ពេទ្យបានធ្វើកូដកម្មបិទផ្លូវជាតិលេខ២ ធ្វើឱ្យកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរទៅមកមិនរួចនោះ លោក ស្រី បេន អភិបាលខេត្ដបានបញ្ជាមកលោកត្រូវធ្វើយ៉ាងណាសម្របសម្រួលរវាងកម្មករនិងថៅកែរោងចក្រឱ្យបានចប់សព្វគ្រប់ ចៀសវាងការរាលដាលកាន់តែធំទៅៗ ហើយលោកក៏បានចុះទៅសម្របសម្រួលដោយមានតំណាងកម្មករ អាជ្ញាធរស្រុក តំណាងថៅកែរោងចក្រនិងលោក យស់ ណាលី អភិបាលរងខេត្ដ តែអត់ទទួលបានលទ្ធផលអ្វីទេ នៅថ្ងៃទី១៤ ធ្នូនោះ តែកម្មករ-កម្មការិនីទាំងអស់បានឯកភាពបើកផ្លូវជាតិលេខ២ ឱ្យធ្វើចរាចរណ៍វិញនៅម៉ោង១និង២០នាទីរសៀល ។
ទោះបីជាបែបណា តំណាងកម្មករ-កម្មការិនីបានព្រមានថា ការសម្របសម្រួលដោយមានអាជ្ញាធរខេត្ដ-ស្រុកមកជួបបែបណា ក៏អត់់មានន័យដែរ ។ ចំណែកមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលជាអ្នកមើលការខុសត្រូវចំពោះកម្មករនោះ អត់ឃើញមកជួយដោះស្រាយទេ ហើយបើសិនជាថៅកែគ្មានដំណោះស្រាយទៅតាមលក្ខខណ្ឌទេ កម្មករប្រមាណជា៣០០នាក់នឹងធ្វើកូដកម្មបិទផ្លូវបន្ដទៀត រហូតដល់មានដំណោះស្រាយដែលអាចទទួលយកបាន ៕
ចែករំលែកព័តមាននេះ