នាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី៩ ធ្នូ បានប្រកាសតាមទូរទស្សន៍ពីការរំលាយសភា ហើយរៀបចំការបោះឆ្នោតមួយឱ្យបានឆាប់រហ័សបំផុត ជាការប៉ុនប៉ងរកច្រកចេញពីវិបត្តិនយោបាយយ៉ាងជ្រៅ តែទោះជាបែបនេះក៏នៅតែពុំអាចរំងាប់ចិត្តពួកបាតុករប្រឆាំងដែលប្តេជ្ញាទម្លាក់រដ្ឋាភិបាលរបស់លោកស្រី ។
មេខ្លោងបាតុកម្មលោកស៊ូថេប ធឿនស៊ូបាន់ ដែលកំពុងមានប្រៀបខណៈដែលបាតុករប្រមាណជា១០០.០០០នាក់កំពុងលើកគ្នាហែក្បួនតាមដងវិថីនានានៃក្រុងបាងកក បានបញ្ចេញប្រតិកម្មចំពោះការប្រកាសនោះរបស់លោកស្រីយីងឡាក់ថា ពួកអ្នកគាំទ្រខ្ញុំចង់បានលើសពីការរំលាយសភានេះទៅទៀត ។ ពួកបាតុករពុំបន្ធូរដៃឡើយចំពោះការទាមទាររបស់ពួកគេ គឺបញ្ចប់ប្រព័ន្ធរបស់ថាក់ស៊ីន ដែលចង់និយាយយោងដល់នាយករដ្ឋមន្ត្រីត្រូវផ្តួលរំលំតាមរយៈរដ្ឋប្រហារមួយកាលពីឆ្នាំ២០០៦ ដោយពួកគេចោទប្រកាន់ថា លោកថាក់ស៊ីន នៅបន្សល់ទុកពួកអាយ៉ងតាមរយៈប្អូនស្រីលោកគឺលោកស្រីយីងឡាក់ ។ លោកស៊ូថេប និយាយថា ការប្រយុទ្ធនឹងបន្តទៀត ។ គោលដៅរបស់យើងគឺរំលើងរបបថាក់ស៊ីន ។ លោកស៊ូថេប ដែលមានឆន្ទៈចង់ជំនួសរដ្ឋាភិបាលលោកស្រីយីងឡាក់ ដោយក្រុមប្រឹក្សាប្រជាជនមួយដោយមិនបាច់បោះឆ្នោតកាលពីព្រឹកថ្ងៃទី៩ ធ្នូ បាននាំមុខក្បួនដង្ហែបាតុកម្មរបស់មនុស្សជាច្រើនពាន់នាក់លើកឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ដោយពួកគេនាំគ្នាផ្លុំកញ្ចែជានិមិត្តរូបនៃការតវ៉ាដែលមានរយៈពេលចាប់តាំងពីជាង១ខែមកហើយ ។
នាវេលារសៀលថ្ងៃទី៩ ធ្នូ មនុស្សជាច្រើនពាន់នាក់បានទៅដល់មុខវិមានរដ្ឋាភិបាលរួចហើយ ។ ពួកបាតុករដែលប្រមូលផ្តុំគ្នាក្រោមទង់គណៈកម្មាធិការនៃការកែទម្រង់ប្រជាធិបតេយ្យបានបដិសេធការរំលាយសភាដែលបើកផ្លូវទៅរកការបោះឆ្នោតថ្មី ។ ពួកគេទាមទារឱ្យលោកស្រីយីងឡាក់ លាលែងចេញពីតំណែង ហើយប្រគល់អំណាចដល់ក្រុមប្រឹក្សាប្រជាជនមួយ ។ ពួកបាតុករបានឡោមព័ទ្ធវិមានរដ្ឋាភិបាលនាព្រឹកថ្ងៃទី៩ ធ្នូ ដោយរង់ចាំក្បួនធំរបស់បាតុកម្មដឹកនាំដោយលោកស៊ូថេប ។ របាំងនានាត្រូវបានដាក់នៅខាងក្រៅវិមានរដ្ឋាភិបាល រួចរហូតមកទល់ពេលនេះនៅពុំទាន់មានការប៉ះទង្គិចគ្នាណាមួយកើតមាននៅឡើយរវាងពួកបាតុករ និងប៉ូលិស ។ យោងតាមសារព័ត៌មានក្នុងស្រុកថា ប្រមុខគណបក្សប្រជាធិបតេយ្យលោកអាប់ ភីស៊ីត វេចាជីវ៉ា ក៏ចូលរួមធ្វើបាតុកម្មដែរ ។
ថ្លែងតាមទូរទស្សន៍ពីការរំលាយសភាដោយរង់ចាំការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រលោកស្រីយីងឡាក់ ឱ្យដឹងថា កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតទូទៅក្រោយការរំលាយសភានោះនឹងសម្រេចនៅពេលក្រោយ ។ លោកស្រីមានប្រសាសន៍ថា ការរំលាយសភាសំដៅប្រគល់អំណាចឱ្យដល់ប្រជាជនវិញក្នុងគ្រាដ៏លំបាកនេះ ។ លោកស្រីសង្ឃឹុមថា គ្រប់គណបក្សទាំងអស់អាចចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ និងថារដ្ឋាភិបាលលោកស្រីនឹងនៅរក្សាទុកដើម្បីបំពេញកិច្ចការប្រចាំថ្ងៃ ។ ចំណែកគណបក្សភឿថៃដែលកាន់អំណាចថ្លែងនាថ្ងៃទី៩ ធ្នូដែរថា លោកស្រីយីងឡាក់ នឹងឈរឈ្មោះក្នុងការបោះឆ្នោតក្រោយពីរំលាយសភា ។ ប្រធានគណបក្សនេះលោកចារុពង្ស រូអាងស៊ូវ៉ាន ថ្លែងថា លោកស្រីយីងឡាក់ ពិតណាស់នឹងឈរឈ្មោះទៀត ព្រោះលោកស្រីធ្វើការជាមួយគណបក្សភឿថៃតាំងពីដើមទីមក ។ លោកស្រីយីងឡាក់ ស្នើរំលាយសភាហើយរៀបចំការបោះប្រជាមតិមួយនាយករដ្ឋមន្ត្រីថៃលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី៨ ធ្នូ បានស្នើរំលាយសភាហើយរៀបចំការបោះប្រជាមតិមួយលើការបង្កើតរដ្ឋាភិបាល ដែលពុំចាំបាច់ឆ្លងកាត់ការបោះឆ្នោតប្រឈមមុខចំពោះបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលបន្តក្នុងទីក្រុងបាងកក ។
ក្នុងសេចក្តីប្រកាសមួយលោកស្រីយីងឡាក់ ថ្លែងថា លោកស្រីនឹងអាចរំលាយសភា រៀបចំការបោះឆ្នោតមុនកាលកំណត់មួយរយៈពេល៦០ថ្ងៃក្រោយការរំលាយសភា ហើយបោះប្រជាមតិមួយទាក់ទិនដល់សំណើរបស់ពួកបាតុករប្រឆាំងរដ្ឋាភិបាលដឹកនាំដោយអតីតឧបនាយករដ្ឋមន្ត្រីលោកស៊ូថេប ធឿកស៊ូបាន់ ។ ការបោះប្រជាមតិនឹងផ្តោតលើការបង្កើតក្រុមប្រឹក្សាប្រជាជនមិនបាច់បោះឆ្នោតមួយស្នើឡើងដោយលោកស៊ូថេប និងអតីតតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យជាច្រើនរូបដែលបានរៀបចំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង១ខែមកហើយ ។
យោងតាមលោកស៊ូថេប ថា ក្រុមប្រឹក្សាប្រជាជននោះនឹងទទួលបន្ទុកជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋាភិបាលមួយដែលពុំចាំបាច់ឆ្លងកាត់ការបោះឆ្នោតដើម្បីដឹកនាំប្រទេស ក៏បុ៉ន្តែលោកស្រីយីងឡាក់ ចាត់ទុកសំណើនោះថាពុំអាចធ្វើទៅបានបើយោងតាមរដ្ឋធម្មនុញ្ញ ។
កាលពីថ្ងៃទី៦ ធ្នូ កន្លងមកនេះលោកស៊ូថេប អំពាវនាវដល់ពលរដ្ឋថៃឱ្យចូលរួមនាថ្ងៃទី៩ ធ្នូ ក្នុងការប្រមូលផ្តុំមនុស្សយ៉ាងធំមួយដែលលោកថា នោះជាការប្រឈមមុខចុងក្រោយជាមួយរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ