ខេត្តសៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នេះពិតជាអាចមើលឃើញយ៉ាងប្រត្យក្សថា សម្បត្តិវប្បធម៌គឺជាដួងព្រលឹងរបស់កម្ពុជា ។ ជាក់ស្តែង«អង្គរ» គឺជានិមិត្តរូបជាតិ ដោយប្រាង្គប្រាសាទអង្គរវត្តដ៏ល្បីល្បាញត្រូវបានផ្តិតនៅលើទង់ជាតិកម្ពុជា ។
ព្រះរាជាណាចក្រកម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលបានដាក់បេតិកភណ្ឌជាតិ និងជាបេតិកភណ្ឌពិភពលោកផងនោះនៅលើទង់ជាតិរបស់ខ្លួន ។ ដូច្នេះ យុទ្ធនាការអង្គរមិនត្រឹមតែជាការអភិវឌ្ឍនិងអភិរក្សបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការរួមចំណែកយ៉ាងពិតប្រាកដក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍កម្ពុជាទៀតផង ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣ នៅសណ្ឋាគារសុខាក្រុងសៀមរាប ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ស្តីពីអង្គរ ដែលជា ព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយនៅក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា ។ សន្និសីទដ៏មានសារសំខាន់នេះ គឺជាការបន្តនូវសន្និសីទលើកដំបូងបង្អស់ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូនៅខែតុលាឆ្នាំ១៩៩៩៣ ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសជប៉ុន ឆ្លើយតបទៅនឹងព្រះរាជបំណងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅពេលដែលព្រះអង្គទ្រង់គង់នៅជាព្រះប្រធាននៃឧត្តមក្រុមប្រឹក្សាជាតិនៃកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍គួរជាទីមោទនៈនេះ ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់រមណីយដ្ឋានអង្គរ (ICC) ដែលបានរួមចំណែកផ្តល់ឋានៈ ដ៏ស័ក្តិសមដល់អារ្យធម៌ខ្មែរនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ជាពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃសម័យកាលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកលូតលាស់នេះ ។ យើងក៏ត្រូវទទួលស្គាល់ជាសាធារណៈថា ជោគជ័យរបស់គណៈកម្មាធិការICC អង្គរ ក្នុងរយៈពេល២០ឆ្នាំ កន្លងមកនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការរួមចំណែកដ៏សំខាន់របស់ប្រទេសជប៉ុន និងប្រទេសបារាំង ដែលបានខិតខំរួមគ្នាក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការនេះ ។ ប្រទេសជប៉ុននិងប្រទេសបារាំង បានបំពេញតួនាទីនេះប្រកបដោយគតិបណ្ឌិត និងប្រកបដោយជវភាព ។
សម្តេចតេជោមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងទិសដៅធានាសម្រេចឱ្យបាននូវគោលដៅដ៏ពិសិដ្ឋនេះ រាជរដ្ឋាភិបាលនីតិកាលទី៥ នឹងបន្តពង្រឹងនិងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបានកន្លងមក តាមរយៈការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដោយអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកស្ទួយនីតិរដ្ឋ ការគោរពសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្លូររបស់មនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សម្រាប់ពង្រឹងបរិស្ថាននយោបាយនិងសន្តិសុខ ដែលអនុគ្រោះដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរយៈពេលវែង ក្នុងន័យនេះលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជន ការជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ប្រកបដោយសមធម៌ និងការអភិរក្សសម្បត្តិវប្បធម៌នៅទូទាំងប្រទេស ។
ឈរលើស្មារតីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់លោក លោកស្រី គណៈប្រតិភូ លោក លោកស្រី ដែលជាតំណាងឱ្យសហគមន៍អន្តរជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះ សូមបន្តការប្តេជ្ញាចិត្តរបស់ខ្លួនសាជាថ្មីបន្ថែមទៀត សម្រាប់សកម្មភាពការងារនៃទសវត្សរ៍ថ្មី ក្នុងការការពារនិងអភិរក្សរមណីយដ្ឋានអង្គរដោយរួមជាមួយនឹងអាជ្ញាធរជាតិអប្សរា ។ ក្នុងនោះចាំបាច់ត្រូវគិតគូររួមគ្នា អំពីវិធីសាស្ត្រ និងការប្រើប្រាស់បច្ចេកវិជ្ជាថ្មីៗថែមទៀត ដើម្បីធានាឱ្យការគ្រប់គ្រងរមណីដ្ឋានបេតិកភណ្ឌពិភពលោកត្រូវបានអនុវត្តទៅតាមក្រមសីលធម៌ និងការប្រតិបត្តិស្តីពីការអភិរក្ស និងការអភិវឌ្ឍ ដូចដែលកំណត់នៅក្នុង«ធម្មនុញ្ញអង្គរ » ។
សម្តេចតេជោបានអំពាវនាវបន្ថែមទៀត ឱ្យមានការចាប់អារម្មណ៍កាន់តែច្រើនចំពោះទីក្រុងនេះ សម្រាប់គោលដៅរមណីយដ្ឋានទេសចរណ៍វប្បធម៌នាពេលបច្ចុប្បន្ននិងអនាគត ។ ជារួម នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងនាំគ្នាយកចិត្តទុកដាក់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិនិងការគ្រប់គ្រងបេតិកភណ្ឌសម្បត្តិវប្បធម៌ ខ្ញុំសូមឱ្យអង្គពិធីត្រូវបន្តគិតគូរឱ្យបានទូលំទូលាយគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅដោយផ្សារភ្ជាប់គ្នារវាងការគ្រប់គ្រងបេតិកភណ្ឌសម្បត្តិវប្បធម៌ និងការកាត់បន្ថយភាពក្រីក្រ ដែលផ្តល់ជាតម្លៃសេដ្ឋកិច្ចមួួយរឹងមាំ ឆ្លើយតបបានទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព ។
សមាសធាតុសំខាន់និងមិនអាចផ្តាច់ចេញពីគ្នាបានចំនួន៤ ដែលបង្កើតបានជាទេសភាពអង្គរនេះ គឺប្រាសាទ ទឹក ព្រៃឈើ និងប្រជាជន ។ ចំពោះមុខ គឺយើងត្រូវរួមគ្នាគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសមាសធាតុទាំងអស់នេះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើដល់អាជ្ញាធរជាតិអប្សរា និងអ្នកជំនាញវ័យក្មេងកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរួមប្រយុទ្ធប្រឆាំងនឹងការពុកផុយនៃថ្មប្រាសាទ និងការខូចខាតរូបចម្លាក់ ដែលអាចបង្កឡើងដោយការបំពុលបរិយាកាស ។
សម្តេចតេជោបានទាញការចាប់អារម្មណ៍ដល់អង្គសន្និសីទទាំងមូលថា ទោះបីជាមានការព្រួយបារម្ភអំពីហានិភ័យនានាចំពោះរមណីយដ្ឋាន និងប្រាង្គប្រាសាទ ដែលបណ្តាលមកពីចំនួនភ្ញៀវទេសចរមកទស្សនាច្រើនលើសលប់ក៏ដោយ ក៏យើងគប្បីមានការប្រុងប្រយ័ត្ន ដោយមិនត្រូវយល់ក្នុងន័យអវិជ្ជមានណាមួយចំពោះកំណើនខ្ពស់នៃចំនួនភ្ញៀវទេសចរនោះឡើយ ។ រមណីយដ្ឋានអង្គរមានផ្ទៃក្រឡាសរុបរហូតដល់ទៅ៤ម៉ឺនហិកតា ហើយប្រាង្គប្រាសាទ ដែលភ្ញៀវទេសចរអាចមកទស្សនាយ៉ាងច្រើន សំខាន់ស្ថិតនៅត្រង់ថា តើត្រូវធ្វើយ៉ាងណា ដើម្បីគ្រប់គ្រងបែងចែកលំហូរភ្ញៀវ និងរៀបចំទីកន្លែងឱ្យភ្ញៀវទេសចរបានមកទស្សនារមណីយដ្ឋាននេះប្រកបដោយរបៀបរៀបរយ ។
លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ ស្តីពីអង្គរ មានប្រសាសន៍ថា យើងអាចនិយាយបានថា ឆ្នាំ២០១៣ ដែលនឹងត្រូវបញ្ចប់នាពេលខាងមុខ គឺជាឆ្នាំដែលពោរពេញទៅដោយជោគជ័យដ៏ត្រចះត្រចង់សម្រាប់វិស័យបេតិកភណ្ឌនៅកម្ពុជា ហើយវានឹងដក់ជាប់យ៉ាងជ្រាលជ្រៅនៅក្នុងការចងចាំរបស់យើងទាំងអស់គ្នា ។
លោកបណ្ឌិតសភាចារ្យមានប្រសាសន៍បន្តថា ជាក់ស្តែងកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣ កន្លងទៅនេះ សម័យប្រជុំពេញអង្គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ និងនៅសៀមរាប អង្គរនេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិ ដ៏ធំផ្នែកបេតិកភណ្ឌវប្បធម៌និងធម្មជាតិសម្រាប់អង្គការយូណេស្កូ ក៏ដូចជាសម្រាប់សមាជិកទាំង១៩០ប្រទេស ដែលជារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ១៩៧២ ព្រមទាំងសម្រាប់ស្ថាប័នពិគ្រោះយោបល់សំខាន់ៗដូចជាICCROM , IUCN និង ICOMOS ផងដែរ ។
លោកបណ្ឌិតសភាចារ្យបញ្ជាក់ថា ថ្ងៃទី៥ ធ្នូ នេះគឺជាព្រឹត្តិការណ៍មួយទៀតនៃឆ្នាំបេតិកភណ្ឌ២០១៣ បន្ទាប់ពីសន្និសីទលើកទី១នៅខែ តុលា ឆ្នាំ១៩៩៣ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ និងសន្និសីទលើកទី២ នៅវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងបា៉ារីស និងសន្និសីទអន្តររដ្ឋាភិបាលលើកទី៣ស្តីពីអង្គរត្រូវបានប្រារព្ធឡើងនៅពេលនេះ នៅទីក្រុងសៀមរាប ដែលជាច្រកទ្វារទៅកាន់រមណីយដ្ឋានអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ ។
លោកបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា អង្គសន្និសីទនេះ គឺជាវេទិកាសម្រាប់យើងទាំងអស់គ្នាក្នុងការបន្តជាឱឡារិកនូវការប្តេជ្ញាចិត្តរបស់យើង និងការបន្តដោយឥតងាករេ នូវមាគា៌ដែលយើងទាំងអស់គ្នាបានត្រួសត្រាយ និងធ្វើដំណើររួមគ្នា អស់រយៈពេល២០ឆ្នាំ មកហើយ នៅក្នុងក្របខណ្ឌនៃICCអង្គរ ។ ជាការពិត យើងនឹងបន្តការងារនៅលើមាគា៌ដ៏ត្រឹមត្រូវនេះ និងបំពេញការងារនេះឱ្យបានសម្រេចជោគជ័យ ។
ប៉ុន្តែបច្ចុប្បន្ននេះ យើងបានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលនៃការបំពុលបរិស្ថានលើរមណីយដ្ឋាន និងក្នុងការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ។ ចំពោះបញ្ហានេះ យើងនឹងរួមគ្នារិះរកវិធីសាស្ត្រ និងមធ្យោបាយនានា ដើម្បីធានានូវការគ្រប់គ្រងរមណីយដ្ឋានអង្គរប្រកបដោយចីរភាពគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សាពីបញ្ហាប្រឈមនានា និងធ្វើការវិភាគអំពីទិដ្ឋភាពផ្សេងៗរបស់បញ្ហាទាំងនោះ ៕
ចែករំលែកព័តមាននេះ