ខេត្តប៉ៃលិន ៖ បុរសជាយោធាម្នាក់ផឹកស្រាស្រវឹងជោកបើករថយន្តកាមរីឆ្លាមដឹកស្រីស្នេហ៍ចំនួន២នាក់ក្នុងទិសដៅពីកើតទៅលិចបម្រុងទៅលេងល្បែងនៅកាស៊ីណូផ្សារព្រំ តែដោយជាប់រវល់សាសងគ្នានៅលើរថយន្តភ្លេចខ្លួនក៏រេចង្កូតទៅខាងស្តាំដៃជ្រុលទៅបុកបង្គោលរោងជួសជុលរថយន្តបាក់អស់១ដើមខូចស្លាកយីហោ និងជ្រុលទៅបុកបង្គោលភ្លើងអគ្គិសនីបាក់១ដើម រួចជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបាក់សសរស៊ីម៉ង់ត៍១ដើម និងបែកកញ្ចក់ទ្វារផ្ទះអស់ចំនួន៤ផ្ទាំង ចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុងផ្ទុះកង់មុខខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ធ្នូ ២០១៣ លើដងផ្លូវជាតិលេខ៥៧ក្បែរចំណតរថយន្តថ្មីក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
អ្នកបើកបររថយន្តត្រូវគេស្គាល់ឈ្មោះប៊ឹង ចាន់ធូ ភេទប្រុស អាយុ៣៨ឆ្នាំ ជាយោធា រស់នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បើករថយន្តម៉ាកកាមរីឆ្លាម ស៊េរីឆ្នាំ១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២H៩១១៦ រងការខូចខាតផ្នែកខាងមុខទាំងស្រុង បែកពោងការពារចំនួន២ បែកកង់មុខខាងឆ្វេង។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជើងគោកនៃអធិការដ្ឋានក្រុងប៉ៃលិនបានធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់៕





ចែករំលែកព័តមាននេះ