រាជធានីភ្នំពេញ ៖ ជាងម៉ាស៊ីនត្រជាក់២នាក់បានឡើងលើអគាររោងចក្រដែលទើបនឹងសាងសង់ថ្មីដើម្បីដំឡើងម៉ាស៊ីនត្រជាក់នៅតាមជញ្ជាំងកម្ពស់ប្រមាណ១០ម៉ែត្រ ហើយចៃដន្យស្រាប់តែបាក់រន្ទារបណ្តាលឱ្យធ្លាក់មកដីរងរបួសធ្ងន់បាក់ជើងទាំង២នាក់ ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២៩ វិច្ឆិកា ២០១៣ នៅក្នុងរោងចក្រទី៩ ដែលទើបនឹងសាងសង់ថ្មីមានទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្មវឌ្ឍនៈ២តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។
ជាងម៉ាស៊ីនត្រជាក់រងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះលី ហូវ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឈ្មោះហូ ពីណា ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងស្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ពួកគេស្នាក់នៅផ្ទះជួលភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ចែករំលែកព័តមាននេះ