រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញលើសចំណុះមួយគ្រឿងបានក្រឡាប់កប់ភក់ចាក់ទំនិញរាយពេញផ្លូវកាលពីវេលាម៉ោង១១ និង៥៥នាទីយប់ ថ្ងៃទី២៧ វិច្ឆិកា នៅមុខដីឡូត៍កំពុងសាងសង់មួយកន្លែងតាមផ្លូវជាតិលេខ១ ក្នុងភូមិត្រពាំងឈូក សង្កាត់នោរធ ខណ្ឌមានជ័យ បណ្តាលឱ្យអ្នករួមដំណើរជាមួយរងរបួសធ្ងន់ និងស្រាល ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តប្រភេទយីឌុបម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៣A៦៨១០ ដឹកទំនិញសំពីងសំពោងពេញរថយន្តពីប្រទេសវៀតណាមមកភ្នំពេញ ដោយមានអ្នករួមដំណើរជាមួយ២នាក់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចខាងលើផ្លូវវាងស្រុតផ្អៀងមួយចំហៀងខាងឆ្វេងទាប និងខ្ពស់ផ្នកខាងស្តាំ ហើយដោយសាររថយន្តបើកលឿនដឹកទំនិញខ្ពស់ពេកបណ្តាលឱ្យយោលក្រឡាប់ទៅខាងស្តាំដៃបោកនឹងបង្គោលភ្លើងទ្រេត ចំណែកអ្នកជិះលើរថយន្តធ្លាក់កប់ភក់រងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។
ប្រភពបានឱ្យដឹងទៀតថា អ្នករបួសធ្ងន់ឈ្មោះឃិន ថាវី ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ បានសុំរថយន្តដឹកទំនិញនេះជិះពីផ្ទះក្នុងគោលបំណងទៅធ្វើការសំណង់នៅភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌមានជ័យ៕
ចែករំលែកព័តមាននេះ