សម្តេចហ៊ុន សែន ជាអ្នកនយោបាយដែល មានភាពចាស់ទុំ និងមានជំហរប្រកបដោយព្រហ្មវិហារធម៌ក្នុងនាមជាថ្នាក់ដឹកនាំកម្ពុជាដែលមានសីលធម៌ខ្ពង់ខ្ពស់ និងថ្លៃថ្នូរបានប្រកាសកាលពីពេលថ្មីៗនេះ ជាចំហថា សម្តេចមិនចងអាឃាតជាមួយនឹងលោកសុនធិ លឹមថងគុន ដែលជាមេដឹកនាំក្រុមសម្ព័ន្ធមិត្តប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ ឬក្រុមអាវលឿងនោះទេ ថ្វីបើបុគ្គលនេះ បានប្រើពាក្យសំដីអសុរោះ ខ្វះសីលធម៌ និងបានប្រព្រឹត្តអំពើដ៏ស្មោកគ្រោកប្រមាថយ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់សម្តេច និងបានធ្វើមន្តអាគមបែបភ្លីភ្លើដោយយករូបថតសម្តេចទៅបិទនឹងដើមចេក ហើយយកដាវទៅកាប់ចោលក៏ដោយ ។
«អ្នកឯងប្រមាថខ្ញុំៗ មិនប្រមាថអ្នកឯងទេ។ខ្ញុំបន់ឱ្យអ្នកឯងរស់ ដើម្បីអ្នកឯងមើលឃើញ សកម្មភាពនៅពេលខាងមុខទៀត» ។ ប្រសាសន៍របស់សម្តេចមួយឃ្លានេះ ពិតជាបានឆ្លុះបញ្ចាំងពីតំលៃនៃគុណធម៌ដ៏ថ្លៃថ្លារបស់មេដឹកនាំកម្ពុជាតំណាងឱ្យជាតិសាសន៍មួយដែលមានវប្បធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ខុសពីជាតិសាសន៍ជាតិដទៃ។មិនតែប៉ុណ្ណោះ សម្តេចក៏បានអំពាវផងដែរ ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសឱ្យប្រកាន់ខ្ជាប់ខ្ជួននូវភាពថ្លៃថ្នូរ បើទោះបីជាមានការឆ្លើយតបដោយយថាហេតុណាមួយទៅលោកសុនធិ វិញនោះក៏ដោយ ព្រោះថា ប្រជាជនកម្ពុជាជាជាតិសាសន៍ដែលមានសីលធម៌ខ្ពង់ខ្ពស់ ដាច់ខាតមិនត្រូវធ្វើការឆ្លើយតបណាមួយដោយទទឹងទិសនោះទេ បើទោះបីជាលោកសុនធិ លឹមថងគុនបានប្រមាថធ្ងន់ធ្ងរដល់រូបសម្តេចក៏ដោយ ។ នេះមិនខុសអ្វីទៅនឹងសុភាសិតខ្មែរមួយបានពោលថា «ពៀរត្រូវរំងាប់ដោយការមិនចងពៀរ» ។
បើទោះបីជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនចងពៀរជាមួយនឹងសុនធិ លឹមថងគុន ក៏ដោយ ក៏មិនប្រាកដថា លោកសុនធិគ្មានសត្រូវដែរព្រោះថា មេដឹកនាំរូបនេះ បានប្រព្រឹត្តនូវអំពើព្រៃផ្សៃជាច្រើនទៀតទៅលើប្រជាជនថៃស្លូតត្រង់ដែលជាជាតិសាសន៍របស់ខ្លួននោះ ។ កត្តានេះហើយ ទើបធ្វើឱ្យលោកសុនធិមានសត្រូវនៅជុំវិញខ្លួនយ៉ាងច្រើន រហូតដល់អ្នកខ្លះជេរប្រទេចលោកថា ជា«អាក្បាលជ្រូកខ្វៃសែនអ្នកតា» ទៀតផង ។
ដោយសារតែទង្វើដ៏ស្មោកគ្រោកជាច្រើនរបស់សុនធិ ដែលបានសាងមកនោះ ទើបកាលពី ថ្ងៃទី១៧ មេសា ឆ្នាំ២០០៩ កន្លងទៅ លោកសុនធិ ត្រូវរងនូវការបាញ់ប្រហារទាំងកណ្តាលទីក្រុងបាងកកជាង៦០គ្រាប់ ពីសំណាក់ក្រុមជនមិនស្គាល់អត្តសញ្ញាណ តែសំណាងល្អលោកបានគេចផុតពីចង្កូមមច្ចុរាជរបស់ក្រុមខ្មាន់កាំភ្លើងទាំងនោះ ។ពិតណាស់ថា ក្រុមខ្មាន់កាំភ្លើងមិនបានសំរេចក្នុងការឆក់យកជីវិតរបស់លោកសុនធិ ព្រោះតែទឹកដោះម្តាយថ្លៃ តែក៏អាចជាសារមួយសំរាប់លោកសុនធិ ក្នុងការកែខ្លួនពីចរិតព្រៃផ្សៃ ។ ប៉ុន្តែលោកសុនធិ ជាមនុស្សដែលមិនទាន់ឃើញក្តារមឈូសមិនស្រក់ទឹកភ្នែក ។ ដូច្នេះ ទឹកដោះអ្នកម្តាយលោកថ្លៃដល់ពេលណានោះពិតជាគ្មាននរណាម្នាក់អាចដឹងមុននោះទេ ព្រោះថា មកទល់ពេលនេះ ឃាតកខ្មាន់កាំភ្លើងទាំងនោះស្ថិតនៅក្រៅសំណាញ់ច្បាប់នៅឡើយ ដូច្នេះសូមលោកសុនធិ គួរតែប្រយ័ត្នផង ព្រោះគ្រាប់កាំភ្លើងពិតជាមិនស្គាល់លោកសុនធិ លឹមថងគុន ជាមេដឹកនាំអាវលឿង ឬនរណានោះទេ ។
លោកសុនធិ បានតាំងខ្លួនជាអ្នកស្នេហាជាតិថៃយ៉ាងជ្រាលជ្រៅបំផុត ក្នុងការទាក់ទាញការគាំទ្រពីសំណាក់ប្រជាជនថៃទូទៅ។ ផ្ទុយទៅវិញជនជាតិថៃភាគច្រើនលើសលប់បានកាត់សេចក្តីយ៉ាងយុត្តិធម៌បំផុត តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាក្រុងបាងកកកាលពី ថ្ងៃទី២៩ សីហា ដែលធ្វើឱ្យអតីតមេបក្សកានមឿងម៉ៃ របស់សុនធិ លឹមថងគុន ដែលគណ បក្សនេះបច្ចុប្បន្នមានចំណងយ៉ាងស្អិតរមួតជាមួយនឹងចលនាក្រុមអាវលឿងដឹកនាំដោយអតីតមេដឹកនាំគ្មានសីលធម៌រូបនេះ ទទួលនូវក្តីអាម៉ាស់ងើបមុខមិនរួច ព្រោះថា សូម្បីតែជើងកៅអីក្រុមប្រឹក្សាខណ្ឌ ឬក្រុមប្រឹក្សាក្រុងបាងកកមួយក៏គ្មានដែរក្នុងចំណោមអាសនៈជាង៦០ក្នុងក្រុមប្រឹក្សាទាំងពីរនេះ។
នេះបានពិតជាទេវតាបរាមុខមែនព្រោះថា នៅពេលយីអ៊ុនដាក់ អារក្សជាន់ថែមទៀត ព្រោះថា កាលពីថ្ងៃទី២ ខែកញ្ញា កន្លងទៅនេះ លោកសុនធិ លឹមថងគុន បានត្រូវតុលាការព្រហ្មទណ្ឌរបស់ថៃកាត់ទោសលោកឱ្យជាប់គុករយៈពេលប្រាំមួយខែ និងពិន័យជាប្រាក់ពីរម៉ឺនបាតពីបទបរិហារកេរ្តិ៍ លោកអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានក្រុមលោកសុនធិបណ្តេញចេញពីអំណាចកាលពីខែមិថុនា ឆ្នាំ២០០៦។ ប៉ុន្តែទោសជាប់គុករបស់លោកសុនធីនោះត្រូវតុលាការព្យួរក្នុងរយៈពេលពីរឆ្នាំ។
ដូច្នេះ តាមរយៈហេតុការណ៍ថ្មីបំផុតទាំងពីរខាងលើល្មមលោកសុនធិ អាចយកទៅពិចារណាបានហើយថា បច្ចុប្បន្នជាសតវត្សទី២១មិនមែនជាសម័យបុព្វកាលទៀតឡើយ។ មនុស្សជាតិទូទៅត្រូវការអំពើល្អ និងសីលធម៌ជាចម្បង មិនមែនភាសាស្មោកគ្រោក ខ្វះសីលធម៌ គ្មានវិចា រណញ្ញាណ និងការដុតកំហឹងជាតិនិយមជ្រុលបណ្តាលឱ្យផ្ទុះសង្គ្រាមផ្ទៃក្នុង និងបង្កជំលោះជាមួយប្រទេសជិតខាងដូចអ្វីដែលជាការស្រវឹងប្រវត្តិសាស្ត្រជ្រុលហួសហេតុរបស់សុនធិនោះទេ។ បើគិតពីអាយុ សុនធិពិតជាមានវ័យចំណាស់ជាងសម្តេចហ៊ុន សែន បន្តិចមែន ប៉ុន្តែបើនិយាយអំពី ជីវិតនយោបាយ សុនធិពិតជាពិបាកនឹងធ្វើការប្រៀបធៀបជាមួយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ណាស់ ព្រោះថា សុនធិមិនដែលមានឱកាសម្តងណាទាល់តែសោះក្នុងការដឹកនាំប្រទេសថៃ។ សូម្បីតែកូនគណបក្ស«កានមឿងម៉ៃ» ដែលលោកធ្លាប់បានបង្កើត និងចលនាអាវលឿងរបស់លោកកាន់កាប់បច្ចុប្បន្ននេះក៏ជិតឈានទៅរកក្តីវិនាសដែរ។
ដោយឡែក សម្តេចហ៊ុន សែន បានដឹកនាំកសាងប្រទេសកម្ពុជាពីបាតដៃទទេ ហើយជាង៣០ឆ្នាំមកនេះសម្តេចបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍពេញបរិបូណ៌ដល់ប្រជាជនកម្ពុជាជាមួយនឹងភាពវៃឆ្លាតដ៏ឆ្នើមរបស់សម្តេចក្នុងនាមជាមេដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងសច្ចធម៌ រួមផ្សំនឹងចរិយាធម៌ដ៏ឧត្តុង្គឧត្តម ធ្វើឱ្យប្រជាជនកម្ពុជាទូទាំងប្រទេសមានទំនុកចិត្តយ៉ាងខ្លាំងក្លាលើសម្តេច។ បច្ច័យឆ្លើយតបក្នុងរឿងនេះ បានស្តែងចេញភ្លាមៗយ៉ាងប្រត្យក្សតាមរយៈការបោះឆ្នោតបួនលើកកន្លងមក ជាពិសេសសំរាប់ការបោះឆ្នោតក្នុងអាណត្តិទី៤ ក្នុងឆ្នាំ២០០៨ បាននាំមកនូវជ័យជំនះដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីយ៉ាងភ្លូកទឹកភ្លូកដីចំនួន៩០អាសនៈក្នុងចំណោមអាសនៈទាំង១២៣ ដែលធ្វើឱ្យសម្តេចនៅបន្តដឹកនាំរដ្ឋាភិបាលជាបន្តរហូតដល់បច្ចុប្បន្ន។ ចរន្តនៃការគាំទ្របេក្ខភាពសម្តេចហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅបន្តកើនឡើងជារៀងរាល់ថ្ងៃ ដែលនេះជាសញ្ញាមួយប្រាប់ថា សម្តេចហ៊ុន សែន នៅតែជានាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាពក្នុងបេះដូងប្រជាជនកម្ពុជាទូទៅ ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្តង ៕
ចែករំលែកព័តមាននេះ