រាជធានីភ្នំពេញ ៖ បញ្ហានយោបាយដែលកំពុងជាប់គាំងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥កន្លងមក ត្រូវបានមើលឃើញថា គណបក្សដឹកនាំរដ្ឋាភិបាលចេះ តែដើរទៅមុខ រីឯគណបក្សប្រឆាំងនៅតែប្រកាសធ្វើពហិការមិនចូលនៅក្នុងសភា ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា គណបក្សសង្គ្រោះជាតិទទួលបាន៥៥អាសនៈ ឯគណបក្សប្រជាជនកម្ពុជាទទួលបាន៦៨អាសនៈ ។
ទោះបីជាមានការចរចាគ្នារវាងគណបក្សទាំាងពីរដែលមានអាសនៈក្នុងរដ្ឋសភាជាច្រើនលើកមកហើយក្តី ក្នុងគោលបំណងដោះស្រាយការជាប់គាំងនយោបាយ ក៏លទ្ធផលនៃការចរចាមិនទទួលបានអ្វីជាផ្លែផ្កានៅឡើយ ។ កាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកា មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងជំនួបទ្វេភាគីជាមួយលោក ម៉ាក់ ហ្គោដឌីង ឯកអគ្គរាជទូតចក្រភពអង់គ្លេសនៅទីស្តីការក្រសួងថា គណបក្សប្រជាជនកម្ពុជាប្រកាសជំហរជាថ្មីក្នុងការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយក្រោយការបោះឆ្នោត ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា រដ្ឋាភិបាលមិនបិទសិទ្ធិសេរីភាពរបស់គណបក្សសង្គ្រោះជាតិក្នុងការធ្វើបាតុកម្មនាពេលខាងមុខ និងការចរចាគ្នានោះទេ ប៉ុន្តែរដ្ឋាភិបាលត្រូវតែចូលរួមក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ចៀសវាងអំពើហិង្សាណាមួយកើតឡើងជាយថាហេតុ ។ ចំពោះសភាពការណ៍នយោបាយនៅកម្ពុជាវិញ លោកឯកអគ្គរាជទូតចក្រភពអង់គ្លេស បានលើកឡើងថា ប្រទេសកម្ពុជាមានការវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយកម្ពុជាកំពុងតែឈរលើមាគ៌ាយ៉ាងល្អ ពិសេសការចូលរួមយ៉ាងផុលផុសពីសំណាក់យុវជនក្នុងការចូលរួមក្នុងឆាកនយោបាយនៅកម្ពុជា ។
លោកឯកអគ្គរាជទូតចប់អាណត្តិរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះស្ថានភាពនៃការបោះឆ្នោតនៅកម្ពុជាថា ប្រកបដោយសេរី និងគ្មានអំពើហិង្សាដែលជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ។ លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ប្រាប់លោកឯកអគ្គរាជទូតចក្រភពអង់គ្លេសថា បញ្ហានយោបាយដែលសេសសល់ រដ្ឋាភិបាលត្រូវតែដោះស្រាយដោយសន្តិវិធី ព្រោះថាការដោះស្រាយដោយសន្តិវិធីនេះជាគន្លឹះមួយសំខាន់ណាស់នៅក្នុងប្រទេសកម្ពុជាសម្រាប់ធ្វើឱ្យមានស្ថិរភាពនៅក្នុងប្រទេស ។ ទាក់ទិននឹងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាបនាថ្ងៃទី១០ ធ្នូ ខាងមុខនេះ រដ្ឋាភិបាលមិនបិទសិទ្ធិសេរីភាពនោះទេ ។
លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបដល់លោកឯកអគ្គរាជទូតអង់គ្លេសថា សំណើរបស់គណបក្សប្រឆាំងក្នុងការរៀបចំយន្តការក្នុងរដ្ឋសភា គឺគណបក្សប្រជាជនបានឯកភាព បុ៉ន្តែជាលទ្ធផលចុងក្រោយគណបក្សប្រឆាំងមិនបានទទួលយកទេ ។ គណបក្សសង្គ្រោះជាតិមានតែយោបល់ តែមិនផ្សារភ្ជាប់នឹងសកម្មភាពរបស់គាត់ ។ លោក ស ខេង សង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហសម្រាប់ការចរចាជាមួយគណបក្សប្រឆាំងជានិច្ច ហើយគោលជំហររបស់គណបក្សប្រជាជនកម្ពុជា គឺការចរចាជាគន្លឹះសម្រាប់ធ្វើឱ្យកម្ពុជាមានស្ថិរភាព និងសន្តិភាព ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី២៥ វិច្ឆិកា ពីគម្រោងរៀបចំកម្មវិធីប្រមូលផ្តុំមហាជន នៅខែធ្នូ ឆ្នាំ២០១៣ រួមមានការជួបជុំនៅខេត្តសៀមរាប កម្មវិធីថ្នាក់ដឹកនាំចុះទៅតំបន់ប្រាសាទព្រះវិហារ ចូលតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ និងការជួបជុំធ្វើបាតុកម្ម នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ ។ តាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា នៅថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៣ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងមហាជន នឹងរៀបចំទិវាអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ នៅខេត្តសៀមរាប ។ ចំណែកនៅថ្ងៃទី១១ ធ្នូ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនឹងទៅតំបន់ប្រាសាទព្រះវិហារ ។ នៅថ្ងៃទី១២ ធ្នូ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទៅតំបន់ព្រៃឡង់ ខេត្តកំពង់ធំ និងនៅថ្ងៃទី១៥ ធ្នូ នឹងរៀបចំមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ នៅរាជធានីភ្នំពេញ ។ គណបក្សសង្គ្រោះជាតិក៏បានប្រកាសដែរថា ចាប់ពីថ្ងៃទី១៥ ធ្នូ ទៅ គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មរៀងរាល់ថ្ងៃអាទិត្យ ។
ទាក់ទងនឹងការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ថា គណបក្សប្រជាជនកម្ពុជាបើកទ្វារចំហសម្រាប់គណបក្សសង្គ្រោះជាតិ ក្នុងការចរចាគ្នាដោយសន្តិវិធី និងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិធ្វើឱ្យវឹកវរដល់សង្គមជាតិ អាប់ឱនកេរិ៍្តឈ្មោះនោះ កោះសន្ដិភាពមិនអាចទាក់ទងរកការបំភ្លឺឆ្លើយតបពីមន្ត្រីគណបក្សសង្គ្រោះជាតិបានទេ ដោយសារទូរស័ព្ទចូលហើយ គ្មានអ្នកទទួល ។ មុននេះ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ក៏បានបង្ហាញពីការបារម្ភទាក់ទិននឹងការធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនៅខេត្តសៀមរាបដែរ ដែលអាចនឹងរំខានដល់សក្តានុពលទេសចរណ៍របស់ជាតិ ៕
ចែករំលែកព័តមាននេះ