ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រី​បង្កើត​ប្តឹងយក​ដី130​អា ពី​ឪពុក តែ​មិន​ឈ្នះ

10 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ដី​ចម្ការ​មួយ​កន្លែង​មាន​ទំហំ​១៣០​អា​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជុំ​ ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ​ ត្រូវ​បាន​កូនស្រី​បង្កើត​ឈ្មោះ​ ស្រេង​ សុភុន​ អាយុ​៤៩​ឆ្នាំ​ ប្តឹង​ទាម​ទារ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ពី​ឪពុក​បង្កើត​ឈ្មោះ​ ឡាយ​ ស្រេង​ អាយុ​៨៩​ឆ្នាំ​ និង​ថែម​ទាំង​ប្តឹង​មក​សាលា​ដំបូង​ខេត្ត​រហូត​ដល់​តុលាការ​កំពូល​ ។

ខេត្ត​កំពង់​ចាម​ ៖ ដី​ចម្ការ​មួយ​កន្លែង​មាន​ទំហំ​១៣០​អា​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ជុំ​ ឃុំ​ស្រឡប់ ស្រុក​ត្បូង​ឃ្មុំ​ ត្រូវ​បាន​កូនស្រី​បង្កើត​ឈ្មោះ​ ស្រេង​ សុភុន​ អាយុ​៤៩​ឆ្នាំ​ ប្តឹង​ទាម​ទារ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន​ពី​ឪពុក​បង្កើត​ឈ្មោះ​ ឡាយ​ ស្រេង​ អាយុ​៨៩​ឆ្នាំ​ និង​ថែម​ទាំង​ប្តឹង​មក​សាលា​ដំបូង​ខេត្ត​រហូត​ដល់​តុលាការ​កំពូល​ ។ នៅ​ទី​បំផុត​យុត្តិ​ធម៌​ដ៏សម​ស្រប​បំផុតបាន​ប្រគល់​មក​ឱ្យ​លោក​តា​វិញ ។​ ទោះ​ជា​បែប​នេះ​ក្តី កូន​ស្រី​ដែល​ចាញ់​ក្តី​រូប​នេះ​នៅតែ​បន្ត​ដាំ​ដំឡូង​មី​លើ​ដី​នោះ​ដដែល​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៥​ វិច្ឆិកា​​ ២០១៣ លោក​តា​បាន​ធ្វើ​ដំណើរ​មក​កាន់​សាលា​ដំបូង​ខេត្ត​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ពី​បញ្ហា​នេះ ​។

​លោក​តា​ ឡាយ​ ស្រេង​ មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ដី​ចម្ការរបស់​គាត់​ខាង​លើ​បាន​ឱ្យ​ទៅ​កូន​ស្រី​ឈ្មោះ​ សុភុន​ ដាំ​ដំឡូង​មី​ គ្រាន់​នឹង​បាន​កម្រៃឈ្នួល​គិតជា​ស្រូវ​កន្លះ​ដឹក​សម្រាប់​យក​មក​ផ្គត់​ផ្គង់​ជីវភាព​២​នាក់​តា​យាយ។​ តែ​ក្រោយ​មក​រយៈ​ពេល​៣​ឆ្នាំ​នេះ​កូនស្រី​មិនបាន​ឱ្យ​ថ្លៃ​ឈ្នួល​អ្វី​នោះ​ទេ​គឺ​ទទេ​ស្អាត​ តើ​ខ្ញុំ​បាន​អី​ហូប​២​នាក់​យាយ។​ លុះ​ពេល​ដែល​លោក​តា​ទាមទារ​យក​ដី​វិញ​ បែរ​ជា​កូនស្រី​មិន​ព្រម​ឱ្យ​ ថែម​ទាំង​ប្តឹង​មក​សាលា​ដំបូង​ខេត្ត​ទាមទារ​យក​ដី​ចម្ការ​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ថែម​ទៀត ។​ គួរ​រំលឹក​ថា​ កាល​ពីថ្ងៃ​ទី​១៥​ កក្កដា​ ២០១៣​ នៅ​សាល​ជំនុំ​ជម្រះ​សាលា​ដំបូង​ខេត្ត​ បាន​បើក​សវនាការ​ ដោយ​មាន​សមាសភាព​ លោក​ជា​ វណ្ណៈ​ ចៅ​ក្រម​ជំនុំ​ជម្រះ​ លោក​ប្លង់​ សុផល​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូងខេត្ត​ លោក​ហេង​ សម្ផស្ស​ ក្រឡា​បញ្ជី​ លោក​តែ​ ស៊ាង​រ៉ានីន​ មេ​ធាវី​ការពារ​ឱ្យ​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី ។​ ក្នុង​ពេល​នោះ​ឈ្មោះ​ ស្រេង​ សុភុន​ បាន​ឆ្លើយ​ថា​ ឈ្មោះ​ ឡាយ​ ស្រេង គឺ​ជា​ឪពុក​បង្កើត​របស់​ខ្លួន។​ ដី​នោះ​ជា​ដី​របស់​នាង​ដែល​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៥​ មក​ម៉្លេះ​ ហើយ​ការ​​កាន់​កាប់​នេះ​មិន​មាន​អ្នក​ណា​មក​តវ៉ា​នោះ​ទេ ។​ ដី​នោះ​មាន​ទំហំ​១៣០​អា​ស្ថិត​នៅ​ភូមិត្រពាំង​ជុំ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូង​ឃ្មុំ​ ។​ ស្ត្រី​ជា​កូន​និយាយ​ថា​ ដី​នេះ​នាង​មិន​ប្រគល់​ទៅ​ឱ្យ​ឪពុក​វិញ​ទេ​ ដោយ​ហេតុ​ថា​ខ្លួន​បាន​បង្ក​បង្កើន​ផល​តាំង​ពីឆ្នាំ​១៩៨៥​ មក​ម៉្លេះ ។​

នាង​បាន​រៀប​រាប់​ទៀត​ថា​ ក្រោយ​មក​ឪពុក​ឈ្មោះ ឡាយ ស្រេង​ បាន​ប្តឹង​មក​សាលា​ដំបូង​ខេត្ត​ ហើយ​តុលាការ​បាន​កាត់​ក្តី​ឱ្យ​នាង​ជា​អ្នក​ចាញ់​ក្តី​ តែ​នាង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ក៏បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ ក៏​ចាញ់​ក្តី​ទៀត​ និងបាន​ប្តឹង​តុលាការ​កំពូល​បន្ត​ទៀត ។​ តែ​​លទ្ធ​ផល​តុលាការ​បាន​សម្រេច​​ប្រគល់​ដី​ចម្ការ​នេះ​ទៅ​ឱ្យ​ឪពុក​វិញ​ដដែល ។​ លោក​តា​ឡាយ​ ស្រេង បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា​ រូបគាត់​បាន​ធ្វើ​ដំណើរ​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ឱ្យ​ជួយ​អន្តរា​គមន៍​ដល់​រូប​គាត់​ ហើយ​ត្រូវ​មន្ត្រី​នគរ​បាល​ម្នាក់ដឹក​លោក​តា​តាម​រថយន្ត​មក​កាន់​សាលា​ដំបូង​​ខេត្ត​ ធ្វើ​យ៉ាងណា​ជួយ​អនុវត្ត​សាល​ក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​ យកដី​ចម្ការ​ពី​កូន​ស្រី​របស់​គាត់​មក​វិញ​សម្រាប់​ទុក​ចិញ្ចឹម​ជីវិត​ពីរ​នាក់​តា​យាយ ។​ លោក​តា​ ឡាយ ស្រេង​ មាន​កូន​ប្រុស​ស្រី​ ទាំង​អស់​៦​នាក់​ តែ​ម្នាក់​បាន​ស្លាប់​ទៅ​ហើយ​ នៅ​តែ​៥​នាក់​ទេ​ ហើយ​កូន​ស្រី​ដែល​ប្តឹង​ទារ​ដី​ចម្ការ​​នោះគឺ​ជា​កូន​ទី​៥ ។​ បច្ចុប្បន្ន​លោក​តា​ និង​យាយ​កំពុង​រស់​នៅ​ជាមួយ​ចៅ​២​នាក់​នៅ​ភូមិ​ត្រពាំង​គូ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូង​ឃ្មុំ ៕​