ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី២១ វិច្ឆិកា នៅក្នុងបរិវេណវត្តរតនសោភ័ណ ហៅវត្ត កោងកាង មានរៀបចំក្បួនដង្ហែធម្មយាត្រាប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ដ៏ធំមួយ ដែលមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់២៤ វិច្ឆិកា ។ ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ី មគ្គ អភិបាលរងខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សេង រ៉ន ប្រធានមន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យជាច្រើនរូបទៀត ព្រះសង្ឃចំនួន៨០អង្គ យាយជី១០នាក់ តាជី១០នាក់ អ្នកស្ម័គ្រចិត្តអប់រំជំងឺគ្រុនចាញ់តាមភូមិ និងអ្នកស្ម័គ្រចិត្តអប់រំជំងឺគ្រុនចាញ់ចល័តចំនួន១៣៧នាក់ បុគ្គលិកមណ្ឌលសុខភាពចំនួន១២នាក់ និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ។
ការដង្ហែធម្មយាត្រានេះគឺធ្វើឡើងនៅទូទាំងខេត្ត ក្នុងបំណងអប់រំប្រជាពលរដ្ឋចំណាកស្រុក និងអ្នកភូមិចំនួន៥.០០០នាក់ ពីវិធានការការពារជំងឺឆ្លងនានា និងជំរុញឱ្យទៅធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល ជាពិសេសជំងឺគ្រុនចាញ់ បន្ទាប់ពីខេត្តមួយនេះបានរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីខែកន្លងមក ។ លោកវេជ្ជបណ្ឌិត សេង រ៉ន ថ្លែងថា គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរដូវវស្សាឆ្នាំនេះ បានបង្កឱ្យចំនួនករណីជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺរាករូស កើនឡើងយ៉ាងគំហុក ជាពិសេសក្នុងចំណោមកម្មករចំណាកស្រុក ។
ក្តីព្រួយបារម្ភទាំងនេះ បានញ៉ាំងឱ្យមន្ទីរសុខាភិបាលខេត្តចាត់វិធានការជាបន្ទាន់ ដោយសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ មន្ទីរធម្មការនិងសាសនាខេត្ត និងអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI 360) រៀបចំយុទ្ធនាការធម្មយាត្រាទ្រង់ទ្រាយធំមួយ ដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ពីគ្រោះថ្នាក់នៃជំងឺគ្រុនចាញ់ ការជ្រលក់ថ្នាំមុង ការស្រាវជ្រាវរករោគសញ្ញាសង្ស័យ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺគ្រុនចាញ់ ព្រមទាំងបញ្ហាសុខភាពទូទៅផ្សេងៗទៀត ។
ចែករំលែកព័តមាននេះ