រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញធុនធំចំនួន៨គ្រឿងត្រូវបានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយនគរបាលចរាចររាជធានីភ្នំពេញ ចុះចាប់ឃាត់ និងបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការអប់រំណែនាំឱ្យពួកគាត់បានយល់នូវអ្វីដែលជាការណែនាំរបស់សាលារាជធានីភ្នំពេញ និងព្រមានឱ្យរាងចាល ។
ការចាប់ឃាត់រថយន្តនេះ ដោយសារម្ចាស់រថយន្តធុនធំទាំងនេះបានបើកល្មើសទៅនឹងបម្រាមរបស់សាលារាជធានីភ្នំពេញ ដែលបានហាមឃាត់មិនឱ្យរថយន្តធុនធំគ្រប់ប្រភេទចូលក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយឱ្យបាននូវការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍តែម្តង ។
លោកអ៊ូ ធនសាល អនុប្រធានការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណៈការរាជធានីភ្នំពេញបានឱ្យដឹងថា ក្រោយពីសាលារាជធានីភ្នំពេញចេញសេចក្តីជូនដំណឹងនេះ សមត្ថកិច្ចបានឃាត់រថយន្តធុនធំ ដែលបំពាននឹងបម្រាមនេះបានជាច្រើនគ្រឿងមកហើយ ដើម្បីយកទៅអប់រំណែនាំ និងជំរុញឱ្យម្ចាស់រថយន្តទៅសុំការអនុញ្ញាត និងការណែនាំពីមន្ទីរសាធារណការ ។ សាលារាជធានីភ្នំពេញមិនត្រូវការប្រាក់ផាកពិន័យពីម្ចាស់រថយន្តធុនធំទាំងនោះទេ សំខាន់គឺសុំឱ្យបងប្អូនចូលរួមគោរពតាមការណែនាំក្នុងគោលដៅកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការបង្កនូវបញ្ហាផ្សេងៗនៅក្នុងរាជធានីភ្នំពេញផងដែរ ។
លោកអ៊ូ ធនសាល បានបញ្ជាក់ថា រថយន្តធំទាំង៨គ្រឿងនេះ ត្រូវបានសមត្ថកិច្ចឃាត់នៅពេលពួកគេកំពុងបើកបរលើកំណាត់ផ្លូវហាមឃាត់គឺ កំណាត់ផ្លូវលេខ២៧១ និងកំណាត់ផ្លូវលេខ៥៩៨ ។ ការទប់ស្កាត់រថយន្តធុនធំមិនឱ្យចូលក្រុងនេះជាវិធានការអាទិភាពមួយរបស់សាលារាជធានីភ្នំពេញដែលត្រូវអនុវត្តដូចភ្លៀងរលឹមមិនរាថយឡើយ ក្នុងដំណាក់កាលដែលរាជធានីភ្នំពេញមានស្ថានភាពកាន់តែចង្អៀត និងស្ទះចរាចរណ៍ស្ទើរតែគ្រប់ផ្លូវនោះ ៕
ចែករំលែកព័តមាននេះ