ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯយុវជនពីរនាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងជិះម៉ូតូ ហើយត្រូវរថយន្តបុកពីក្រោយ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៣ នៅខាងក្រោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្បែរកន្លែងលក់សាច់ពិសេស(សាច់ឆ្កែ) ក្នុងភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
តាមព័ត៌មានឱ្យដឹងថា យុវជនទាំង៣នាក់ជិះម៉ូតូមួយគ្រឿងតាមទិសដៅពីលិចទៅកើត ចំណែករថយន្តធ្វើដំណើរក្នុងទិសដៅស្របគ្នា លុះពេលវ៉ាហួសម៉ូតូក៏បត់ស្តាំ ធ្វើឱ្យអ្នកបើកម៉ូតូជាន់ហ្វ្រាំងស្ទើរមិនទាន់ ។ ពេលនោះអ្នកជិះម៉ូតូស្តីឱ្យអ្នកបើកបររថយន្ត ក៏បណ្តាឱ្យខឹង ហើយបើករថយន្តដេញបុកពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់តែម្តង ។ ជនរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះភី ចិន្តា ភេទប្រុស អាយុ២២ឆ្នាំ រងរបួសបាក់ជើងឆ្វេង និងបែកមុខរបួសពេញ ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខប៉ៃលិន១A-១៧៩៤ (ស្លាប់) ឯម៉ូតូរងការខូចខាតទាំងស្រុង ២-ឈ្មោះថា សៀងហៃ ភេទប្រុស អាយុ១៦ឆ្នាំ របួសធ្ងន់ និង៣-ឈ្មោះញា៉ញ់ រ៉ាវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្ងន់ ។ ទាំងបីនាក់ មានស្រុកកំណើតនៅភូមិកៀនកេះ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកអ្នកបើកបររថយន្តឈ្មោះវីរៈ អាយុជាង៣០ឆ្នាំ អត់ស្គាល់កន្លែងរស់នៅទេ ឯរថយន្តម៉ាកនីស្សាន់ ពណ៌ស្លែ ពាក់ស្លាកលេខបន្ទាយមានជ័យ២A-១២០៩ បែកកង់មុខខាងស្តាំ រលាត់ថ្នាំខាងមុខតិចតួច ក្រោយកើតហេតុបានយករថយន្តទៅផ្ញើនៅកន្លែងសិប្បកម្មផលិតទឹកបរិសុទ្ធមួយកន្លែង ហើយរត់គេចបាត់ស្រមោល ។
ប្រភពព័ត៌មានពីសាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុមានយុវជនចំនួន៥នាក់ជិះម៉ូតូ២គ្រឿងនាំគ្នាទៅមើលគេលេងក្នុងកម្មវិធីអកអំបុកសំពះព្រះខែនៅវត្តពោធិមារាម ហៅវត្តប៉ាហ៊ី ក្នុងទិសដៅពីកើតទៅលិច ។ ប៉ុន្តែពេលទៅដល់ទីនោះអត់មានគេធ្វើកម្មវិធីក៏នាំគ្នាជិះម៉ូតូបន្តទៅវត្តអូរច្រា ទៀត លុះនាំគ្នាទៅដល់ពាក់កណ្តាលផ្លូវក៏បត់ម៉ូតូត្រឡប់មកផ្ទះវិញក្នុងទិសដៅពីលិចទៅកើត ។ ប្រភពដដែលបន្តថា លុះជិះម៉ូតូទាំងពីរគ្រឿងទៅដល់មុខហាងពិភពពេញចិត្ត ស្រាប់តែមានរថយន្តម៉ាកនីស្សាន់មួយគ្រឿងបើកបរដោយបុរសម្នាក់ស្ថិតក្នុងភាពស្រវឹងផងបានបួងចង្កូតបត់ស្តាំនៅពីមុខម៉ូតូ បណ្តាលឱ្យជាន់ហ្វ្រាំងស្ទើរមិនទាន់ ហើយក្រុមយុវជនជាម្ចាស់ម៉ូតូក៏បានស្តីបន្ទោសអ្នកបើករថយន្ត ។ ក្រោយមក ក៏ជិះម៉ូតូហួសទៅ ដោយមិននឹកស្មានថា ការស្តីបន្ទោសនោះធ្វើឱ្យអ្នកបើកបររថយន្តខឹងសម្បាខ្លាំង ស្រាប់តែក្រឡេកមើលក្រោយឃើញបុរសម្នាក់នោះបើករថយន្តយ៉ាងលឿនដេញតាមពីក្រោយ ។ ពេលឃើញដូច្នេះ ម៉ូតូមួយគ្រឿងទៀតក៏ជិះគេចទៅតាមផ្លូវនៅខាងមុខមន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូជនរងគ្រោះជិះនៅក្បែរកន្លែងគេលក់សាច់ពិសេស (សាច់ឆ្កែ) ក៏ត្រូវរថយន្តបើកទាន់ និងបុកពេញទំហឹងពីក្រោយ បណ្តាលឱ្យខ្ទាតចេញពីម៉ូតូរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ប៉ុន្តែដោយអ្នកបើកម៉ូតូរងរបួសធ្ងន់ពេក មិនអាចសង្គ្រោះបាន ក៏ស្លាប់នៅទីនោះតែម្តង ។ ចំណែកអ្នកបើកបររថយន្ត បន្ទាប់ពីបង្កហេតុរួច ក៏បើកយកទៅទុកនៅក្នុងរោងសិប្បកម្មផលិតទឹកបរិសុទ្ធមួយនៅក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
លោកអនុសេនីយ៍ឯក ប្រាក់ វិគុណ នាយផ្នែកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត ឱ្យដឹងថា ក្រោយពីជនបង្កហេតុដេញបុកម៉ូតូយុវជនរងគ្រោះទាំង៣នាក់រួច ក៏យករថយន្តរបស់ខ្លួនដែលបែកកង់មុខខាងស្តាំ ទៅខ្ចីកង់រថយន្តម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធដូរនៅទីនោះ រួចហើយរត់គេចខ្លួនបាត់ស្រមោលទៅ ។ ក្រោយមក សមត្ថកិច្ចបានយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីតាមស៊ើបអង្កេតរកម្ចាស់រថយន្តចាប់ខ្លួន ។ ចំណែកសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួសធ្ងន់ទាំង២នាក់ដែលរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ៕
ចែករំលែកព័តមាននេះ