ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដោយមួម៉ៅ នឹងប្រពន្ធមិនព្រមឱ្យរួមរ័ក ហើយថែមទាំងស្តីបន្ទោសទៀតនោះ ក៏ផឹកថ្នាំពុលធ្វើអត្តឃាត និងបានស្លាប់ពេលនាំដល់មន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៣ វិច្ឆិកា នៅក្នុងភូមិអន្សរក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ។
មន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា បុរសដែលផឹកថ្នាំពុលនេះឈ្មោះ ចាន់ ប៊ុនរិទ្ធិ អាយុ២៣ឆ្នាំ ប្រពន្ធឈ្មោះ ផុន សុខុម អាយុ៣០ឆ្នាំ ទើបតែសម្រាលកូនបាន៣ខែប៉ុណ្ណោះ ។ តាមការសាកសួរក្រុមគ្រួសារ ឱ្យដឹងថា បុរសខាងលើ តែងដើរផឹកសុីមិនសូវជួយធ្វើការងារផ្ទះទេ ហើយមុនថ្ងៃកើតហេតុ៣ថ្ងៃ បុរសរូបនេះត្រឡប់ចូលផ្ទះពេលយប់ទាំងស្រវឹងស្រាដូចសព្វដងដែរ ។ នៅយប់នោះ គេបានសុំប្រពន្ធរួមរ័ក តែប្រពន្ធមិនព្រម ព្រោះទើបតែកូនខ្ចី បាន៣ខែប៉ុណ្ណោះ ។ មិនតែប៉ុណ្ណោះ ប្រពន្ធបានរករឿងបន្តិចបន្តួចថែមទៀតថា ដើរផឹកសុីមិនចេះជួយការងារផ្ទះ ប៉ុន្តែមិនមានទំនាស់គ្នាទេ ហើយតាំងពីពេលនោះមក បុរសរូបនោះមិនសូវមាត់កទេ ។
នៅថ្ងៃកើតហេតុ ប្រពន្ធប្រាប់ប្តីឱ្យជូនទៅមណ្ឌលសុខភាព ព្រោះនាងហើមថ្គាមឈឺខ្លាំងណាស់ ប៉ុន្តែបុរសជាប្តីនិយាយថា មិនបានជូនទេ ព្រោះគេអស់កម្លាំងមិនសូវស្រួលខ្លួន ។ ខណៈឮប្តីថាដូច្នេះ ប្រពន្ធក៏ឱ្យអ្នកជិតខាងជូន ប៉ុន្តែពេលទៅដល់ពាក់កណ្តាលផ្លូវ ម៉ូតូខូចត្រឡប់មកវិញ ស្រាប់តែឃើញប្តីដេកប្រកាច់បែកពពុះមាត់លើអង្រឹង ។
ពេលនោះ នាងភិតភ័យយ៉ាងខ្លាំង ក៏ស្រែកហៅគេឯងឱ្យជួយ ប៉ុន្តែពេលដឹកទៅដល់មន្ទីរពេទ្យ ក៏បានស្លាប់បាត់ទៅ ។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា បុរសខាងលើពិតជាធ្វើអត្តឃាតមែន ព្រោះនៅក្បែរអង្រឹងរកឃើញមានដបថ្នាំបំពុលសត្វ ៕
ចែករំលែកព័តមាននេះ