ខេត្តកំពង់ឆ្នាំង ៖ អាវុធគ្រប់ប្រភេទជាច្រើនដើមត្រូវមន្ត្រីប៉ូលិសខេត្ត និងស្រុកស្រាវជ្រាវរកឃើញ កាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៣ នៅលើភ្នំដ៏ឆ្ងាយមួយក្នុងភូមិសាស្ត្រស្រុកទឹកផុស តាមរយៈការផ្តល់ដំណឹងពីប្រជាពលរដ្ឋដែលឡើងភ្នំកាប់ឈើ ។ ប្រជាពលរដ្ឋបានរាយការណ៍ជូនលោកអភិបាលស្រុកទឹកផុស និងបន្តជូនលោកអភិបាលខេត្ត ហើយក៏ចាត់បញ្ជាមន្ត្រីប៉ូលិសទៅរុករកឃើញ ដូចការប្រាប់របស់ប្រជាពលរដ្ឋមែន ។
ទោះជាយ៉ាងណាក្តី ការរុករកប្រទះឃើញនេះ គ្រាន់តែបានរាយការណ៍ជូនត្រឡប់ទៅលោកអភិបាលស្រុក និងបន្តរាយការណ៍ជូនលោកអភិបាលខេត្តវិញប៉ុណ្ណោះ ព្រោះនៅឆ្ងាយពេក និងមិនទាន់មានលទ្ធភាពដឹកជញ្ជូនយកមកទុក ។ លោកសោម វុឺន អភិបាលស្រុកទឹកផុស ប្រាប់តាមទូរស័ព្ទថា លោកបានទទួលដំណឹងពីប្រជាពលរដ្ឋឡើងភ្នំថាបានប្រទះឃើញអាវុធជាច្រើនដើមនៅលើភ្នំមួយ ប៉ុន្តែមិនស្គាល់ឈ្មោះភ្នំអ្វីទេ ខ្លះថាភ្នំដោះក្រមុំ តែខ្លះថាឈ្មោះផ្សេងទៅវិញ ។ ក្រោយមកលោកបានជូនដំណឹងនេះទៅលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្ត ហើយក៏ឱ្យកម្លាំងប៉ូលិស និងប្រជាពលរដ្ឋជូនទៅទីតាំងកាំភ្លើងទាំងនោះ ដោយចំណាយពេល២ថ្ងៃទើបប្រទះឃើញ ។ នៅម៉ោងប្រហែល១០ព្រឹក ថ្ងៃទី១៤ វិច្ឆិកា ក្រុមសមត្ថកិច្ចបានទូរស័ព្ទប្រាប់ថា រកឃើញហើយ គឺនៅឆ្ងាយខ្លាំងណាស់ គ្មានសេវាទូរស័ព្ទទេ ទម្រាំរកកន្លែងមានសេវាបានទើបទូរស័ព្ទប្រាប់ ។
ប្រភពដដែលបន្តថា តាមសេចក្តីរាយការណ៍ពីលោកអធិការស្រុក កាំភ្លើងដែលរកឃើញនោះ មានច្រើនដើមណាស់ គ្រាន់តែប្រមូលយកផ្នែកខាងលើមានចំនួនជាង១០០ដើម ក្នុងនោះមានកាំភ្លើង AK, CKC, B40 និង RPD ជាដើម ។ ប៉ុន្តែនៅសល់ជាច្រើនរយដើមទៀតដែលពុំទាន់យកចេញបាន ព្រោះនៅកប់ខាងក្រោមច្រើនស្រទាប់ទៀត ។ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា ក្រោយពីទទួលព័ត៌មាននោះ លោកចាត់ឱ្យមន្ត្រីប៉ូលិសខេត្ត-ស្រុក និងមន្ត្រីប៉ូលិសជំនាញអាវុធជាតិផ្ទុះ ជិត២០នាក់ ទៅកាន់ទីតាំងអាវុធនោះ ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រ ពីទីរួមស្រុកទឹកផុស ជាតំបន់ជួរភ្នំដោះក្រមុំ ។ ក្រុមមន្ត្រីប៉ូលិសទាំងនោះ ដើរ១យប់២ថ្ងៃទើបទៅដល់ ព្រោះភូមិសាស្ត្រមានការលំបាកខ្លាំងណាស់ ឡើងភ្នំចុះភ្នំជាច្រើនស្រទាប់ ។ លោកស្នងការបញ្ជាក់ថា អាវុធទាំងនោះខូចគុណភាពស្ទើរទាំងស្រុងទៅហើយ មិនដឹងបន្សល់ទុកតាំងពីសម័យណាទេ ប៉ុន្តែពេលនេះបានផ្អាកកាយយកជាបណ្តោះអាសន្នសិន ព្រោះក្នុងនោះមានសល់គ្រាប់ច្រើន ។
លោកឈួរ ច័ន្ទឌឿន អភិបាលខេត្តមានប្រសាសន៍ប្រាប់សារព័ត៌មានកោះសន្តិភាពថា ពេលនេះប៉ូលិសកំពុងស្ថិតនៅទីតាំងអាវុធទាំងនោះ ហើយការទាក់ទងគ្នាលំបាកណាស់ ។ ពេលនេះកំពុងរង់ចាំទទួលរូបថតពីក្រុមសមត្ថកិច្ច ដើម្បីយកពិនិត្យមើល និងវាយតម្លៃ ៕
ចែករំលែកព័តមាននេះ