ទិញទារិកាតម្លៃ400ដុល្លារយកទៅសុំទាននៅម៉ាឡេស៊ី
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបអំពើលក់មនុស្សនាំឆ្លងដែនក្នុងគំនិតកេងប្រវ័ញ្ច ។
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបអំពើលក់មនុស្សនាំឆ្លងដែនក្នុងគំនិតកេងប្រវ័ញ្ច ។
រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបអំពើលក់មនុស្សនាំឆ្លងដែនក្នុងគំនិតកេងប្រវ័ញ្ច ។ លោកឧត្ដមសេនីយ៍ត្រី ព្រំ សន្ធរ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអញ្ជើញជាអធិបតីក្នុងសន្និសីទសារព័ត៌មានបង្ហាញខ្លួនក្រុមជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា នៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ។
លោក កែវ ធា នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៣ វិច្ឆិកា ដោយមានបញ្ជាពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ដបន្ទាយមានជ័យ ធ្វើការបង្ក្រាបជាក់ស្ដែងករណីលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន គឺការទិញទារកយកទៅធ្វើជាឧបករណ៍ដើរសុំទាននៅប្រទេសម៉ាឡេស៊ី និងអូសទាញមនុស្សនាំឆ្លងដែនយកទៅសុំទាននៅប្រទេសម៉ាឡេស៊ីដែលជាការកេងប្រវ័ញ្ចខុសច្បាប់ ដោយប៉ុនប៉ងឆ្លងតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត កាត់តាមប្រទេសថៃ ។ លោកបានថ្លែងឱ្យដឹងទៀតថា ជាលទ្ធផលក្រុមប្រតិបត្ដិការបានឃាត់ខ្លួនជនសង្ស័យ២នាក់គឺឈ្មោះ សំ ណា ភេទស្រី អាយុ ៣៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ដកណ្ដាល និងម្នាក់ទៀតឈ្មោះ ហេង ឆុន ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិមុខរា២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្ដបាត់ដំបង ។
ជាមួយនឹងការឃាត់ខ្លួនជនទាំង២នាក់នេះ សមត្ថកិច្ចក៏បានរំដោះជនរងគ្រោះ៤នាក់ ក្នុងនោះមានទារិកាម្នាក់ផងនាំយកមកកាន់ការិយាល័យដើម្បីសាកសួរ និងស្រាវជ្រាវគឺ ១-ឈ្មោះ ឆុន ស្រីភា ភេទស្រី អាយុ ២០ឆ្នាំ ស្នាក់នៅភូមិមុខរា២ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្ដបាត់ដំបង ។ ២-ឈ្មោះ ឡុង ស្រុឺ ហៅថែម នឿ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្ដបាត់ដំបង ជាជាងកាត់សក់ ។ ៣-ឈ្មោះ សល់ ថន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិដំណាក់ពង្រ ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្ដបាត់ដំបង និង៤-ទារិកាឈ្មោះ ឆុន សុខចាន់ អាយុ ៧ខែ ។ ចំពោះជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។ ចំណែកទារកអាយុ៧ខែប្រគល់ឱ្យមន្ទីរសង្គមកិច្ចដើម្បីថែរក្សានៅមណ្ឌលសុវត្ថិភាព ។ រីឯ៣នាក់ទៀតដែលចាញ់បោក និងជាជនរងគ្រោះត្រូវបានអប់រំឱ្យត្រឡប់ទៅលំនៅឋានវិញ ។ លោកស្នងការរងទទួលបន្ទុកការិយាល័យជំនាញបានបញ្ជាក់បន្ថែមទៀតថា អំពើនាំទារិកា និងមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ី នេះមេខ្យល់គឺឈ្មោះ ហេង ឆុន ។
ជនសង្ស័យឈ្មោះ ហេង ឆុន ធ្លាប់បាននាំមនុស្សទៅសុំទាននៅប្រទេសម៉ាឡេស៊ីចំនួន២លើករួចមកហើយចាប់ពីខែកក្កដាមក ក្នុងនោះក៏មានកូនរបស់ខ្លួនម្នាក់ដែរដែលកំពុងនៅសុំទានគេរាល់ថ្ងៃនៅទីនោះ ។ លើកនេះឈ្មោះ ហេង ឆុន បាននាំកូនខ្លួនម្នាក់ និងទិញទារិកាម្នាក់ក្នុងតម្លៃ៤០០ដុល្លារ ដែលតាមប្រភពថាជាកូនអ្នករើសអេតចាយនៅម្ដុំរោងចក្រតាមបណ្ដោយផ្លូវចោមចៅ បម្រុងនាំចេញទៅសុំទានទៀត ប៉ុន្ដែត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបទាន់ពេល ហើយពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ដាយទារិកានេះ ៕
ចែករំលែកព័តមាននេះ