រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ ខណៈពេលជិះម៉ូតូក្នុងល្បឿនលឿនបានជ្រុលទៅបុកចំពាក់កណ្តាលរថយន្តដឹកនារីផ្សព្វផ្សាយស្រាបៀរដែលកំពុងបត់ឆ្វេងពេញទំហឹងបណ្តាលឱ្យក្រពឹតទ្វារស្តាំ និងម៉ូតូខ្ទេចមួយកំណាត់ខាងមុខ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២២ កញ្ញា នៅចំណុចផ្លូវលេខ២៧១កែវ៤៦៤ ជាប់របងភ្នំពេញស្ប៉តក្លិប ស្ថិតក្នុងភូមិ៤ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា សពជនរងគ្រោះត្រូវគេស្គាល់ឈ្មោះម៉ាប់ សាវៀន ភេទប្រុស អាយុ៣៥ឆ្នាំ ជាជាងសំណង់នៅម្តុំផ្សារមាន់អាំងជិះម៉ូតូម៉ាកវីវ៉ាពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ១J៦៩២១។ ចំណែករថយន្តដឹកនារីផ្សព្វផ្សាយស្រាបៀរម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២F៩១៣៨ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ហើយបើកទៅមុខបានបន្តិច អ្នកបើកបរ និងនារីជិះលើរថយន្តនាំគ្នាចុះពីលើរថយន្តរត់គេចខ្លួនបាត់អស់។
ក្រោយកើតហេតុរថយន្ត និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ