ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសក្រុងដូនកែវស្រាវជ្រាវឃាត់ខ្លួនកាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣១ សីហា ២០១៣ តាមពាក្យបណ្តឹងរបស់បងប្រុសបង្កើតរបស់ខ្លួន ដោយចោទពីបទលួចកាមេរ៉ាថតរូប១គ្រឿងម៉ាកសាំសុងយកទៅបញ្ចាំតាំងពីថ្ងៃទី២៨ សីហា ២០១៣ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះហុង វិបុល អាយុ២៥ឆ្នាំ បានលួចកាមេរ៉ារបស់បងប្រុសយកទៅបញ្ចាំឱ្យឈ្មោះខំ សំណាង ហៅកោះ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្នុងតម្លៃ៦០ដុល្លារ ។ ចំណែកម្ចាស់កាមេរ៉ាឈ្មោះហុង សុផល ហៅកុង អាយុ៣២ឆ្នាំ ជាបងប្រុសបង្កើតជនសង្ស័យ បន្ទាប់ពីដឹងថាប្អូនប្រុសរបស់ខ្លួនលួចកាមេរ៉ាថតរូប បានដាក់ពាក្យប្តឹងកាលពីថ្ងៃទី៣១ សីហា ២០១៣។
បច្ចុប្បន្នប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ