ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​អនាមិក​តាម​វិទ្យុ ពីស្ត្រី​សម្រាល​កូន​តាមដង​ផ្លូវ ផ្អើល​កណ្តាល​យប់នៅ​ប៉ៃ​លិន

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ​៖ នៅពេលណាគេ​និយាយ​ពី​រឿង​ខ្មោច​លង​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ​មួួ​យចំនួន​ចង​់ដឹង​ចង់​ឮខ្លាំង​ណាស់​ ហើយ​ក៏​មាន​​ការភ័យខ្លាច​ព្រឺ​​រោម​ខ្ញាកៗ​ទាំង​ខ្លួន​​​មិន​ដែល​ជួប​ខ្មោច​លង​​ម្តងណា​ផង​នោះ​​ ​រី​ឯ​​​​​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ជឿ​ថា​ មាន​ខ្មោច​លង​

ខេត្ត​ប៉ៃលិន ​៖ នៅពេលណាគេ​និយាយ​ពី​រឿង​ខ្មោច​លង​ធ្វើ​ឱ្យ​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ​មួួ​យចំនួន​ចង​់ដឹង​ចង់​ឮខ្លាំង​ណាស់​ ហើយ​ក៏​មាន​​ការភ័យខ្លាច​ព្រឺ​​រោម​ខ្ញាកៗ​ទាំង​ខ្លួន​​​មិន​ដែល​ជួប​ខ្មោច​លង​​ម្តងណា​ផង​នោះ​​ ​រី​ឯ​​​​​មនុស្ស​មួយ​ចំនួន​ទៀត​មិន​ជឿ​ថា​ មាន​ខ្មោច​លង​នោះ​ឡើយ ពី​​​​ព្រោះ​​​ពួកគាត់​​អត់​ដែល​ឃើញ​ ​ហើយ​គ្រាន់​​តែ​ឮ​គេ​និយាយ​តៗ​គ្នា​តែ​​ប៉ុណ្ណោះ ។ ​​ ​

រឿង​រា៉វ​រហូត​មាន​ការ​សង្ស័យ​​ថា ​ខ្មោច​លង​នេះ​ត្រូវ​បុរស​ជាអ្នក​រត់ម៉ូតូ​ឌុប​​ម្នាក់​បាន​អះអាង​ថា​ជួប​ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់ ដែល​រៀប​នឹ​ង​សម្រាល​​កូន​ ដោយ​នាង​កំពុងតែ​​ដើរម្នាក​់​ឯង​នៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​៩ ​ក្នុងទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ដោយ​នាង​ដើរ​ម្នាក់​ឯង​យ៉ាង​កម្សត់​​នា​​ពេល​យប់​ ។ លុះពេល​ឃើញ​ដូច្នេះ​បុរស​អ្នក​រត់​ម៉ូតូ​​ឌុប​នោះ​ក៏​ឈប់​​ម៉ូតូ​សួរ​នាំ​ស្ត្រី​រូប​នោះ​ ហើយ​នាង​ក៏​​បាន​ប្រាប់​​​មក​វិញ​​ថា ​នាង​រស់​នៅ​ក្នុងភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់ ដោយ​ស្នាក់​នៅ​ក្នុង​ផ្ទះជា​មួយ​នឹងកូន​ចំនួន​ពីរ​នាក់ ប៉ុន្តែ​​នាង​អត់​មាន​ឪពុក​ម្តាយ​នឹងគេ​នោះ​​ទេ ​គឺ​ពួក​​គាត់​​បាន​​ស្លាប់​ចោល​អស់​ហើយ ​សព្វ​ថ្ងៃ​​នាង​ជា​កូន​កំព្រា​រស់​នៅ​ក្នុង​ខ្ទម​​កម្សត់​ ។ ចំណែក​ប្តី​របស់​នាង​បាន​ទៅ​​រកស៊ី​នៅ​​ឯ​​ស្រុក​ថៃ​ជា​យូរ​មក​ហើយ ​បាត់​ស្រមោល​ឈឹង អត់ដែល​ឮ​ដំណឹង​ និង​អត់​ដែល​​ធ្លាប់​ផ្ញើ​លុយ​កាក់​អ្វី​មក​ផ្ទះ​ម្ត​ង​ណា​ទេ ។

​តាម​​ប្រភព​ព័ត៌​​មាន​​​បាន​ឱ្យដឹងថា ​​​​គ្រាន់​តែ​ឮដូច្នេះ​ បុរស​អ្នក​រត់​​ម៉ូតូ​ឌុប​នោះ​ក៏​អាណិត​អាសូរ​នាង​យ៉ាង​ខ្លាំង​រួច​បាន​ទូរ​ស័ព្ទ​ចូល​ប៉ុស្តិ៍​វិទ្យុ​​ក្នុង​ស្រុក​មួួយ ​ដោយ​​រៀប​រាប់​តាម​អ្វី​ដែល​នាង​និយាយ​ប្រាប់​ ហើយ​វិទ្យុ​នោះ​​​ក៏​បាន​ផ្សព្វ​​ផ្សាយ​រកជំនួយ​​​​ពី​​​អាជ្ញា​ធរ​ភូមិ-​ឃុំ​​ ​។ ​គ្រាន់​តែ​ដំណឹង​នេះដឹង​​ដល់​សមត្ថ​​កិច្ច​​ភ្លាម​​​ ពួកគាត់​​ក៏​នាំ​គ្នា​​ស្វះ​​ស្វែង​ដើរ​រក​​ស្ទើរ​អស់​មួយ​​ភូមិ​​គឺ​​រក​គ្រប់​ទី​កន្លែង​តាំង​ពី​ចុង​ភូមិ​រហូត​ដល់​ដើម​ភូមិ​​ និងដើរ​​រក​ហួស​ទៅ​ដល់​ភូមិ​ជាប់​​​ៗ​គ្នា​ទៀត​​ ​រហូត​ដល់​ជិតម៉ោង​​១០​យប់​​នៅ​តែ​​រក​​អត់​​ឃើញ ។​ ​ខណៈ​នោះ​​ម្នាក់​ៗ​​​​បាន​ដាក់​ការ​​សង្ស័យ​​ថា​ ជា​ករណី​ខ្មោ​ច​​លង​​អ្នក​រត់​ម៉ូតូ​ឌុប នៅពេល​នឹក​ភ្នក​យ​៉ាង​​ដូច្នេះ​​ធ្វើ​ឱ្យ​ពួកគេ​​​ព្រឺ​ក្បាល​ខ្ញាកៗ ធំ​ប៉ុន​ចង្អេរ ​រួច​ដើ​រ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​មិន​អស់​ចិត្ត ។ ​ការ​ប្រទះ​​​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​រៀប​នឹង​សម្រាល​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៥៩​ នេះ​បាន​កើតឡើង​កាល​ពី​​វេ​លា​ម៉ោង​៧​និង៣០​នាទី​យប់ថ្ងៃ​ទី​២៧ សីហា ​ស្ថិត​នៅភូមិ​បុសស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

​​​​​​​​លោក​ស្រី ចាន់ ផាន់ណា ​មេ​ភូមិ​បុស​ស្អំ ​បាន​រៀបរាប់​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​កាលពី​វេលាម៉ោង​៥​ល្ងាច​ថ្ងៃទី​២៨ សីហា​ កន្លង​មក​​នេះថា ​ក្រោយ​ពី​​​​បុរស​ជាអ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​បានទូរ​ស័ព្ទ​​ចូល​ប៉ុស្តិ៍​វិទ្យុក្នុងស្រុក​​​ដោយ​ប្រាប់​​ថា គេ​ប្រទះ​​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​​ម្នាក់​កំពុង​ឈឺ​ពោះ​រៀប​នឹង​សម្រាល​កូន​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​នៅ​ក្នុង​​​​​​ភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​​កាច់ ​​រួច​មក​ ​ស្រាប់​តែ​​ដឹង​ដល់​មន្ត្រី​​​​​​​​គណបក្ស​ប្រជា​ជន​កម្ពុជា​ម្នាក់​ ហើយ​​​​​ក៏​​បាន​ទូរ​ស័ព្ទ​ប្រាប​់​ទៅ​គាត់​ភ្លាម​ឱ្យចុះ​ទៅ​រក​មើល​នៅ​កន្លែង​ដែល​មានគេ​ទូរ​ស័ព្ទ​ប្រាប់​វិទ្យុ​នោះ ។ ​លោកស្រី ចាន់ ផាន់​ណា ​​បាន​បន្ត​ទៀត​ថា ​ពេល​​នោះ​គាត់​បាន​នាំ​បង​ប្អូន​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​​​នាក់ចេញ​ទៅ​​ភ្លាម​ ដោយ​​អ្នក​ខ្លះ​ដើរ អ្នក​ខ្លះ​ទៀត​ជិះ​ម៉ូតូ​រក​នៅ​តាម​ដង​ផ្លូវ​​ជាតិ​លេខ​៥៩​យ៉ាង​គគ្រឹក​គគ្រេង​ ហើយ​​ខ្លះ​ទៀត​​រក​នៅ​តាម​ផ្លូវ​លំ​​​មួយ​ចំនួន​ និង​នៅ​តាម​គុម្ពោធ​ព្រៃ​​​ផ្សេង​​​ៗ​​ទៀត ​ក៏​នៅ​​តែ​​​រក​​អត់​ឃើញ​មាន ស្ត្រី​ណា​ម្នាក់​ឈឺពោះ​រៀប​នឹង​​សម្រាល​​កូន​នោះទេ ​។ ​ចំណែក​​អ្នក​​នៅ​ក្នុងភូមិ​របស់​លោកស្រី​ក៏​អត់​ដែល​មាន​ស្ត្រី​​ណា​ម្នាក់​​​ជា​សមាជិក​ក្នុង​​ភូមិ​រស​់​នៅ​ជា​មួយ​កូន​ពីរ​នាក់​​ ហើយ​​មាន​​ប្តី​ទៅស្រុក​ថៃចោល​នោះ​ដែរ ​។ ​

លោកស្រី​មេភូមិ​បាន​បញ្ជាក់​​បន្ថែម​ទៀតថា ​លុះ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ​លោកស្រី​នៅតែមិន​អស់​ចិត្ត​ ក៏ចេញ​ទៅ​រក​​មើល​​នៅតាម​ភូមិដែល​នៅជាប់​ៗ​គ្នា​ជាមួយ​នឹង​ភូមិ​របស់លោក​ស្រី​​បន្ត​​ទៀត​ ក៏​នៅតែ​រកមិន​ឃើញ​មាន​ស្ត្រី​ណា​ម្នាក់​សម្រាល​កូន​កាលពីល្ងាច​មិញ​នោះ​ដែរ ។​ ​រី​ឯ​​ករណី​ដែល​អ្នក​​​ម៉ូតូ​ឌុប​ប្រទះ​ឃើញ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដើរ​ម្នាក់​ឯង​នៅ​ភូមិ​តា​ម​ផ្លូវ​​​​ភូមិ​​បុស​ស្អំ​នេះ លោក​ស្រី​សង្ស័យ​​ថា ជា​ករណី​ខ្មោច​លង​ ព្រោះ​កាលពី​ជាង១​ខែមុន នៅ​តាម​​បណ្តោយ​​ផ្លូវនេះ​មាន​បុរស​​​ជន​ជាតិ​​ថៃ​ចំនួន​៣​នាក់ ​ស្រវឹង​ស្រាបាន​បើក​​​រថយន្ត​ក្រឡាប់​ស្លាប់​ទាំងអស់​នៅ​​​តាម​បណ្តោយ​​ផ្លូវ​នេះ​​ដែរ​​ ។
លោក​កង ថេង ​មេឃុំ​ស្ទឹងកាច់បាន​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ថា គ្រាន់​តែ​ឮដំណឹង​ថា មាន​ស្ត្រី​ម្នាក់​​រៀបនឹង​​សម្រាល​កូន​នៅ​លើ​ដង​ផ្លូវ​ជាតិ​​លេខ​៥៩ ក្នុងភូមិ​បុស​ស្អំ​​នោះ​​ភ្លាម លោក​បាន​ចាត់​​មន្ត្រី​​ក្រោម​ឱវាទ​ និងមេ​ភូមិ​ព្រម​ទាំង​បង​ប្អូន​​​​ប្រជា​ពលរដ្ឋ​ស្ទើរ​តែ​អស់​ពី​ភូមិ​ឱ្យ​នាំគ្នា​ទៅ​ជួយដើរ​រក​ស្ត្រី​ដែល​គេ​ប្រទះ​ឃើញ​​ដើរ​តាម​ផ្លូវ​​ថ្នល់​តែ​ម្នាក់​ឯង​នោះ​ ។ ប៉ុន្តែ​ទោះ​បីជា​ពួក​គេ​ខំ​ប្រឹង​​​​​​ដើរ​រក​រហូត​ដល់​ម៉ោង​ជិត​១០​​យប់​ថ្ងៃ​ដដែល ក៏​​នៅ​តែ​អត់​​ឃើញ​នរ​ណា​ម្នាក់​គួរ​ឱ្យ​កត់​សម្គាល់​ថា ​មាន​ផ្ទៃ​ពោះ​​រៀប​នឹង​​​សម្រាល​​នោះ​ឡើយ ​។​​

​លោក​កង ​​ថេង បាន​បន្តទៀត​ថា រឿង​នេះ​លោក​សង្ស័យ​ថា ​ខ្មោច​លង​បុរស​ជា​អ្នក​រត់ម៉ូតូ​​ឌុប​ហើយ ។ ​ខណៈ​ពេល​ដើរ​រក​នោះ ​​ម្នាក់​ៗ​បាន​ព្រឺ​ក្បាល​ខ្ញាក​ៗ បះ​សក់​ធំ​​​​​​ជ្រោង​​​​គ្រប់​ៗ​គ្នា ហើយ​ក៏​​និយាយ​បណ្តើរ​ស្វែង​រក​បណ្តើរ​ថា ​បើ​សិន​ជា​រក​អត់​ឃើញ​ទេ នេះ​​មាន​តែ​​ខ្មោច​លង​ហើយ ។ ​​លោក​បានបញ្ជាក់​​ទៀត​ថា ​ពេល​រក​ស្ត្រី​មាន​ផ្ទៃ​ពោះ​រៀបនឹ​ង​សម្រាល​កូន​អត់​ឃើញ​ ពួកគាត់​សន្និ​ដ្ឋាន​ថា​ ជា​ករណី​ខ្មោច​លង​ពិត​ប្រាកដ​ ព្រោះ​ខ្មោច​​​​​​វា​​អាច​​និម្មិត​​​ធ្វើ​ជា​មនុស្ស​ប្រុស​ស្រី​ ក្មេង ចាស់ អាច​និយាយ​ជាមួយ​នឹង​​​យើង​ក៏បាន​ដែរ ឬ​អាច​ក្លែង​ធ្វើជា​សត្វ​ឆ្កែ​កំបុត​ក​ហូរ​​ឈាម​កក្លាក់​រត់កាត់​មុខ​​យើង និង​ក្លែង​​ធ្វើ​ជា​ហ្វូងគោ ហ្វូង​ក្របី ​អ្វីមួយ​ដើរ​នៅ​ពាំង​ពីមុខ​ម៉ូតូ​ឬរថយន្ត ដែល​ធ្វើ​ឱ្យ​យើង​បើក​បរ​គេចពួកវា​បណ្តាល​ឱ្យ​ធ្លាក់​ប្រឡាយ​បង្ក​ទៅជា​គ្រោះថ្នាក់​​ថែម​ទៀតក៏​មាន​​ ​​ដែល​ជា​ហេតុ​​បង្ក​​ឱ្យ​​ទៅជា​កន្លែង​ជើង​កប​ចាំ​លង​បន្លាច​និង​យក​ជីវិត​​មនុស្ស​ថែម​ទៀត​ផង ។
​​លោក​ផាប់ សូ៊វិចិត្រ ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃ​លិន បាន​ឱ្យ​ដឹង​តាម​ទូរ​ស័ព្ទ​ដែរថា ​​​នៅ​យប់​នោះ​​អត់​មាន​ស្ត្រី​ណា​ម្នាក់​​​​​នៅ​ក្នុងភូមិ​បុសស្អំ ​ត្រូវ​បាន​យក​មក​សម្រាល​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ខេត្ត​​នេះ​​ទេ ។

លោក​បាន​បន្ត​ទៀតថា នៅ​​វេលា​យប់​ថ្ងៃដដែល​​លោក​ឮគេ​​ថា​ មាន​បុរស​​រត់​ម៉ូតូ​ឌុប​ម្នាក់​ទូរស័ព្ទ​ចូល​ប៉ុស្តិ៍​វិទ្យុ ​ខាង​លោក​ក៏​​បាន​បញ្ជូន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ឱ្យចេញ​ទៅ​ដល់​​ភូមិ​ខាងលើ​ភ្លាម ។ ​រថយន្ត​ក៏បាន​បើក​រក​មើល​តាម​បណ្តោយ​ដង​​ផ្លូវជាតិ ជាមួយ​នឹង​ប្រជាពលរដ្ឋ​ស្វែង​រក​រហូតដល់​ម៉ោង​ជាង​១០​យប់ នៅតែ​រក​អត់​​ឃើញ​ ហើយ​ខាង​លោក​ក៏​បាន​ទាក់​ទង​ទៅខាង​ប៉ុស្តិ៍​វិទ្យុ​វិញ​ដែរឱ្យ​ទាក់​ទង​​ទៅ​ខាង​បុរស​ម្នាក់​ ដែល​បាន​ទូរ​ស័ព្ទ​ចូល​ប៉ុស្តិ៍​វិទ្យុ ដើម្បី​ប្រាប់​​ពី​​ទីតាំង​ម្តង​ទៀត​ឱ្យ​បាន​​ច្បាស់​លាស់​ តែខាង​វិទ្យុ​បាត់លេខ​មិន​អាច​ទាក់​ទង​ចូល ហើយ​សហការី​ក៏បាន​សុំ​ទោស​ផងដែរ ដោយ​ទទួល​ព័ត៌​មាន​ពីអ្នក​រាយ​ការណ៍​អត់ច្បាស់​លាស់។ ​ការសង្ស័យ​ពីករណី​ខ្មោច​លង​នេះ​​ វា​គ្រាន់​តែ​ជា​ការ​និយាយ​គ្មាន​មូលហេតុ​​តែប៉ុណ្ណោះ​ ប៉ុន្តែ​គេ​ត្រូវ​តែច្បាស់​លាស់ថា តើ​អ្នក​ផ្តល់​ព័ត៌​មាន​នោះ​ជា​នរណា​ ឯជន​នេះ​មិន​មែន​ជា​មនុស្ស​​មាន​អត្ត​សញ្ញាណ​​​​​​ច្បាស់លាស់​នោះ​ទេ ហើយ​ក៏​​ប្រហែល​​ជា​មិន​មែន​អ្នក​រស់​នៅ​ទី​​នោះ​​​ផង ។

បញ្ហា​បែប​នេះ​វិទ្យុ​ដែល​ទទួល​ព័ត៌ម​ាន​​នេះ​គប្បី​រក​ការ​បញ្ជាក់​​ពីស្ត្រី​រូបនេះ​ ខណៈ​អ្នក​រត់​ម៉ូតូ​​​​បាន​ជួប ។ ​វា​ពិត​ជា​លំបាក​ណាស់​ដែល​លេខ​ទូរស័ព្ទ​​​ចុច​​ចូល​ហើយ​​​​បែរជា​រក​លេខ​មិនឃើញ​ទៅវិញ​នោះ ?