ក្រុងប៉ោយបែ៉ត ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនដោយចោទប្រកាន់ពីបទបៀតបៀនកេរ្តិ៍ខ្មាស លើស្ត្រីអាជីវករលក់ខោអាវម្នាក់នៅក្នុងផ្សារអគ្គថ្មីក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២១ សីហា ។
តាមប្រភពព័ត៌មានពីមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា បុរសជាជនសង្ស័យឈ្មោះ វិន គឿន អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ជាអាជីវករលក់ដូរនៅក្នុងផ្សាររុងក្លឿទឹកដីថៃ ។ មុនពេលកើតហេតុ ជនសង្ស័យរូបនេះបានចូលទៅក្នុងផ្សារខាងលើ រួចសួររកទិញខោអាវ ខណៈនោះស្ត្រីជាអាជីវករក៏ឱនរើអីវ៉ាន់តាមការកុម្ម៉ង់ទិញរបស់ភ្ញៀវ ស្រាប់តែបុរសរូបនោះបានយកដៃទៅលូកស្ទាបអង្អែលគូទរបស់នាងលេង ធ្វើស្រ្តីអាជីវកររូបនោះស្រែកឆោឡោផ្អើលគេឯង ហើយក៏បានប្តឹងទៅកងរាជអាវុធហត្ថឱ្យឃាត់ខ្លួនយកមកសួរនាំតែម្តង ។
សមត្ថកិច្ចបានបន្តទៀតថា បុរសជាប់ចោទម្នាក់នេះត្រូវកម្លាំងបេ៉អឹមឃាត់ខ្លួនទៅតាមពាក្យបណ្តឹងផ្ទាល់មាត់របស់ស្ត្រីរងគ្រោះឈ្មោះ ឆ ប ល មានអាយុ២៤ឆ្នាំ ជាអាជីករលក់ដូរ ។ ក្រោយពេលឃាត់ខ្លួនបុរសរូបនេះ បានឆ្លើយបដិសេធថា ខ្លួនមិនបានប្រព្រឹត្តរឿងបែបនេះឡើយ ។ ប៉ុន្តែទោះជាយ៉ាងណា ខាងស្រ្តីរងគ្រោះនៅតែអះអាងថា នាងមានសាក្សីគ្រប់គ្រាន់ក្នុងរឿងនេះទៀតផង ហើយសមត្ថកិច្ចបេ៉អឹម កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីរកយុត្តិធម៌ឱ្យអ្នកទាំងពីរទៅតាមផ្លូវ ច្បាប់ ៕
ចែករំលែកព័តមាននេះ