រាជធានីភ្នំពេញ ៖ ស្ត្រីជាមេអណ្តើកម្នាក់ កាលពីល្ងាចថ្ងៃទី២០ សីហា បានត្រូវនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញឃាត់ខ្លួនយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ២នាក់ដែលត្រូវគេនាំយកទៅធ្វើជាស្រី្តពេស្សា នៅប្រទេសថៃ ។ ស្ត្រីជាមេអណ្តើកដែលត្រូវឃាត់ខ្លួននេះឈ្មោះជ្រា លីនដា ហៅវីន អាយុ២៣ឆ្នាំ ជាអ្នករត់តុ នៅភោជនីយដ្ឋានជីកាហ្គោ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ចំពោះការឃាត់ខ្លួននាងមេអណ្តើកម្នាក់នេះត្រូវនគរបាលការិយាល័យប្រឆាំងការជួយដូរមនុស្ស និងការពារអនីតិជនឱ្យដឹងថា គឺយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ២នាក់ដែលបានប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ។ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះដែលជាអ្នករត់តុតាមហាងដូចគ្នា បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ សីហា ឈ្មោះជ្រា លីនដា ហៅវីន បានទៅជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់របស់ពួកនាងដែលពេលនោះឈ្មោះវីន បាននិយាយថា មានបុរសម្នាក់បបួលដើរលេងក្នុង១យប់គេឱ្យ៣០០ដុល្លារ ហើយដោយសារចង់បានប្រាក់ពួកនាងក៏យល់ព្រមទៅតាម ។ ក្រោយពីស្ម័គ្រចិត្តហើយមាននារី២នាក់ទៀតទៅជាមួយដែរ ដោយបានណាត់ជួបគ្នានៅក្លិបកម្សាន្តស្កាយម្តុំផ្សារដីហុយ និងមានរថយន្តតាក់ស៊ីមួយគ្រឿងនៅចាំទទួល ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចទៀតថា ពេលជួបជុំគ្នាហើយមេអណ្តើកបាននាំពួកនាងធ្វើដំណើរទៅកាន់ខេត្តកោះកុង និងបានទៅឈប់នៅផ្សារមួយដែលពួកនាងមិនស្គាល់ បន្តិចក្រោយមកក៏មានមនុស្សស្រីម្នាក់ទៅជួប ហើយមនុស្សម្នាក់នោះក៏នាំដើរចេញពីផ្សារមួយក្នុងខេត្តកោះកុង ដោយឆ្លងកាត់បន្ទាយទាហាន ដោយឡើងភ្នំចុះភ្នំ អស់រយៈពេលជាង៣ម៉ោងទើបចូលដល់ដីថៃគឺស្រុកខ្លងស្រុ៊ន ដែលជាតំបន់ទេសចរណ៍ផ្លូវភេទ ។ ពេលទៅដល់ដីថៃ អ្នកជូនដំណើរបាននាំពួកនាងចូលផ្ទះបនមួយកន្លែង ពេលនោះស្ត្រីម្នាក់ទំនងជាថៅកែបន បានសួរថា តើព្រមធ្វើស្រីបនទេ ? ពួកនាងបានប្រកែក ទើបមេបននៅស្រុកខ្លងស្រ៊ុន ប្រទេសថៃ ដេញនាងឱ្យវិលមកវិញ ។
ជនរងគ្រោះបានប្រាប់នគរបាលទៀតថា ពេលពួកនាងទៅដល់ប្រទេសថៃបាន១ថ្ងៃ ក៏ត្រូវឈ្មោះជ្រា លីនដា បម្រុងលក់ឱ្យនៅបម្រើផ្លូវភេទ តែដោយនាងមិនព្រមក៏ត្រូវគេបញ្ជូនឱ្យមកស្រុក
ខ្មែរវិញ ។ ក្រោយពេលមកដល់ នាងបានស្វែងរកជួបមេអណ្តើកឈ្មោះវីន ក៏ឃើញនៅបន្ទប់ផ្ទះជួលខាងលើ ទើបទូរស័ព្ទទាក់ទងទៅសមត្ថកិច្ចឱ្យឃាត់ ខ្លួនតែម្តងទៅ ។ ក្រោយពីឃាត់ខ្លួន
មន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនមេអណ្តើករូបនេះទៅកាន់សាលាដំបូងរាជធានី ដោយចោទប្រកាន់ពីបទជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ។
ទោះជាយ៉ាងណា ស្ត្រីជាប់ចោទបានបដិសេធថា ខ្លួនមិនបានដឹងទេ គឺធ្វើទៅតាមស្ត្រីម្នាក់ដែលមកទទួលពួកនាងទៅកោះកុងប៉ុណ្ណោះ ។ ទោះបីជាបានបដិសេធក្តី ក៏ស្ត្រីជាប់ចោទជាមេអណ្តើកនេះគឺជាជនអូសទាញដំបូងឱ្យពួកនាងធ្លាក់ក្នុងបណ្តាញពួកជួញដូរមនុស្ស និងចាត់ទុកថាជាសំណាងហើយដោយសារផ្ទះបននៅថៃព្រមឱ្យវិលត្រឡប់មកវិញដោយស្រួលនោះ ៕
ចែករំលែកព័តមាននេះ