ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​ភាគ​តិច​និង​អ្នក​ទេស​ចរ​និយម​បន់​ស្រន់​នៅ​ភ្នំ​ដោះ​ក្រមុំ​ព្រោះ​ជឿ​ថា​ស័ក្តិ​សិទ្ធិ​

10 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ​ដែល​មាន​សរុប​ប្រមាណ​១០​ជន​ជាតិ​ដូច​ជា​ ព្នង​​ ក្រោល​​ គ្រឹង​​ ទំពួន ​រអូង​ ស្ទៀង​ ចារាយ​ កួយ​ រដែ និងថ្មូន​ ជា​ដើម​ បាន​យក​ «ភ្នំដោះក្រមុំ»​ ជា​កន្លែង​បន់​ស្រន់​ដោយ​ជឿ​ជាក់​ថា​ មាន​ភាព​ស័ក្តិ​សិទ្ធិ​ ។​ សព្វ​ថ្ងៃ​នេះក្រៅ​ពី​អ្នក​ស្រុក​ គេ​ឃើញ​មាន​អ្នក​មក​ពី​តំបន់​ ផ្សេងៗ​ ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ​ និង​អ្នក​ទេសចរ​

ខេត្ត​មណ្ឌល​គិរី​ ៖ ជនជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ​ដែល​មាន​សរុប​ប្រមាណ​១០​ជន​ជាតិ​ដូច​ជា​ ព្នង​​ ក្រោល​​ គ្រឹង​​ ទំពួន ​រអូង​ ស្ទៀង​ ចារាយ​ កួយ​ រដែ និងថ្មូន​ ជា​ដើម​ បាន​យក​ «ភ្នំដោះក្រមុំ»​ ជា​កន្លែង​បន់​ស្រន់​ដោយ​ជឿ​ជាក់​ថា​ មាន​ភាព​ស័ក្តិ​សិទ្ធិ​ ។​ សព្វ​ថ្ងៃ​នេះក្រៅ​ពី​អ្នក​ស្រុក​ គេ​ឃើញ​មាន​អ្នក​មក​ពី​តំបន់​ ផ្សេងៗ​ ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​នោះ​ និង​អ្នក​ទេសចរ​ឆៀង​ចូល​ទៅ​បន់​ស្រន់​សុំ​សេចក្តី​សុខ​ពីម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ ។

មាន​វ័យ​ជាង៧០ឆ្នាំ​ លោកតា​ សំរិទ្ធ​ ថន​ ​ជា​ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្រុង​សែន​មនោ​រម្យ​​ ខេត្ត​មណ្ឌល​គិរី​ ឱ្យ​ដឹង​កាល​ពី​ពេល​ ថ្មីៗ​នេះ​ថា​ ប្រជា​ជន​នៅ​តំបន់​នោះ​មាន​ជំនឿ​យ៉ាង​ខ្លាំង​ទៅ​លើ​ម្ចាស់​ទឹក​ម្ចាស់​ដី​នៅ​លើ​ «ភ្នំដោះក្រមុំ»​  សូម្បី​អ្នក​ទៅ​ពី​តំបន់ក្រៅ​ដែល​ឆ្លង​កាត់​ ក៏​មិន​អាច​បំភ្លេច​បាន​ពី​ការ​ចូល​សុំសេចក្តីសុខដែរ​ ។

លោកតា​ដដែល​​បន្ត​ថា​ អ្នក​រស់​នៅ​ខេត្ត​មណ្ឌល​គិរី តែង​តែ​យក​សំណែន​ និង​គ្រឿង​រណ្តាប់​ទៅ​ថ្វាយ​ម្ចាស់​​ទឹក​ម្ចាស់​ដី​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​​ មាន​ដូច​ជា​ជ្រូកខ្វៃ​ មាន់ខ្វៃ​ ផ្លែឈើ​ ភេសជ្ជៈ ស្រា និង​ផ្កាភ្ញី​ ជាដើម​ ។ មានពេលខ្លះ​អ្នក​ស្រុក​ ជាពិសេស​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ បានយក​សំណែន​ដ៏​ធំគឺ​កាប់​ក្របីផឹក​ស្រា​ និង​ធ្វើ​ពិធី​រាំ​ថ្វាយ​បុព្វ​បុរស​ដែល​ជា​ទី​សក្ការ​របស់​គេ​ ។

ចំណែក​លោក​ជ្រាង​ ណើប ប្រធាន​ការិយា​ល័យ​អភិវឌ្ឍ​វប្បធម៌​ខេត្ត​មណ្ឌល​គិរី​ ឱ្យ​ដឹង​ថា​ អ្នក​ដែល​ទៅ​បន់ស្រន់នៅលើភ្នំដោះក្រមុំ ​គឺ​ដើម្បី​សុំសេចក្តីសុខ​ ឬក៏លាពាក្យសម្តី​ និង​អ្វី​ដែល​បាន​ធ្វើ​ខុស​ឆ្គង​ដោយប្រការណាមួយ​ ។ ក្នុង​មួយ​ ឆ្នាំៗ​មាន​អ្នក​ទៅ​បន់​ស្រន់​នៅលើភ្នំដោះក្រមុំ​ ប្រមាណ​ពី​២.០០០​ទៅ​៣.០០០​នាក់​ ។​ អ្នក​ដែល​ទៅ​កាន់​ទីនោះ​ច្រើន​ជាងគេ​ គឺ​អ្នក​ទេស​ចរ​​ ដោយ​ពួកគេ​បាន​ឡើង​ទៅ​បន់លោកតា​ លោក​យាយ​នៅ​លើ​ភ្នំ​ដោះក្រមុំ​ ដើម្បី​សុំ​សេចក្តី​សុខ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​គ្រប់ទិសទី​ ។​ ពួក​គេ​សុំ​កុំ​ឱ្យ​ប៉ះ​ពាល់​អី​ ឬ​ក៏​ឈឺ​គ្រុន​ ឬក៏ភ្លូកឡាន​ ឬប៉ះទង្គិច ​ ផ្សេងៗ​ គឺ​សុំពីលោកតា លោក​យាយ​នៅ​ទីនោះ​ជួយ​ឱ្យ​សុខ​សប្បាយ​ ។ ពួកគេ​ឡើង​ទៅ​បន់​លោកតា​ លោក​យាយជា​មុន​សិន​ទើប​ចេញ​ទៅ​លេង​ទឹក​ជ្រោះ​ប៊ូស្រា​ សមុទ្រ​ឈើ​ ឬក៏​ទៅ​ដំណាក់​ស្តេច​ជាដើម ។

លោកជ្រាង ណើប​ ​ឱ្យ​ដឹង​ទៀត​ថា​ បើ​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ពេល​ដែល​ជន​ណា​មួយ​ប្រព្រឹត្ត​កំហុស​លើ​ជន​ជាតិ​នេះ​ គេ​តម្រូវ​ឱ្យ​ជន​ដែល​ប្រព្រឹត្ត​ខុស​ធ្វើ​ពិធី​មួយ​ដែល​គេ​ហៅ​ថា​ «អំប៉េះលិះលា» ដើម្បីសុំទោស​ ។​ ពិធី​អំប៉េះ​លិះ​លា​ តម្រូវ​ឱ្យ​ជន​ដែល​បាន​ប្រព្រឹត្ត​ខុស​ យក​ដំរី​ដើម្បី​បូជា​ដល់​ព្រះ​នៃ​ជន​ជាតិ​ព្នង​ ប៉ុន្តែ​បើ​មិន​មាន​សមត្ថ​ភាព​រក​ដំរី​បាន​ទេ​គ​េអាច​យក​គោ ឬ​ក្របី​ជំនួស​បាន​ ។​ ពិធី​នេះ​មាន​សារសំខាន់​ណាស់​ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជន​ជាតិ​ព្នង​ អត់​ឱន​ឱ្យ​ជន​ដែល​ប្រព្រឹត្ត​ឆ្គាំ​ឆ្គង​ចំពោះ​ពួកគេ​បាន ។

ចំពោះ​ពិធី​សែន​កាប់​ក្របី​ផឹក​ស្រា​របស់​ជន​ជាតិ​ដើម​ភាគតិច​ថ្វាយទៅដល់ម្ចាស់​ទឹក​ ម្ចាស់ដី​នៅ​លើភ្នំដោះក្រមុំ ត្រូវ​លោក​ជ្រាង ណើប​ ឱ្យ​ដឹង​ថា​ គឺគេតែងធ្វើរៀងរាល់៣ឆ្នាំម្តង ឬ​៦ឆ្នាំ​ម្តង​ នៅ​ពេល​ផល​ដំណាំ​ស្រូវ​របស់​ពួក​គេ​ទទួល​បាន​ច្រើន​ ។ «ពិធី​កាប់ក្របី​សែន​ស្រូវ ផឹកស្រា​ហ្នឹង​គឺ​អត់​ទៀងទាត់ទេ​ ព្រោះ​លក្ខណៈ​នៃ​ពិធី​សែន​បែប​នេះ​ គឺគេធ្វើតែនៅពេល​ផលស្រូវ​បាន​ច្រើន អាហ្នឹង​​បាន​គេ​ធ្វើ​ពិធី​សែន​ព្រេន​បែប​នេះ​»​ ។

ទាក់ទងនឹងអបិយ​ជំនឿរបស់អ្នកស្រុក​លោក​ជ្រាង​ ណើប​ ឱ្យ​ដឹង​ពីប្រវត្តិ​ ខ្លះៗថា​ កាល​ពី​ដើមឡើយ មាន​បុរស​ម្នាក់​ឈ្មោះ​ «ស្រុះ»​ បាន​ទៅ​លេង​នៅ​ក្នុងពិធីមួយនៅ​លើ​ភ្នំដោះក្រមុំ​ ហើយ​បានឃើញ​ និង​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់​​ មាន​ឈ្មោះ «ផ្លំ» ។ លុះ​ក្រោយ​មក​ បុរស​ក្រមុំ​មួយ​គូ​នេះ​បាន​ក្លាយ​ជា​គូ​ដណ្តឹងនឹងគ្នា​ ។​

នៅថ្ងៃមួយនារីឈ្មោះផ្លំ​ បាន​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ម្តុំ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​ដង​ទឹក​ ប៉ុន្តែ​មិន​ឃើញ​ទៅ​ផ្ទះវិញ​ឡើយ​ ។ ហេតុ​ការណ៍នេះ​ធ្វើ​ឱ្យ​អ្នក​ស្រុក និង​បុរស​ជា​គូ​ដណ្តឹង​ភ័យ​ស្លន់ស្លោ​ នាំ​គ្នាដើររក​ ប៉ុន្តែ​រក​មិន​ឃើញ​ឡើយ​ ។ លុះ​រំលង​មក​ ឆ្ងាយ​បន្តិច​ប្រមាណ​ជាង​៣ខែ​ គឺនៅថ្ងៃមួយ​ បុរសជា​គូ​ដណ្តឹង​ឈ្មោះស្រុះ បាន​ចូល​ទៅ​កាន់​ព្រៃ​ម្តុំ​បាត់​នារី​ឈ្មោះ​ផ្លំ​ នោះ ហើយ​បាន​លេច​ចេញ​រូបរាង​ និង​សំឡេង​របស់​នាង​ផ្លំ​ នៅ​ក្នុងជ្រោះក្បែរនោះ​ ដោយ​ប្រាប់​ឱ្យ​ដឹង​ថា​ នាង​មិន​ទាន់​ស្លាប់​ទេ​ គឺ​អ្នក​សច្ចំ​នៅ​ភ្នំដោះក្រមុំ ​សុំ​ឱ្យ​នាង​នៅ​ចាំស្រូវ​ និង​ផល​ដំណាំ​អ្នក​ស្រុក​ ។​ បន្ទាប់​ពី​ប្រាប់បុរសជា​គូ​ដណ្ដឹងដូច្នេះ​ហើយ​ អ្នក​សច្ចំ​ក៏​បណ្តាល​ (ប្រាប់)​ឱ្យ​នារី​ជា​គូ​ដណ្ដឹង​ បបួល​បុរស​ឈ្មោះ​ស្រុះ​ នៅចាំ​ថែ​រក្សា​ជាមួយ​គ្នា​ ​។
អ្នកស្រុកក្រោយពេលដឹងថា បាត់​បុរស​ឈ្មោះ​ស្រុះ​ ម្នាក់ទៀត ​ក៏​បបួល​គ្នា​តាម​ស្វែង​រក​ ប៉ុន្តែ​មិន​ឃើញ​ដូចបំណង​ឡើយ ហើយ​ក៏​សន្មត​ថា​ កំលោះ​ក្រមុំ​មួយគូនេះ​បានស្លាប់ទៅ​ហើយ​ ។

ក្រោយ​មក​លោក​តា​ស្រុះ​ យាយផ្លំ តែង​តែ​បង្ហាញ​ខ្លួន​ឱ្យ​អ្នក​ស្រុកបានឃើញ​ ដោយ ​ប្រាប់ថា ពួក​គាត់​ទាំង​ពីរ​នាក់​មិន​ទាន់​ស្លាប់​​ទេ គឺពួកគាត់​ត្រូវ​ម្ចាស់ទឹកម្ចាស់ដីនៅលើភ្នំ​ដោះ​ក្រមុំ​ឱ្យ​បន្តវេននៅចាំថែរក្សាផលដំណាំ និង​ប្រជា​ជន​ក្នុង​តំបន់​ ។​ ដូច្នេះ​បើ​នៅ​ថ្ងៃ​ក្រោយ​ មាន​បង​ប្អូន​ណា​ចង់​ជួប​ ឬ​ក៏​មាន​ទុក្ខ​ធុរៈ​ ឬជម្ងឺ​ ផ្សេងៗ ចូរនឹកដល់ពួកគាត់​ គឺពួក​គាត់​នឹង​ជួយ​បាន​ដូច​ប្រាថ្នា ។ តាំង​ពី​ពេល​នោះ​មក​ ជំនឿ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​ តៗគ្នាសម្រាប់​អ្នក​រស់​ទីនោះ​រហូត​មក​ដល់បច្ចុប្បន្ន​ ។

ភ្នំដោះ​ក្រមុំ​ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ​ ខេត្ត​មណ្ឌល​គិរី​ នៅ​ពេល​យើង​ទៅ​ដល់​រង្វង់​មូល​ក្រុង​សែន​មនោ​រម្យ​ ក្នុង​ទឹក​ដី​ខេត្ត​មណ្ឌល​គិរី​ យើង​ក្រឡេក​មើល​ទៅ​ខាង​ស្តាំ​ដៃ​នឹង​ឃើញ​ភ្នំ​ដោះ​ក្រមុំ​ ដែល​មាន​រុក្ខ​ជាតិ​ដុះ​ចម្រុះ​ពណ៌​ខៀវ​ស្រងាត់​នៅ​រដូវ​វស្សា​ ៕