ខេត្តកណ្តាល ៖ យុវនារីម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីប៉ុន្មានថ្ងៃមុន ឥឡូវបានអណ្តែតហើយ និងត្រូវរកឃើញកប់ក្នុងដុបកំប្លោកមុខវត្តពាម(នៅទល់មុខសង្កាត់ព្រែកព្នៅ) បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ថ្ងៃទី២១ កក្កដា ២០១៣ ស្ថិតក្នុងភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូល ។
សពនារីវ័យក្មេងម្នាក់នេះត្រូវបានគេស្គាល់ឈ្មោះ តឹប គឹមហៀង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១នៃវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ក្រុមគ្រួសារសពនារីរងគ្រោះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យនារីរូបនេះលោតទឹកសម្លាប់ខ្លួនដោយសារតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយតែងតែសន្លប់ជាញឹកញាប់ ហើយនៅមុនថ្ងៃកើតហេតុប្រហែល១សប្តាហ៍នាងបានដួលសន្លប់នៅក្នុងសាលា។
បច្ចុប្បន្នសពនារីរងគ្រោះត្រូវក្រុមគ្រួសារសាច់ញាតិរបស់នាងចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។
គួររំលឹកផងដែរថា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ កក្កដា ២០១៣ កន្លងមក គេឃើញនារីម្នាក់ជិះម៉ូតូម៉ាកហ្វីណូពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ១V៥៥៥៩ ខណៈពេលទៅដល់លើស្ពានជ្រោយចង្វារក៏បានចុះពីលើម៉ូតូឡើងលើបង្កាន់ដៃស្ពានរួចលោតសម្លាប់ខ្លួនលិចបាត់ទៅក្នុងទឹកតែម្តង៕
ចែករំលែកព័តមាននេះ