ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យចំនួន៩នាក់បានត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ និងស្វែងរកចាប់បក្សពួកដែលសេសសល់ជាបន្តទៀតដោយសារជាប់ពាក់ព័ន្ធក្នុងករណីឆក់ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើក និងបង្កឱ្យកងកម្លាំងសមត្ថកិច្ចខេត្តឈឺក្បាលយ៉ាងខ្លាំងនាពេលកន្លងមក ។
ជនសង្ស័យម្នាក់ឈ្មោះចាន់ សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ ដែលគេដឹងថា ជាកូនប្រុសបង្កើតរបស់លោកចាន់ សុផា នាយការិយាល័យនគរបាលការពារអន្តរាគមន៍ខេត្ត គឺជាមេខ្លោងក្នុងការប្រព្រឹត្តបទល្មើសឆក់ និងលួចក្នុងខេត្ត ប៉ុន្តែតែងតែគេចខ្លួនបានគ្រប់ពេលក្រោយពីធ្វើសកម្មភាពរួចទើបសមត្ថកិច្ចចាប់កំហុសមិនបាន ។ ទោះបីបែបណាក្ដី ពេលនេះជននេះរួមនឹងបក្សពួក៨នាក់ទៀតត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចាប់ខ្លួនជាបន្តបន្ទាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ហើយ ។ ពិតណាស់ ជនសាងបទល្មើសមិនអាចជួបវាសនាល្អរហូតនោះទេ ថ្ងៃណាមួយនឹងត្រូវក្របួច ។
លោកវរសេនីយ៍ទោ ហោ វុទ្ធី នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យមួយក្រុមនេះមានបក្សពួកចំនួន៩នាក់ ត្រូវចាប់ខ្លួនបានចំនួន៦នាក់ ហើយនិងនៅសល់៣នាក់ទៀតកំពុងស្វែងរកចាប់ខ្លួនបន្ត ។ ជនសង្ស័យដែលចាប់ខ្លួនបាននេះមាន១-ឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ២-ឈ្មោះចាន់ ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ (មានដីកាចាប់ខ្លួនពីបទប្លន់ )រស់នៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ៣-ឈ្មោះខេន សុខហួ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សរស់នៅភូមិកណ្ដាល ង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ៤-ង៉ែត សាំសុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង ៥-ឈ្មោះសៃ សុភា ហៅញ៉ូង ភេទប្រុស អាយុ១៤ឆ្នាំ និង៦មិនស្គាល់ឈ្មោះព្រោះកំពុងបញ្ជូនមកពីខេត្តក្រចេះ ។
លោកនាយការិយាល័យបញ្ជាក់ថា ក្រុមនេះបានធ្វើសកម្មភាពក្នុងក្រុងស្ទឹងត្រែងជិត២០ករណីមកហើយដោយការឆក់ និងលួច ។ ជាក់ស្ដែងមុនពេលឃាត់ខ្លួន ក្រុមជនសង្ស័យបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេ៊រី២០១០មួយគ្រឿង ឆក់កាបូបជនរងគ្រោះឈ្មោះធិត សារ៉ន ភេទស្រី អាយុ៤៥ឆ្នាំ ជាគ្រូបង្រៀន រស់នៅភូមិស្ពានថ្ម សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខណៈធ្វើដំណើរតាមផ្លូវក្រោយសាលាបឋមសិក្សាស្ទឹងត្រែង ។ នៅក្នុងការបូបដែលត្រូវបានឆក់យកទៅនោះមាន លុយចំនួនជាង១លានរៀល ខ្សែកប្លាទីនទម្ងន់៣ជី និងមាស៨ហ៊ុន ព្រមទាំងឯកសារមួយចំនួនទៀត ។ ក្រោយពេលក្រុមជនសង្ស័យធ្វើសកម្មភាពរួចទើបកម្លាំងសមត្ថកិច្ចចុះកំណត់មុខសញ្ញា និងចាប់ខ្លួនបានជាបន្តបន្ទាប់ព្រមទាំងនាំជនសង្ស័យទាំងនេះទៅចង្អុលបង្ហាញទីតាំងលាក់ទុកសម្ភារដែលធ្វើសកម្មភាពនៅក្នុងព្រៃចាស់ម៉ុងចិន ក្នុងភូមិថ្មលាត សង្កាត់ស្រះឫស្សី ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្នងការដ្ឋានខេត្តឱ្យដឹងថា កូនប្រុសរបស់លោកចាន់ សុផា មានចំនួន២នាក់ ម្នាក់ជាកូនច្បងត្រូវសមត្ថកិច្ចចាប់ខ្លួនបាន និងម្នាក់ទៀតកំពុងរត់គេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងមមាញឹកក្នុងការបោសសម្អាតក្រុមបក្សពួកសង្ស័យទាំងអស់ ហើយនឹងត្រៀមធ្វើសន្និសីទកាសែតមួយនៅស្នងការដ្ឋាននគរបាលខេត្តពីការបង្ក្រាបក្រុមជនសង្ស័យនេះ ៕
ចែករំលែកព័តមាននេះ