រាជធានីភ្នំពេញ ៖ ប៉ូលិសការិយាល័យអន្តោប្រវេសន៍បានចាប់បញ្ជូនជនជាតិចិនចាប់រំលោភស្ត្រីជនជាតិខ្មែរ ជាបុគ្គលិករបស់ខ្លួនទៅតុលាការកាលពីវេលាម៉ោង២រសៀលថ្ងៃទី១៤ ឧសភា ២០១៣ ។ សូមបញ្ជាក់ថា ជនជាតិចិនរស់នៅកម្ពុជា ដែលបានចាប់រំលោភស្រ្ដីជនជាតិខ្មែរជាបុគ្គលិករបស់ខ្លួន រហូតបានសម្រេចកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១២ ឧសភា នៅបន្ទប់ផ្ទះជួលលេខ៥ ផ្លូវលេខ៤៦៦ ភូមិ៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃដដែល បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ស្រ្ដីរងគ្រោះ ។
តាមប្រភពព័ត៌មានឱ្យដឹងថា ជនជាប់ចោទឈ្មោះ ជីង ជាងលីន អាយុ៣៦ឆ្នាំ ជានាយកហិរញ្ញវត្ថុក្រុមហ៊ុនស្ពានជីងជាងប៉ីស៊ីនគ្រុប ។ បើតាមស្រ្ដីរងគ្រោះរៀបរាប់ថា នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ខណៈជនជាតិចិននេះត្រឡប់មកពីផឹកស៊ីនៅខាងក្រៅវិញ ក៏ហៅឱ្យបើកទ្វារ រួចហៅនាងឱ្យឡើងទៅបន្ទប់ជាន់ទី២ ក៏ចាប់នាងរំលោភរហូតបានសម្រេច ។ ក្រោយការរងគ្រោះ នាងមានតែរត់ចូលក្នុងបន្ទប់ទាំងឈឺចាប់ប៉ុណ្ណោះ លុះព្រឹកឡើងនាងក៏ប្ដឹងសមត្ថកិច្ចទើបឈានដល់ការចាប់ខ្លួនជននេះតែម្ដង ។
នារីរងគ្រោះរៀបរាប់ថា នាងរស់នៅក្នុងផ្ទះខាងលើជាមួយជនជាតិចិននេះ ក្នុងឋានៈជាកម្មករអនាម័យផ្ទះសម្បែង និងធ្វើម្ហូបអាហារឱ្យជនជាតិចិន ដែលស្នាក់នៅក្នុងផ្ទះខាងលើចំនួន៣នាក់ទៀត តែនៅបន្ទប់ផ្សេងគ្នា ។ នៅយប់កើតហេតុអ្នករស់នៅក្នុងផ្ទះជាមួយបានចូលសម្រាកក្នុងបន្ទប់អស់រៀងៗខ្លួន នៅសល់តែរូបនាងជាអ្នកបម្រើបើកទ្វារផ្ទះឱ្យឈ្មោះ ជីង ជាងលីន ទើបរូបគេងាយធ្វើសកម្មភាពរំលោភរូបនាង រហូតបានសម្រេច ។ នារីរងគ្រោះបាននិយាយទាំងអៀនខ្មាសប្រាប់សមត្ថកិច្ចថា រូបនាងបាត់បង់ព្រហ្មចារីដោយសារតែជនជាតិចិនខាងលើនេះឆក់ប្លន់ ៕
ចែករំលែកព័តមាននេះ