ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានមន្ត្រីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៤ ឧសភា បន្ទាប់ពីបានចាប់ខ្លួនកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១២ ឧសភា ស្ថិតក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខណៈដែលជនសង្ស័យរូបនេះយកក្រដាស១០០ដុល្លារក្លែងក្លាយទៅចាយវាយក្នុងភូមិខាងលើ់ ។
តាមមន្ត្រីប៉ូលិសបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះអ៊ុក ជា អាយុ៣៤ឆ្នាំ មានទីលំនៅភូមិឈូក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ។ ជនសង្ស័យរូបនោះកាលពីវេលាម៉ោងកើតហេតុបានយកក្រដាស១០០ដុល្លារក្លែងក្លាយ ទៅទិញទឹកក្រូចគេមួយកំប៉ុងហើយឱ្យគេអាប់លុយប៉ុន្តែដោយអ្នកលក់មានការសង្ស័យ ក៏រាយការណ៍ប្រាប់ ប៉ូលិស ហើយបានពិនិត្យឃើញប្រាក់ដុល្លារនោះក្លែងក្លាយមែន និងបានឆែកក្នុងខ្លួនឃើញមានប្រាក់ដុល្លារក្លែងក្លាយ ១៣សន្លឹកទៀត ដែលសរុបក្នុងខ្លួន ជនសង្ស័យខាងលើមានក្រដាស ១០០ដុល្លារក្លែងក្លាយចំនួន ១៤សន្លឹក ។ បន្ទាប់ពីឆែកឃើញលុយក្លែងក្លាយបែបនេះប៉ូលិសមូលដ្ឋានបានចាប់បញ្ជូនជនសង្ស័យរូបនេះមកស្នងការដ្ឋាននគរបាលខេត្តតែម្តង ៕
ចែករំលែកព័តមាននេះ