ខេត្ដកំពង់ឆ្នាំង ៖ រោងបុណ្យចាំទទួលសពអមដោយមេក្រូបន្លឺសំឡេងបទខ្លងខែក បានចាប់ផ្ដើមតាំងពីព្រលឹមស្រាងៗថ្ងៃទី៩ មេសា រហូតដល់វេលាល្ងាចថ្ងៃដដែល និងបានបន្ដរហូតដល់ថ្ងៃត្រង់ថ្ងៃទី១០ មេសា ក្រោមការទន្ទឹងរង់ចាំយ៉ាងអន្ទះសាពីសំណាក់ឪពុកម្ដាយ បងប្អូន ជាពិសេសភរិយា និងកូនៗនៃសព ពលករចំណាកស្រុកម្នាក់ដែលទៅធ្វើការនៅប្រទេសថៃ ក្រោយពីបានទទួលដំណឹងថា ត្រូវស្លាប់ពេលកំពុងបំពេញការងារសំណង់ ដោយធ្លាក់ពីលើអគារកម្ពស់១២ជាន់និងត្រូវដឹកមកដល់នៅថ្ងៃទី៩ មេសា ។ ប៉ុន្ដែការទន្ទឹងរង់ចាំនៅតែបាត់ដំណឹងសូន្យឈឹង ធ្វើឱ្យក្រុមគ្រួសារនៅក្នុងភូមិត្រពាំងគ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ អស់សង្ឃឹមយ៉ាងខ្លាំង ។
ក្រោមដំណក់ទឹកភ្នែក ដោយមានបីកូនតូចក្នុងដៃឈរអមដោយកូនស្រីតូចមានអាយុប្រហែលជា៥ឆ្នាំ និងឪពុកម្ដាយអង្គុយអមសងខាងក្នុងរោងបុណ្យដែលមានមនុស្សយ៉ាងច្រើនកុះករ នោះ ភរិយានៃសពពលករចំណាកស្រុកបានរៀបរាប់ថា រូបនាងឈ្មោះ សូ សារីម អាយុ២៦ឆ្នាំ ប្ដីឈ្មោះ ជ្រឿន ផល្លា អាយុ២៩ឆ្នាំ ។ ប្ដីនាងទើបតែចេញទៅធ្វើជាពលករនៅប្រទេសថៃ កាលពីថ្ងៃទី៩ មីនាកន្លងទៅនេះតាមរយៈក្រុមហ៊ុនឈ្មោះ «ថបមែន ផៅវើ» ដោយនឹកគិតក្នុងចិត្ដថា ដើម្បីរកប្រាក់កម្រៃដោះស្រាយជីវភាពឱ្យធូរធារ ប៉ុន្ដែបែរជួបនឹងគ្រោះអកុសលទៅវិញ ។ នាងបានទទួលដំណឹងថា ប្ដីនាងត្រូវស្លាប់ដោយសារធ្លាក់ពីអគារកម្ពស់១២ជាន់ នៅទីក្រុងបាងកក ខណៈដែលគាត់ធ្វើជាកម្មករសំណង់នៅទីនោះ ។ នាងបានរៀបរាប់បន្ដទៀតថា ដោយសារតែគ្រួសារនាងមានជីវភាពក្រីក្រ និងបានទទួលដំណឹងថា ទៅធ្វើការនៅប្រទេសថៃទទួលបានកម្រៃខ្ពស់ ទើបនាងសុខចិត្ដទៅចងការប្រាក់គេចំនួន១៥០ដុល្លារ ដើម្បីរត់ការឱ្យប្ដីបានទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុន «ថបមែន ផៅវើ» ។ បែរជាវាសនាអាក្រក់ប្ដីនាងត្រូវធ្លាក់ពីអគារកម្ពស់១២ជាន់ស្លាប់ កាលពីថ្ងៃទី៣ មេសា ។
បុរសម្នាក់ឈ្មោះ ម៉ក់ លី អាយុ៥៣ឆ្នាំ ជាឪពុកនិយាយថា គាត់បានទទួលដំណឹងថា កូនប្រុសគាត់បានស្លាប់តាំងពីថ្ងៃទី៣ មេសា ម៉្លេះ។ ប៉ុន្ដែរហូតមកដល់ថ្ងៃទី៩ មេសា នេះទៅហើយ ក៏នៅមិនទាន់បានទទួលសពកូនប្រុសគាត់នៅឡើយទេ ។ ដោយឡែកខាងក្រុមហ៊ុនបានប្រាប់គាត់ម្ដងថា សពកូនប្រុសគាត់នឹងដឹកមកដល់ថ្ងៃទី៧ មេសា តែក្រោយមកថា ថ្ងៃទី៨ មេសា និងចុងក្រោយប្រាប់ថាថ្ងៃទី៩ មេសា ។ ប៉ុន្ដែនៅតែក្រុមគ្រួសារគាត់មិនទាន់បានទទួលសពមកធ្វើបុណ្យដដែល ។ បើទោះជាបែបនេះក្ដី ខាងក្រុមគ្រួសារគាត់សម្រេចធ្វើបុណ្យឱ្យសពនៅថ្ងៃទី៩ មេសា ព្រោះបើគិតមកដល់ថ្ងៃនេះមានរយៈពេល៧ថ្ងៃហើយ ។ បើតាមជំនឿ និងតាមប្រពៃណីខ្មែរយើង ក្រោយពីអ្នកដែលបានស្លាប់ទៅក្នុងរយៈពេលនេះក្រុមគ្រួសារនឹងត្រូវធ្វើបុណ្យ៧ថ្ងៃឱ្យដោយខានពុំបាន ពីព្រោះព្រលឹងរបស់គេនឹងវិលមកទទួលមគ្គផលពីសាច់ញាតិឧទ្ទិសមគ្គផលឱ្យមុននឹងទៅចាប់ជាតិនៅភពថ្មី ។
ឪពុកនៃសពបានបញ្ជាក់ទៀតថា ខាងក្រុមហ៊ុនបានយកប្រាក់ចំនួន១.៤០០.០០០រៀល មកប្រគល់ឱ្យជាប្រាក់អាយុជីវិតកូនប្រុសគាត់ស្លាប់ក្នុងពេលបំពេញការងារនៅប្រទេសថៃ ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមហ៊ុនរបស់គេឈ្មោះ «ស៊ី ឌី អឹម ត្រេឌីង ផៅវើ »មិនមែន «ថបមែន ផៅវើ» ទេ ។ ចំពោះការយឺតយ៉ាវក្នុងការនាំសពពលករត្រឡប់មកវិញ គឺដោយសារខាងមន្ទីរពេទ្យស្រុកគេ ដែលជាមន្ទីរពេទ្យធំជាងគេ ត្រូវការបំពេញបែបបទច្បាស់លាស់ និងមានការបញ្ជាក់ពីស្ថានទូតផងដែរ ហើយចំថ្ងៃសៅរ៍ អាទិត្យជាថ្ងៃសម្រាកទៀត ទើបយឺតយ៉ាវបែបនេះ ។ នៅព្រឹកថ្ងៃទី១០ មេសា នេះលោកទើបតែចេញទៅទទួលសពនៅប៉ោយប៉ែត តែមិនដឹងថានឹងមកដល់ពេលណាទេ។
គួររំលឹកថា ប្រជាពលករខ្មែរ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ តាមរយៈក្រុមហ៊ុនស្របច្បាប់ និងខុសច្បាប់ធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់យ៉ាងខ្លាំង ដោយបានអំពាវនាវសុំកុំឱ្យបងប្អូនចេញទៅធ្វើការនៅក្រៅស្រុក ព្រោះការងារធ្វើនៅស្រុកខ្មែរ ក៏សម្បូរដែរនាពេលសព្វថ្ងៃនេះ ហើយប្រាក់ឈ្នួលក៏មិនខុសគ្នាប៉ុន្មានដែរ ៕
ចែករំលែកព័តមាននេះ