រាជធានីភ្នំពេញ ៖ ភ្ញៀវដែលទៅចូលរួមហូបការបានផឹកស៊ីស្រវឹងបង្កជម្លោះដេញវាយគ្នាធ្វើឲ្យផ្អើលពេញរោងការមួយកន្លែងដែល ស្ថិតនៅតាមផ្លូវលេខ៨០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៨ មេសា ២០១៣។
ប្រភពព័ត៌មានពីលោកនាយប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា រោងការមួយនេះមិនបានប្រាប់ឲ្យសមត្ថកិច្ចមកជួយយាមល្បាតនោះទេ រហូតមានការឈ្លោះប្រកែកគ្នាវាយផ្អើលរោងការទើប ម្ចាស់ដើមការរត់ទៅប្តឹងសមត្ថកិច្ចទាំងយប់ឲ្យទៅជួយអន្តរាគមន៍ ។
ប្រភពដដែលបន្តទៀតថា មូលហេតុនៃការវាយតប់គ្នានេះមិនមាននរណាដឹងពីមូលហេតុពិតប្រាកដនោះទេ គ្រាន់តែដឹងថា បន្ទាប់ពីផឹកស៊ីស្រវឹងរៀងខ្លួនហើយ ខណៈពេលភ្ញៀវខ្លះកំពុងតែឡើងរាំ ខ្លះកំពុងតែអង្គុយហូបចុកបន្តទៀត ស្រាប់តែបុរសវ័យចំណាស់មួយក្រុមបានឈ្លោះប្រកែកគ្នា ហើយគប់កែវគប់ចានហោះពេញរោងការរហូតវាយគ្នាទៅវិញទៅមកធ្វើឲ្យផ្អើលចុងភៅប្រមូលតុកៅអី រីឯអ្នកភ្លេងកំពុងច្រៀងនាំគ្នាសារោងរៀបចំរបស់របរទុកដាក់រៀងៗខ្លួន ។ ក្នុងហេតុការណ៍វាយតប់គ្នានេះបណ្តាលឲ្យមានអ្នករងរបួស២នាក់ អង្គុយជូតឈាម៕
ចែករំលែកព័តមាននេះ