រាជធានីភ្នំពេញ ៖ រថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ កំពុងបើកបរតាមដងផ្លូវ ស្រាប់តែបុរសម្នាក់ស្រវឹងជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ជ្រុលទៅបុកពីក្រោយរថយន្ត ធ្វើឱ្យបែកស្តុប និងក្រពឹតកាងក្រោយ អ្នកបើកម៉ូតូដួលសន្លប់មួយសន្ទុះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀបចំសែងយកទៅព្យាបាល ឯជនរងគ្រោះប្រាប់ថារូបគេអត់ខុសអ្វីទេ កុំចាប់រូបគេ ហើយបានស្ទុះងើបរត់ប្រុងជិះម៉ូតូឌុបត្រូវឃាត់ខ្លួនបាន ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីល្ងាច ថ្ងៃទី៣១ មីនា នៅមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តាមផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្ត និងម៉ូតូសង់កូរ៉េបើកស្របទិសគ្នា ពីជើងទៅត្បូង ខណៈមកដល់ចំណុចខាងលើ អ្នកបើកម៉ូតូស្រវឹងបានជ្រុលទៅបុកពីក្រោយរថយន្តហាយឡិនឌ័រ ធ្វើឱ្យក្រពឹតកាងក្រោយ និងបែកស្តុប អ្នកបើកម៉ូតូដួលសន្លាប់មួយសន្ទុះ ត្រូវក្រុមរថយន្តសង្គ្រោះមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រុងលើកដាក់ប្រង់កាយកទៅព្យាបាល ស្រាប់តែជនរងគ្រោះដឹងខ្លួនវិញ មិនព្រមទៅព្យាបាលទេ បាននិយាយថា រូបគេមានកំហុសអ្វីបានជាចាប់គេបែបនេះ ហើយបានស្ទុះរត់ប្រុងទៅជិះម៉ូតូឌុប ត្រូវឃាត់ខ្លួនបានមកនិយាយគ្នា បានបន្តិចរត់ចុះតាមស្ពានភូមិចំរើនផលម្តងទៀតត្រូវបានឃាត់ខ្លួន ។
ក្រោយកើតហេតុ សាច់ញាតិជនរងគ្រោះបានមកសំពះអង្វរម្ចាស់រថយន្តថា ក្រុមគ្រួសារជនរងគ្រោះក្រីក្រណាស់ មិនមានប្រាក់សងទេ ខាងរថយន្តសុខចិត្តមិនយកសំណង ប៉ុន្តែតម្រូវឱ្យសមត្ថកិច្ចយកអ្នកបើកម៉ូតូទៅអប់រំឱ្យយល់ពីច្បាប់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ