រាជធានីភ្នំពេញ ៖ សមត្ថកិច្ចប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃសហការជាមួយកម្លាំងប៉ូលិសមូលដ្ឋានប៉ុស្តិ៍ចោមចៅដោយមានការចូលរួមពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅធ្វើការឆែកឆេរនិងបង្ក្រាបទីតាំងឃ្លាំងស្តុកសារធាតុគីមីមួយកន្លែងដ៏ធំ ដោយបានរកឃើញនិងដកហូតសារធាតុគីមីជាង២០មុខ ស្មើនឹងជាង៦០តោន ព្រមទាំងឃាត់ខ្លួនជនជាតិចិនចំនួន៥នាក់ដែលជាម្ចាស់សារធាតុគីមីនោះផងដែរ ។
ប្រតិបត្តិការខាងលើនេះបានប្រព្រឹត្តទៅកាលពីវេលាល្ងាចថ្ងៃទី១៨ មីនា ដែលទីតាំងខាងលើស្ថិតនៅក្នុងក្រុមទី៤ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ កម្លាំងសមត្ថកិច្ចខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឡុងស្រេង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សុមេ ធី ប្រធាននាយកដ្ឋាន ។ នៅក្នុងកិច្ចប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានរកឃើញសារធាតុគីមីជាង២០មុខ និងមានទម្ងន់ប្រហែលជាង៦០តោន ប៉ុន្តែនៅមិនទាន់បានកំណត់ថាសារធាតុគីមីប្រភេទអ្វីនៅឡើយទេ ដោយសមត្ថកិច្ចសង្ស័យថាសារធាតុគីមីនោះអាចផលិតជាគ្រឿងញៀនបានផងដែរ ។
សមត្ថកិច្ចបានឱ្យដឹងថា ទីតាំងឃ្លាំងខាងលើជាកម្មសិទ្ធិរបស់បុរសជនជាតិខ្មែរម្នាក់ ដែលបានជួលទៅឱ្យជនជាតិចិនធ្វើជាទីតាំងសម្រាប់ស្តុកសារធាតុគមីទាំងអស់នោះ ។ នៅពេលសមត្ថកិច្ចចុះទៅដល់ពួកគេបានប្រាប់ថា ជាតិគីមីទាំងនោះទុកសម្រាប់លាយជ្រលក់ក្រណាត់តែប៉ុណ្ណោះ ប៉ុន្តែការដោះសាខាងលើមិនត្រូវបានសមត្ថកិច្ចជឿនោះទេ ។ ស្របពេលនោះលោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង បានបញ្ជាកម្លាំងឱ្យឃាត់ខ្លួននិងវ៉ៃខ្នោះដៃជនជាតិចិនចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ និងបាននាំខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង ។
ដោយខណៈពេលនោះយប់ទៅហើយកិច្ចការទាំងនោះត្រូវផ្អាកមួយរយៈសិន លុះព្រឹកឡើងថ្ងៃទី១៩ មីនា ទើបសមត្ថកិច្ច ចុះទៅត្រួតពិនិត្យបន្តម្តងទៀត ៕
ចែករំលែកព័តមាននេះ