ខេត្តព្រះវិហារ ៖ យ៉ាងហោចណាស់ មនុស្ស៣នាក់ត្រូវចោរបាញ់សម្លាប់ក្នុងអំពើប្លន់យកម៉ូតូមួយគ្រឿងតាមដងផ្លូវ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ មីនា ស្ថិតនៅចំណុចផ្លូវកែងចូលទៅកាន់ភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត ។
អំពើប្លន់ដ៏សាហាវព្រៃផ្សែបំផុតដែលក្រុមចោរប្រដាប់អាវុធបានបាញ់សម្លាប់មនុស្សដល់ទៅ៣នាក់នេះ បានកើតឡើងខណៈពេលដែលជនរងគ្រោះជាអាជីវករលក់ដូរនៅក្នុងផ្សារស្រឯម មានទីលំនៅភូមិធម្មជាតិ ឃុំស្រឯម ស្រុកជាំក្សាន្ត បានធ្វើដំណើរដោយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ទៅលក់ដូរនៅឯផ្សារស្រឯមដូចសព្វមួយដង ។ ប៉ុន្តែជាអកុសលពេលធ្វើដំណើរមកដល់ផ្លូវចេញពីភូមិធម្មជាតិតាមបណ្តោយផ្លូវជាតិលេខ៦២ ក៏ត្រូវបានក្រុមចោរប្រដាប់ដោយកាំភ្លើងអាកាបានបាញ់រះទៅលើខ្លួនប្រាណដូចបាញ់សត្វ បណ្តាលឱ្យមនុស្ស៣នាក់នោះស្លាប់ភ្លាមៗនៅនឹងកន្លែង ។
លោកប្រាក់ ភី មេឃុំស្រឯមបានបញ្ជាក់ពីអំពើប្លន់នេះប្រាប់កោះសន្តិភាពឱ្យដឹងថា ជនរងគ្រោះ៣នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងភ្លាមៗ ហើយក្រុមចោរក៏បានយកម៉ូតូវ៉េវពណ៌ខ្មៅមួយគ្រឿង និងទ្រព្យសម្បត្តិមួយចំនួនរួចជិះម៉ូតូដែលប្លន់បានគេចខ្លួនបាត់។ ជនរងគ្រោះដែលត្រូវក្រុមចោរអាកាបាញ់សម្លាប់នោះមាន ៖
១-ឈ្មោះ មឿន សុខខឿន ភេទស្រី អាយុ៣៨ឆ្នាំ ត្រូវមួយគ្រាប់ចំពីក្រោយខ្នងធ្លាយទៅក្រោមដោះខាងឆ្វេង ។
២-ឈ្មោះ ទូច សាប៊ន់ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវចំគល់ចង្កេះខាងស្តាំមួយគ្រាប់ធ្លាយទៅក្រោមដោះខាងឆ្វេង ។
៣-ឈ្មោះ ឆៀ សុភ័ក្រ ភេទប្រុស អាយុ៧ឆ្នាំ ជាកូន ត្រូវចំចិញ្ចើមធ្លាយមកមាត់មួយគ្រាប់។ ស្ត្រីរងគ្រោះមានរបរជាអ្នកលក់មាន់ ។ ក្រោយកើតហេតុបាញ់សម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនដៃដល់។
គួរបញ្ជាក់ផងដែរថា បញ្ហាសន្តិសុខនៅខេត្តព្រះវិហារបានកើតមានគួរឱ្យកត់សម្គាល់ជាច្រើន ធ្វើឱ្យប្រជាពលរដ្ឋចាប់ផ្តើមភ័យខ្លាចហើយ ដូចជាក្នុងខែមីនា ឆ្នាំ២០១៣ នេះមានករណីចោរលួចម៉ូតូជាច្រើនករណី និងចោរប្លន់ប្រដាប់អាវុធក៏កំពុងកើតមានច្រើនលើកក្នុងខេត្ត ហើយមកដល់ពេលនេះក៏មានការប្លន់បាញ់សម្លាប់ យកទ្រព្យសម្បត្តិ និងម៉ូតូទៀត ដែលមិនសង្ឃឹមថាសមត្ថកិច្ចនៅខេត្តព្រះវិហារមានសមត្ថភាពអាចកម្ចាត់បានឡើយ ។ នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសម្បកគ្រាប់អាកាចំនួន៤គ្រាប់ ។ ក្រោយកើតហេតុ សពជនរងគ្រោះទាំងបីនាក់ខាងលើត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តព្រៃវែងជាស្រុកកំណើត ។
ដោយឡែកបញ្ហាជំនួញឈើគ្រញូង តាមប្រភពពីមន្ត្រីយោធាខ្មែរនៅជួរមុខតាមបណ្តោយជួរភ្នំដងរែកថា ពលរដ្ឋខ្មែរច្រើនរយនាក់កំពុងស្ថិតនៅលើខ្នងភ្នំដងរែក ហើយបានចូលលួចកាប់ឈើគ្រញូងក្នុងដីថៃដោយខុសច្បាប់នៅឡើយ ដែលសកម្មភាពនេះកំពុងបង្កការព្រួយបារម្ភ ដោយសារតែត្រូវទាហានសៀមបាញ់ស្លាប់ជាបន្តបន្ទាប់ដែរ ៕
ចែករំលែកព័តមាននេះ